Microsoft ប្រើ​យុទ្ធសាស្ត្រ​មិន​ជ្រើសរើស​តារា BA យក​ឈ្នះ​គូ​ប្រកួតប្រជែង

  • 2015-06-23 18:25:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Microsoft នៅ​មិន​ទាន់​ពិចារណា​ក្នុង​ការ​ជ្រើសរើស​តារា​ជួរ​មុខ​កម្ពុជា​ណា​ម្នាក់​ធ្វើ​ជា​តារា​ផ្សព្វផ្សាយ (Brand Ambassador) ផលិតផល​ទូរសព្ទ​របស់​​ខ្លួន​ទេ ទោះ​បី​ដឹង​ថា​វា​អាច​ជះឥទ្ធិពល​ដល់​ការ​សម្រេច​ចិត្ត​ទិញ​ប្រើប្រាស់​ផលិតផល​​ពី​អតិថិជន​​ក៏​ដោយ។

 

 

លោក អ៊ី សុគន្ធ ប្រធាន​ផ្នែក​ទំនាក់ទំនង​របស់​ក្រុមហ៊ុន Microsoft ប្រចាំ​នៅ​កម្ពុជា​ឲ្យ​ដឹង​ថា ថ្វី​បើ​ទីផ្សារ​កំពុង​មាន​ការ​ប្រកួតប្រជែង​ខ្លាំង ហើយ​ការ​ជ្រើសរើស​តារា​ល្បី​ៗ​ក្នុង​ពិភព​សិល្បៈ​ធ្វើ​ជា​តារា​ផ្សព្វផ្សាយ​​​ផលិតផល​កំពុង​មាន​​សកម្មភាព​​ផុលផុស​​ខ្លាំង​ ប៉ុន្តែ​ក្រុមហ៊ុន​​លោក​​មិន​មាន​ផែនការ​ក្នុង​ការ​ជ្រើសរើស​តារា​សិល្បៈ​ណា​ម្នាក់ ដើម្បី​ធ្វើ​ជា​តារា​ផ្សព្វផ្សាយ​ផលិតផល​ទូរសព្ទ Microsoft នោះ​ទេ​។

 

លោក​ថា ក្រុមហ៊ុន​ទូរសព្ទ​មួយ​ចំនួន​បាន​ជ្រើសរើស​តារា​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ក្នុង​ពិភព​សិល្បៈ​ធ្វើ​ជាតារា​ផ្សព្វផ្សាយ BA ដើម្បី​​ជួយ​លើក​ស្ទួយ​ផលិតផល​​មាន​ទីផ្សារ​។

 

លោក​អ៊ី សុគន្ធ បញ្ជាក់​ថា Microsoft មាន​យុទ្ធសាស្ត្រ​ដាច់​ដោយ​ឡែក ដោយ​ក្រុមហ៊ុន​ផ្តោត​ទៅ​លើ​ការ​ធ្វើ​ជា​គម្រោង​ដែល​ធ្វើ​ឲ្យ​អតិថិជន​ស្គាល់​ពី​ផលិតផល​ទូរសព្ទ​របស់​ក្រុមហ៊ុន ជាជាង​​ការ​ធ្វើ​ប្រូម៉ូសិន​តាម​រយៈ​តារា​ផ្សព្វផ្សាយ។

 

កន្លង​ទៅ​នេះ​ក្រុមហ៊ុន Huawei និង Samsung បាន​ជ្រើសរើស​តារា​ជួរ​មុខ​កម្ពុជា​ដូចជា​កញ្ញា មាស សុខសោភា និង​កញ្ញា​ឱក សុគន្ធកញ្ញា​ធ្វើ​ជា​ទូត​សុច្ឆន្ទៈ​ផ្សព្វផ្សាយ​ផលិតផល​របស់​ខ្លួន។ ក្រុមហ៊ុន​ទាំង​នោះ​បាន​អះអាង​ថា ការ​ជ្រើសរើស​តារា​ល្បី​ៗ​​​ធ្វើ​ជា​តារា​ផ្សព្វផ្សាយ​មួយ​ចំណែក​ក៏​​​បាន​ជះឥទ្ធិពល​លើ​ការ​​លក់​ផលិតផល ដោយសារ​កេរ្តិ៍ឈ្មោះ​របស់​ពួកគេ​បាន​​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​​ពី​មហាជន។

 

លោក​ថា ក្រុមហ៊ុន Microsoft ​ប្រើ​យុទ្ធសាស្រ្ត​​ដោយ​ធ្វើការ​សហការ​ជាមួយ​ដៃគូ​នានា​ដើម្បី​នាំ​ប្រយោជន៍​ដល់​​អតិថជន ជាពិសេស​ក្រុមហ៊ុន​ក៏​នឹង​ខិតខំ​ពង្រឹង​លើ​ផលិតផល​ ដើម្បី​ប្រកួតប្រជែង​និង​ទទួល​ការ​គាំទ្រ​ពី​អ្នក​ប្រើប្រាស់​។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទថ្មី