មេរោគមរណៈអេបូឡារីករាលដាលជាថ្មី ក្រោយឆក់យកជីវិតមនុស្សជាង១ម៉ឺននាក់
- 2015-07-02 18:16:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេរោគមរណៈអេបូឡារីករាលដាលជាថ្មី ក្រោយឆក់យកជីវិតមនុស្សជាង១ម៉ឺននាក់
ចន្លោះមិនឃើញ
កាលពីចុងឆ្នាំ២០១៤ មេរោគមរណៈអេបូឡាបានរីករាលដាលយ៉ាងឆាប់រហ័សក្នុងប្រទេសចំនួនបីនៅទ្វីបអាហ្វ្រិក សម្លាប់ជីវិតមនុស្សអស់ជាង ១១០០០នាក់។ ក្រោយស្ងប់ស្ងាត់ មេរោគកំណាចនេះ បានរីករាលដាលជាថ្មី បន្ទាប់ពីប្រទេសលីបេរីយ៉ាបញ្ជាក់ពីករណីឆ្លងទីពីរ។
ប្រទេសលីបេរីយ៉ាបានអះអាងថារួចផុតពីមេរោគមរណៈអេបូឡា រយៈពេលជាង ៧សប្ដាហ៍កន្លងទៅ។ យ៉ាងណាមិញ តាមសារព័ត៌មាន BBC របស់ចក្រភពអង់គ្លេសបានឲ្យដឹងថា អាជ្ញាធរលីបេរីយ៉ាបានបញ្ជាក់ពីករណីឆ្លងមេរោគជាថ្មី បន្ទាប់ពីការស្លាប់របស់ក្មេងជំទង់ម្នាក់កាលពីថ្ងៃអាទិត្យ និងមនុស្សម្នាក់ផ្សេងទៀតឆ្លងមេរោគកាលពីពេលថ្មីៗនេះ។
រូបរាងមេរោគអេបូឡា
ក្រសួងព័ត៌មានរបស់ប្រទេសលីបេរីយ៉ាបានឲ្យដឹងថា ករណីឆ្លងថ្មីស្ថិតនៅភូមិ Nedowein ជាតំបន់ដែលក្មេងជំទង់ស្លាប់កាលពីថ្ងៃអាទិត្យ។ ក្រោយកើតហេតុ អាជ្ញាធរបានសម្រេចចិត្តដាក់តំបន់រងគ្រោះឲ្យស្ថិតនៅដាច់ឆ្ងាយពីគេ។
អ្នករាយការណ៍របស់សារព័ត៌មាន BBC លោក Jonathan Paye-Layleh បាននិយាយថា បុរសដែលធ្វើតេស្តរកឃើញជំងឺអេបូឡាជាថ្មីនេះ មិនបានរស់នៅជាមួយក្មេងជំទង់ឡើយ ហើយពេលនេះគេបានបញ្ជូនលោកទៅកាន់មជ្ឈមណ្ឌលព្យាបាល។ ពុំមានការបញ្ជាក់ថា ក្មេងជំទង់ និងបុរសម្នាក់នេះឆ្លងមេរោគអេបូឡាដោយរបៀបណានោះទេ។
គិតចាប់តាំងពីចុងឆ្នាំ២០១៣មក មេរោគកំណាចអេបូឡាបានឆក់យកជីវិតមនុស្សជាង ១១០០០នាក់ ខណៈប្រទេសបីនាទ្វីបអាហ្វ្រិកខាងលិចរងគ្រោះធ្ងន់ធ្ងរជាងគេ ដែលក្នុងមានប្រទេសហ្គីណេ សេរ៉ាឡេអូន និងប្រទេសលីបេរីយ៉ា។ មេរោគនេះអាចឆ្លងយ៉ាងឆាប់រហ័សតាមរយៈការប៉ះពាល់ស្បែកដែលមានរបួស ឈាម កម្អួត សំបោរ ឬសារធាតុរាវផ្សេងទៀតដែលមាននៅលើខ្លួនមនុស្ស៕
តាមដានព័ត៌មានជាច្រើនទៀតទាក់ទងនឹងមេរោគអេបូឡា៖ សូមចុចទីនេះ
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ BBC