យូរ​ហើយ យ៉ាដាវ អត់​មាន​ឡាន​ផ្ទាល់​ខ្លួន ឥឡូវ​កំពុង​ប្រឹង​សន្សំ

  • 2015-07-07 17:14:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ងាត់​ៗ​តារា​សម្ដែង អេន យ៉ាដាវ បាន​បង្ហើប​ថា នាង​កំពុង​សន្សំ​ប្រាក់​បាន​មក​ពី​ការងារ​សម្ដែង​របស់​នាង​ទុក​ទិញ​រថយន្ត​ធុន​កណ្ដាល​មួយ​គ្រឿង ក្រោយ​ប្រឡូក​យូរ​ហើយ​នៅ​មិន​ទាន់​មាន​ជា​របស់​ផ្ទាល់​ខ្លួន។

 

 

ស្រី​ស្រស់​រាង​រាវ​រូប​នេះ ប្រាប់​ថា កន្លង​មក​នេះ នាង​ប្រើ​តែ​រថយន្ត​របស់​គ្រួសារ ដែល​ជួន​កាល​ខ្ចី​រថយន្ត​ម៉ាក​កាមេរី​បាឡែន​របស់​ប្អូន​ជីដូន​មួយ ជួន​រថយន្ត Lexus គ្រួសារ។ "ពិបាក​ណាស់ របស់​គេ​មិន​ដូច​របស់​យើង​ទេ បង​ប្អូន​គេ​មិន​កំណាញ់​ទេ តែ​ជួន​យក​របស់​គេ ចំ​គេ​រវល់​ដែរ គឺ​ពិបាក​មែន​ទែន អីចឹង​ហើយ​មាន​តែ​សន្សំ​ទិញ​ខ្លួន​ឯង​ទេ បាន​ស្រួល"។ យ៉ាដាវ ថ្លែង។

 

តាម​គម្រោង​ខាង​លើ តារា​ស្រី​ក្នុង​រឿង "ខ្ញុំ​ថា​ខូច ខូច​មែន" រូប​នេះ កំពុង​ប្រឹង​សន្សំ​ប្រាក់ ដោយ​នាង​ត្រូវ​ការ​ខ្ទង់​ជាង ១ម៉ឺន ទៅ ២ម៉ឺន​ដុល្លារ​ដើម្បី​ដើរ​មើល​រថយន្ត​មួយ​គ្រឿង ហើយ​ឥឡូវ​ជិត​គ្រប់​ហើយ។ "ប្រឹង​សន្សំ​ណាស់​សព្វ​ថ្ងៃ រក​បាន ៥០ ចាយ​វិញ ១០០។ ហាហា....និយាយ​លេង​ទេ ខំ​សន្សំ​មែន មិន​សូវ​ហ៊ាន​ចំណាយ​ផ្ដេសផ្ដាស​ទេ​បង ព្រោះ​មិន​ចង់​ពាក់​ព័ន្ធ​លុយ​អ្នក​ផ្ទះ"។

 

រថយន្ត​ក្នុង​ក្ដី​ស្រមៃ​របស់ យ៉ាដាវ គឺ​កាមេរី​បាឡែន ដូច​នឹង​អ្វី​ដែល​ធ្លាប់​ប្រើ​ប្រាស់​កន្លង​មក​នេះ​ដែរ។ នាង​ប្រាប់​ថា ចង់​បាន​រថយន្ត​ប្រភេទ​នេះ ដោយ​សារ​ធ្លាប់​ប្រើ ឃើញ​ថា​គួរ​ឲ្យ​ពេញ​ចិត្ត​ផ្សំ​នឹង​តម្លៃ​មិន​ខ្ពស់​ហួស​សមត្ថភាព​នាង​ពេក​ផង ទើប​ចង់​បាន​ជា​របស់​ខ្លួន​ឯង។

 

 

ដាវ ថ្លែង​ថា "ពី​មុន​ជិះ​អា​បាឡែន​ដែរ តែ​ជា​របស់​គេ ឥឡូវ​ចង់​ទិញ​អា​បាឡែន​អី​ហ្នឹង​ទៀត ធ្វើ​ជា​របស់​ខ្លួន​ឯង តែ​មិន​ដឹង​បាន​ឆាប់​ៗ​ហ្នឹង ឬ​យ៉ាង​ណា​ទេ​បង​អ្ហើយ!"។

 

តារា​ស្រី​ដែល​ទើប​ត្រូវ​គេ​បង្ខូច​តាម Facebook ថា​ជា​នារី​លក់​ខ្លួន​រូប​នេះ រថយន្ត​ក៏​នាង​ត្រូវ​ការ ប៉ុន្តែ​ក៏​នៅ​មាន​កិច្ចការ​ជា​ច្រើន​ទៀត ដែល​នាង​ត្រូវ​ធ្វើ​ហើយ​ត្រូវ​ប្រើ​ប្រាស់​ប្រាក់​សន្សំ​ទាំង​នោះ​ដែរ។ ដូច្នេះ​ហើយ នាង​មិន​ទាន់​ប្រាកដ​ខ្លួន​ឯង​ឡើយ​ថា អាច​កើត​ឡើង​ក្នុង​ពេល​ឆាប់​ៗ​នេះ។ "ប្រហែល​ជា​មិន​អាច​ឆាប់ តែ​ជួន​កាល​ក៏​អាច​ឆាប់​ៗ​ហ្នឹង​ក៏​ថា​បាន​ដែរ។ និយាយ​ទៅ នឹង​ខំ​ឲ្យ​ទាល់​តែ​បាន!"៕

 

 

 

រូបភាព៖ ផ្ដល់​ដោយ យ៉ាដាវ

អត្ថបទ៖ ទារិកា