នំគ្រក់ខ្មែរសុទ្ធសាធល្បីឆ្ងាញ់ផ្អើលផ្សារបឹងកេងកង
- 2015-07-08 16:13:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នំគ្រក់ខ្មែរសុទ្ធសាធល្បីឆ្ងាញ់ផ្អើលផ្សារបឹងកេងកង
ចន្លោះមិនឃើញ
"នំគ្រក់ជ្រលក់ទឹកត្រី" ជាអាហារសម្រន់របស់ខ្មែរសុទ្ធសាធដែលមានតាំងពីយូររហូតដល់បច្ចុប្បន្ន ហើយនំគ្រក់ក៏នៅតែជាអាហារដ៏ពេញនិយមសម្រាប់ប្រជាជនខ្មែរដដែល។ គេសង្កេតឃើញមានកន្លែងលក់នំគ្រក់មួយកន្លែងក្នុងផ្សារបឹងកេងកងលក់ជាលក្ខណៈគ្រួសារ ល្បីឆ្ងាញ់ផ្អើលដល់ថ្នាក់មនុស្សឈរតម្រងជួលគ្នាចាំទិញទៀត។
ចុះប្រិយមិត្តមានឆ្ងល់ទេថា គ្រាន់តែនំគ្រក់សោះមានអ្វីពិសេស ឆ្ងាញ់ប៉ុណ្ណា បានដល់ថ្នាក់ផ្អើលទៅញ៉ាំអីចឹង?
មានទាំងចាស់ មានទាំងក្មេងអង្គុយជុំវិញចង្ក្រានដុតអុសបួន អំបែងបួន ម្នាក់ៗរុំមុខជិតព្រោះត្រូវទប់ទល់នឹងកម្ដៅភ្លើងចង្ក្រានអុសដ៏សន្ធោសន្ធៅ ។ ដៃចាក់បណ្ដើរ និយាយប្រាប់ Sabay បណ្ដើរថា នំគ្រក់សំខាន់បំផុតគឺភ្លើង និងខ្លាញ់។ បើភ្លើងក្ដៅគ្រប់គ្រាន់ ខ្លាញ់គ្រប់គ្រាន់ហើយ គឺចាក់នំបានស្រួយល្អឆ្ងាញ់តែម្ដង។ នេះជាការលើកឡើងរបស់អ្នកលក់ វណ្ណ ចាន់ឌី។
ចាន់ឌី បន្តថា នំគ្រក់របស់គាត់គ្មានប្រើអ្វីក្រៅពីអង្ករខ្មែរយើងសុទ្ធសាធ មិនមានដាក់ម្សៅធ្វើឲ្យស្រួយ ឬជាតិគីមីអ្វីទេ។ ធម្មតាក្នុងមួយថ្ងៃ ប្រើអង្ករអស់ជាង២០គីឡូ ដូង១៦ផ្លែ ទៅ១៧ផ្លែ ក៏ព្រោះតែតម្លៃសមរម្យ ពោលគឺគិតមួយប្រអប់ ឬមួយដុំ ៥០០រៀល ក្នុងមួយចានមាន ៦ប្រអប់។
នំគ្រក់ក្រៅពីមានរសជាតិឈ្ងុយឆ្ងាញ់ ក្ដៅស្រួយហើយសំខាន់គឺទឹកត្រី។ អ្នកលក់ចាស់វស្សារូបនេះបញ្ជាក់ថា រៀងរាល់ថ្ងៃ គាត់តែងតែទទួលនូវគំនិតរិះគន់អំពីរសជាតិពីភ្ញៀវរបស់គាត់ដើម្បីកែសម្រួលតម្រូវតាមភ្ញៀវរហូតដល់ឥឡូវរសជាតិឆ្ងាញ់ជាប់ចិត្តជក់មាត់មួយចានហើយ ចង់តែថែមមួយចានទៀត។
នំគ្រក់បឹងកេងកងចាប់លក់ពីម៉ោង១ថ្ងៃ ដល់ម៉ោង៥ល្ងាច។ ទូរសព្ទ 012 415 272/ 077 772 797៕
https://www.youtube.com/watch?v=J2ZOd-d6I8Y
ចង់មើលព័ត៌មានអាហារជាច្រើនទៀត សូមចុចទីនេះ...
អត្ថបទ៖ សុខអូន