World Cup នារី៖ អាមេរិកឈ្នះអាល្លឺម៉ង់ ២-០ ឡើងវគ្គផ្ដាច់ព្រ័ត្រ
- 2015-07-01 16:43:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
World Cup នារី៖ អាមេរិកឈ្នះអាល្លឺម៉ង់ ២-០ ឡើងវគ្គផ្ដាច់ព្រ័ត្រ
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់នារីរបស់អាមេរិកបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រហើយ បន្ទាប់ពីបានយកឈ្នះក្រុមអាល្លឺម៉ង់ ២-០ កាលពីព្រឹកមិញនេះក្នុងព្រឹត្តិការណ៍ Women's World Cup ឆ្នាំ២០១៥ ដែលធ្វើឡើងនៅប្រទេសកាណាដា។
អាល្លឺម៉ង់ដែលជាក្រុមខ្លាំងមួយនៅអឺរ៉ុប បានធ្លាក់ចេញពីការប្រកួតត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របន្ទាប់ពីចាញ់អាមេរិកដោយលទ្ធផល២-០។ ២គ្រាប់ដែលជួយអាមេរិកឡើងទៅវគ្គផ្ដាច់ព្រ័ត្រធ្វើបានដោយកីឡាការិនី Carli Lloyd ទាត់បាល់ពិន័យ១១ម៉ែត្រនៅនាទី៦៩ និង Kelley O'Hara ស៊ុតបានមួយគ្រាប់ទៀតនៅនាទី៨៤។
ក្រុមអាល្លឺម៉ង់មានឱកាសរកគ្រាប់បាល់នាំមុខមុនតាំងពីនាទី៥៩មកម្ល៉េះដោយការស៊ុតបាល់ពិន័យ១១ម៉ែត្រ ប៉ុន្តែគួរឱ្យសោកស្ដាយកីឡាការិនី Celia Sasic បែរជាធ្វើមិនបានសម្រេចទៅវិញ។
អាមេរិកនឹងត្រូវរង់ចាំការប្រកួតរវាងក្រុមជប៉ុន និងអង់គ្លេសសិននៅម៉ោង៦ព្រឹកស្អែកនេះ ដើម្បីដឹងថាក្រុមណានឹងបានឡើងមកប៉ះពួកគេនៅវគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមយកពានបាល់ទាត់នារីពិភពលោក FIFA Women World Cup ៕
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ FIFA