​តារា ៣ រូប​នេះ​ ទទួល​ងារ​ជា​ឯកអគ្គរាជ​ទូត​សុឆន្ទៈ​ របស់​អង្គការ​អន្តរជាតិ​ក្នុង​ឆ្នាំ ២០១៥

  • 2015-07-15 16:17:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ការ​កត់​សម្គាល់​ថា ​ឆ្នាំ ២០១៥ នេះ មាន​អ្នក​សិល្បៈ​ខ្មែរ ៣ ដួង បាន​ទទួល​ងារ​ជា​ឯក​អគ្គរាជទូត​សុឆន្ទៈ​ប្រចាំ​កម្ពុជា​របស់​អង្គការ​អន្តរជាតិ​នានា ក្រោយ​ពួក​គេ​បាន​ធ្វើ​សកម្មភាព​ជួយ​សង្គម​យ៉ាង​ផុលផុស​កន្លង​មក។ តើ​មាន​តារា​រូប​ណា​ខ្លះ​ទៅ​ហ្ន?

 

១. មាស សុខសោភា៖ បាន​ទទួល​ងារ​ជា​ឯក​អគ្គរាជទូត​សុឆន្ទៈ ​របស់​អង្គការ​មនុស្សធម៌​កូរ៉េ​មាន​ឈ្មោះ​ថា W Foundation/ Cambodia កាល​ពី​ថ្ងៃ​ទី ៣០ ​មិថុនា ២០១៥ តាម​រយៈ​គម្រោង​មួយ​ហៅ​ថា HIP។ គម្រោង​នេះ​ផ្ដោត​សំខាន់​លើ​ការ​ថែទាំ និង​ អប់រំ​សុខភាព​ដល់​កម្មការិនី​ខ្មែរ កំពុង​បំពេញ​ការងារ​នៅ​រោង​ចក្រ​កាត់ដេរ​កូរ៉េ​ក្នុង​ប្រទេស​កម្ពុជា។

 

ក្រៅ​ពី​គម្រោង​នេះ សោភា ក៏​ត្រូវ​បាន​គេ​កត់​សម្គាល់​ឃើញ​ថា តែង​ចុះ​ទៅ​ដល់​ផ្ទះ​ប្រជាពលរដ្ឋ និង ​កុមារ​ក្រីក្រ​ជា​ញឹកញាប់​ដើម្បី​សួរ​សុខ​ទុក្ខ និង ​នាំ​អំណោយ​សង្គ្រោះ​ខ្លះ​ផង​ដែរ។ តារា​ចម្រៀង​រូប​នេះ ក៏​ធ្លាប់​បាន​ទៅ​ដល់​ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង ដើម្បី​សួរ​សុខ​ទុក្ខ និង​ លើក​ទឹក​ចិត្ត​ដល់​ប្រជាពលរដ្ឋ​មាន​ផ្ទុក​មេរោគ​អេដស៍​នៅ​ទីនោះ​។

 

 

២. មាន សូនីតា៖ ត្រូវ​បាន​ប្រកាស​ទទួល​ងារ​ជា​ឯក​អគ្គរាជទូត​សុឆន្ទៈ​ របស់​អង្គការ USAID កាល​ពី​ថ្ងៃ​ទី ១០ ​មិថុនា​កន្លង​ទៅ​នេះ តាម​រយៈ​គម្រោង​មួយ​ឈ្មោះ​ថា CITP ដោយ​មិន​បាន​ត្រៀម​ខ្លួន​ជា​មុន​ទេ។ គម្រោង​នេះ​មាន​គោល​បំណង​អប់រំ​ផ្សព្វផ្សាយ​ពី​ចំណាក​ស្រុក ប្រកប​ដោយ​សុវត្ថិភាព និង​ បង្ការ​អំពើ​ជួញដូរ​មនុស្ស​នៅ​ប្រទេស​កម្ពុជា ដែល​ត្រូវ​ចុះ​ទៅ​កាន់​ខេត្ត​គោល​ដៅ​ចំនួន ៥។

 

តារា​ថ្ពាល់​ខួច​វ័យ ២៥ ឆ្នាំ​ខាង​លើ តែង​ចុះ​ទៅ​ជួប​កុមារ ឬ​ប្រជាពលរដ្ឋ​ក្រីក្រ​តាម​មូលដ្ឋាន​ជនបទ​ផង​ដែរ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចការ​មនុស្ស​ធម៌​របស់​នាង និង ​ផ្សព្វផ្សាយ​ពី​ក្រមា​ខ្មែរ​ជា​រឿយៗ ដោយ​អះអាង​ថា កិច្ចការ​មនុស្សធម៌​ជា​ក្ដី​ស្រមៃ​របស់​នាង។

 

 

 

៣. សាវីន ហ្វីលីប៖ ប្រសិន​បើ​មិន​មាន​ការ​ប្រែប្រួល​ទេ​នោះ តារា​សម្ដែង​វ័យ ៤៣ ឆ្នាំ រូប​នេះ នឹង​ទទួល​ការ​តែងតាំង​ជា​ផ្លូវ​ការ​ពី​អង្គការ CGF Foundation របស់​ប្រទេស​បារាំង ក្នុង​នាម​ជា​ឯក​អគ្គរាជទូត​សុឆន្ទៈ​ប្រចាំ​ប្រទេស​កម្ពុជា។ អង្គការ​នេះ​​មើល​ឃើញ​ថា តារា​សម្ដែង​តួ​ឪពុក និង​ បង​ធំ​ខាង​លើ បាន​ធ្វើ​សកម្មភាព​មនុស្សធម៌​ជា​ច្រើន នៅ​ក្នុង​សង្គម​រួម​មាន​ការ​សាង​សង់​អណ្ដូង​ទឹក ឬ​ផ្ទះ​សម្បែង​ដល់​ចាស់​ជរា, ជន​ក្រីក្រ និង​ជួយ​សង្គ្រោះ​កុមារ​ជា​ដើម។

 

សាវីន ហ្វីលីប បញ្ជាក់​ថា បើ​និយាយ​ពី​អណ្ដូង​ទឹក​ស្អាត លោក​បាន​សាងសង់​ជាង ១០០ កន្លែង​ហើយ ក្នុង​នោះ​នៅ​ខេត្ត​តាកែវ​ចំនួន ៣៥ និង ​ខេត្ត​សៀមរាប​ចំនួន ៦៧ អណ្ដូង៕

 

 

 

​អត្ថបទ៖ សំ ជំនាញ