ម្នាក់​ទៀត​ហើយ! PUMA ចុះ​កុងត្រា​២​ឆ្នាំ​ជា​មួយ​ គួច​ សុកុម្ភៈ ធ្វើ​​ជា​ ទូត​សុឆន្ទៈ​ប្រចាំ​កម្ពុជា​

  • 2015-06-26 22:46:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​​សម្ភារៈ​កីឡា​ Puma ដ៏​ល្បី​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​​ចុះ​កុង​ត្រា​ជា​មួយ​​សមាជិក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ និង​ក្លិប​ណាហ្គាវើល​ គួច​ សុកុម្ភៈ ធ្វើ​ជា​ទូត​សុឆន្ទៈ​រយៈ​ពេល​ពីរ​ឆ្នាំ​ដែល​​កុងត្រា​នេះ​បាន​ក្លាយ​ជា​កីឡាករ​បាល់ទាត់​​ទី​ពីរ​របស់​ PUMA​ ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ ​បន្ទាប់​ពី​បាន​ចុះ​កុងត្រា​ជា​មួយ​សមាជិក​ក្លិប​បឹងកេត​អង្គរ​ ឃួន ឡាបូរ៉ាវី កាល​ពី​ដើម​ខែ​​មិថុនា​នេះ។

 

កីឡាករ គួច សុកុម្ភៈ និង​ប្រធាន​ក្រុម​ហ៊ុន META SPORT លោក កុក កាន់រតនា ក្នុង​ពិធី​ចុះ​ហត្ថលេខា​​កាល​ពី​ម៉ោង​១២​ថ្ងៃ​នេះ

 

ដើម្បី​ជួយ​​លើក​កម្ពស់​ និង​ផ្ដល់​តម្លៃ​ដល់​កីឡាករ​បាល់ទាត់​​ខ្មែរ​ ព្រម​ទាំង​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កីឡា​នៅ​ប្រទេស​កម្ពុជា​ ក្រុម​ហ៊ុន META SPORT​ ដែល​ជា​អ្នក​នាំ​ចូល​ផលិតផល​កីឡា​ម៉ាក​ Puma​ ផ្តាច់​មុខ​នៅ​ប្រទេស​កម្ពុជា​បាន​សម្រេច​ចុះ​កុងត្រា​រយៈ​ពេល​២​ឆ្នាំ​ជា​មួយ​កីឡាករ​​​បាល់ទាត់​ដ៏​​ល្បី​របស់​​ក្លិប​ណាហ្គាវើល​ គួច សុកុម្ភៈ​ ដើម្បី​ធ្វើ​ជា​តំណាង​ផ្សព្វផ្សាយ​របស់​ខ្លួន។​

 

លោក​ កុក កាន់រតនា​ ប្រធាន​ក្រុម​ហ៊ុន​ META SPORT បាន​និយាយ​ថា​ លោក​មាន​សេចក្តី​សោមនស្ស​រីក​រាយ​ដែល​បាន​រួម​ចំណែក​ជួយ​ដល់​កីឡាករ​បាល់ទាត់​ខ្មែរ​ និង​ជួយ​បង្កើន​ការ​អភិវឌ្ឍ​វិស័យ​កីឡា​នៅ​ប្រទេស​កម្ពុជា​ ហើយ​នៅ​ពេល​ខាង​មុខ​លោក​គ្រោង​នឹង​បន្ត​ចុះ​កុងត្រា​ជា​មួយ​កីឡាករ​ផ្សេង​ទៀត​ និង​​ធ្វើ​សកម្មភាព​ជា​ច្រើន​ទៀត​ដើម្បី​ជួយ​បណ្ដុះបណ្ដាល​កីឡាករ​ខ្មែរ​ជំនាន់​ក្រោយ។

 

លោក​លើក​ឡើង​ថា ៖«យើង​ដឹង​ហើយ​ថា​ អ្នក​កីឡា​មិន​សូវ​គេ​ចាប់​អារម្មណ៍​ច្រើន​ដូច​អ្នក​សិល្បៈ​ទេ​ ពោល​គឺ​ភាគ​ច្រើន​ គេ​យក​អ្នក​សិល្បៈ​ធ្វើ​ជា​តំណាង​ផ្សព្វផ្សាយ​ឲ្យ​ផលិត​ផល​របស់​គេ​ ប៉ុន្តែ​សម្រាប់ PUMA គឺ​​ផ្តោត​លើ​កីឡា​ ដូច្នេះ​ហើយ​ទើប​បាន​ជា​យើង​​បន្ត​ចុះ​កុងត្រា​​ជា​មួយ​ គួច​ សុកុម្ភៈ ម្នាក់​ទៀត បន្ទាប់​ពី​យើង​បាន​ចុះ​កុងត្រា​ជា​មួយ​ ឃួន ឡាបូរ៉ាវី​ កាល​ពី​ដើម​ខែ​​នេះ»។

 

«យើង​មិន​ឈប់​នៅ​ត្រឹម​នេះ​ទេ​ យើង​នៅ​បន្ត​ចុះ​កុងត្រា​ជា​មួយ​កីឡាករ​ផ្សេង​ទៀត​​ដើម្បី​ធ្វើ​ជា​ទូត​សុឆន្ទៈ​របស់​ PUMA ដែល​ពួក​គាត់​នឹង​​ជួយ​បណ្ដុះបណ្ដាល​ក្មេង​ៗ​ជំនាន់​ក្រោយ​តាម​រយៈ​​ PUMA​ដោយ​នាំ​មក​នូវ​ការ​ចែក​រំលែក​បទពិសោធន៍ ក៏​ដូច​ជា​ការ​ដឹក​នាំ​គំរូ​សម្រាប់​ក្មេង​ជំនាន់​ក្រោយ​ដែល​ចាប់​យក​កីឡា​បាល់ទាត់​ជា​វិជ្ជាជីវៈ»។

 

 

ចំណែក​ គួច សុកុម្ភៈ បាន​បង្ហាញ​អារម្មណ៍​សប្បាយ​រីក​រាយ​ដែល​បាន​ក្លាយ​ជា​តំណាង​ផ្សព្វផ្សាយ​ឲ្យ​ផលិត​ផល​ PUMA។ លោក​ថា សកម្មភាព​របស់​ PUMA មិន​ត្រឹម​តែ​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ផ្ទាល់​ខ្លួន​របស់​គេ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ជា​ការ​ផ្តល់​តម្លៃ​ដល់​​រូប​លោក​ ក៏​ជា​ដូច​ជា​ជួយ​អភិវឌ្ឍ​ដល់​វិស័យ​កីឡា​នៅ​កម្ពុជា។

 

លោក​បាន​និយាយ​ថា ៖«នេះ​ជា​​លើក​ទី​១​ហើយ​ក្នុង​ជីវិត​បាល់ទាត់​របស់​ខ្ញុំ​ដែល​មាន​គេ​ជួយ​ឧបត្ថម្ភ​បែប​នេះ​។ ខ្ញុំ​គិត​ថា នេះ​ការ​ផ្តល់​តម្លៃ​ដល់​រូប​​ខ្ញុំ និង​ជួយ​លើក​កម្ពស់​វិស័យ​កីឡា​នៅ​កម្ពុជា។ ខ្ញុំ​​សង្ឃឹម​ថា ក្រុម​ហ៊ុន​នឹង​ជួយ​ដល់​កីឡាករ​ផ្សេង​ទៀត។ ខ្ញុំ​ក៏​ទទួល​បាន​ប្រយោជន៍ ហើយ​ក្រុម​ហ៊ុន​ក៏​ទទួល​បាន​ប្រយោជន៍​ដែរ»។

 

PUMA​ ជា​ផលិតផល​កីឡា​ដ៏​ពេញ​និយម​មួយ​នៅ​លើ​ពិភព​លោក​ដែល​កំពុង​ឧបត្ថម្ភ​គាំទ្រ​ដល់​សកម្មភាព​កីឡា​ និង​កីឡាករ​នៅ​ក្នុង​​ប្រទេស​ជា​ច្រើន​លើ​​ពិភព​លោក​​ដូច​ជា​ក្រុម​បាល់ទាត់​កាំភ្លើង​ធំ​ Arsenal,​ Newcastle United​ នៅ​​អង់គ្លេស​, Borussia Dortmund​ នៅ​អាល្លឺម៉ង់​ និង​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​ ក៏​ដូច​ជា​កីឡាករ​ទូត​សុឆន្ទៈ​ Cesc Fàbregas,​ Sergio Aguero, Falcao, Mario Balotelli, Hector Bellerin,​ Marco Reus។

 

ក្រុម​ហ៊ុន​ META SPORT ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ដែល​លក់​​ផ្តាច់​មុខ​ផលិត​ផល​​ PUMA​ សុទ្ធ​១០០​%​ ទាន់​រដូវ​កាល​ (Inline-store) ​តម្លៃ​ដូច​គ្នា​នឹង​ផលិត​ផល​ PUMA​ ជុំ​វិញ​ពិភព​លោក​ និង​មិន​មាន​លក់​ផលិតផល​ហួស​រដូវ​កាល​ (Outlet Store) ​មាន​លក់​នៅ​ហាង​ពីរ​គត់​​នា​ពេល​បច្ចុប្បន្ន​គឺ​ហាង​នៅ​ផ្សារ​ទំនើប​ Aeon និង​ហាង​​នៅ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ជិត​ការដ្ឋាន​សាង​សង់​ស្ពាន​អាកាស​ តិចណូ៕

 

 

 

អត្ថបទ៖ ជាន ចាន់រ៉ា​