ភរិយា ស៊ុក សុភា កៀរគរ​ម្ចាស់​ជំនួយ​ជួយ​ឧបត្ថម្ភ​លោក​តា​លោក​យាយ​ជា​ប្រាក់​ប្រចាំ​ខែ

  • 2015-07-20 20:31:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភរិយា​តារា​សម្ដែង ស៊ុក សុភា អ្នក​នាង សារីណា បាន និង​ធ្វើ​បេសកកម្ម​មនុស្ស​ធម៌​ថ្មី​មួយ ដោយ​កៀរគរ​ម្ចាស់​ជំនួយ​នានា មក​ចូល​រួម​ជួយ​ឧបត្ថម្ភ​ពលរដ្ឋ​ចាស់​ជរា​នៅ​តាម​តំបន់​នានា​ក្នុង​ប្រទេស​កម្ពុជា ដោយ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ដល់​ពួក​គាត់។

 

 

សារីណា ថ្លែង​ថា “មូលនិធិ​របស់​ខ្ញុំ រក​បាន​ជំនួយ​ខ្លះ​ពី​ការ​ចែក​រំលែក​របស់​សប្បុរសជន​នានា អីចឹង​ហើយ ខ្ញុំ​គ្រោង​ឧបត្ថម្ភ​ពលរដ្ឋ​ចាស់​ជរា​របស់​យើង​ពី ២០ ទៅ ៣០​ដុល្លារ ប្រចាំ​ខែ​ជូន​ពួក​គាត់ ធ្វើ​យ៉ាង​ណា​ជួយ​សម្រាល​ការ​លំបាក​ក្នុង​ជីវភាព​គាត់​សម្រាប់​ជីវិត​ចុង​ក្រោយ។"។

 

ភរិយា​តារា​សម្ដែង ស៊ុក សុភា អ្នក​នាង សារីណា បាន​បើក​មូលនិធិ​មួយ​ឈ្មោះ SS Fundraiser ស្វែង​រក​ជំនួយ​ពី​សប្បុរសជន​នានា ដើម្បី​ជួយ​ទុរគត​ជន​នានា​ក្នុង​ប្រទេស​កម្ពុជា។ តាម​រយៈ​មូលនិធិ​នេះ កន្លង​មក​នាង​បាន សាង​សង់​សាលា​បឋម​សិក្សា អូរ​ទឹក​វិល ក្នុង​ភូមិ​អូរ​យាយ​តា ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង​ដោយ​បាន​ចំណាយ​ថវិកា​ជំនួយ​អស់​ប្រមាណ ៤.១០០ ដុល្លារ​អាមេរិក។

 

បន្ថែម​ពី​លើ​នេះ អ្នក​ម្ដាយ​កូន​ ៥នាក់​រូប​នេះ ក៏​បាន​ជួយ​សម្រួល​ដល់​ការ​លំបាក​របស់​សន្តិសុខ​ស្ម័គ្រ​ចិត្ត ហោ ម៉ៅ ក៏​ដូច​ជា​សិល្បករ​ជើង​ចាស់​លោក​តា ផ្លុង មឿក និង​តារា​ចម្រៀង​លោក នូ ស៊ឹប ទៀត​ខណៈ​ពួក​គាត់​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​ផង​នោះ។ ដោយ​ឡែក​ផែន​ការ​ជួយ​ពលរដ្ឋ​ខ្មែរ​ចាស់​ជរា​ដោយ​ឧបត្ថម្ភ​ជា​ប្រាក់​ប្រចាំ​ខែ​នា​ពេល​នេះ គឺ​ជា​សកម្មភាព​ថ្មី​មួយ​ទៀត។

 

"ខ្ញុំ​បាន​ប្រកាស​ពី​ការ​រក​ជំនួយ ហើយ​ក៏​មាន​មិត្តភ័ក្ដិ ចូល​មក​សួរ​ថា​ចង់​ជួយ ខ្ញុំ​ក៏​អោយ​ជួយ​លោក​យាយ​ពិការ​ភ្នែក​ទាំង​សងខាង ហើយ​មិត្ត​ខ្ញុំ​ឃើញ​គាត់​អញ្ចឹង​ទើប​ថា​ចង់​ជួយ​គាត់​រហូត  ហើយ​ខ្ញុំ​ក៏​រក​វិធី​ជួយ និង​រក​អ្នក​ជួយ​បាន​ពីរ​បី​នាក់​ទៀត​ហើយ"។

nbsp;

 

លោក​តា​លោក​យាយ​ប៉ុន្មាន​នាក់ ស្ថិត​ក្នុង​ផែន​ការ​ផ្ដល់​ជំនួយ​នេះហើយ ព្រោះ SS Fundraising រក​បាន​ម្ចាស់​ជំនួយ​រួច​ហើយ។ សារីណា ប្រាប់​ទៀត​ថា ជំនួយ​សប្បុរសធម៌​នេះ គ្រោង​ផ្ដល់​ជា​អចិន្ត្រៃយ៍​ជូន​ដល់​ចាស់​ជរា​ទាំង​ឡាយ​តាម​តំបន់​នានា ប្រសិន​បើ​មិន​មាន​ការ​ផ្លាស់​ប្ដូរ​ដោយ​ប្រការ​ចាំ​បាច់​ណា​មួយ​ពី​ភាគី​ទាំង​សងខាង។

 

"ការ​ដែល​យើង​ធ្វើ​នេះ​គឺ​ចង់​អោយ​ពួក​គាត់​ស្គាល់​ភាព​ស្រណុក​ស្រួល​ខ្លះ​នៃ​ជីវិត​ចុង​ក្រោយ​របស់​ពួក​គាត់។ យើង​ខ្ញុំ​សុំ​ជូន​កាដូ​នេះ​ដល់ លោក​តា​លោក​យាយ​ដែល​គ្មាន​ទីពឹង។ ពេល​នេះ​ពួក​ខ្ញុំ​ទើប​តែ​រក​បាន​អ្នក​ជំនួយ​ជួយ​លោក​តា​ម្នាក់ និង​លោក​យាយ​ពីរ​នាក់។ បើ​មាន​បង​ប្អូន​ណា មាន​ចិត្ត​សប្បុរសធម៌​ចង់​ជួយ​ដល់​ពួក​គាត់​គឺ​មួយ​ថ្ងៃ​តែ​១​ដុល្លារ​ទេ។ តែ១​ដុល្លារ ដែល​គ្មាន​ន័យ​សម្រាប់​ពួក​យើង​ដែល​រស់​នៅ​ស្រុក​គេ គឺ​មាន​តម្លៃ​ណាស់​សម្រាប់​ពួក​គាត់"។ សារីណា បន្ថែម៕

 

 

 

 

មូលនិធិ SS Fundraising និង​សកម្មភាព​របស់ សារីណា និង​ស្វាមីទទួល​ថវិកា​ពី​ម្ចាស់​ជំនួយ(រូបថត៖ ផ្ដល់​ដោយ សារីណា)

 

អត្ថបទ៖ ទារិកា

អត្ថបទថ្មី