មនុស្សប្រុសយំ គេថា ចេក ត្រូវអត់?
- 2015-07-23 21:51:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សប្រុសយំ គេថា ចេក ត្រូវអត់?
ចន្លោះមិនឃើញ
ពាក្យថា ចេក គឺសំដៅលើ ពាក្យថា ទន់ជ្រាយ កំសាក ឬអាចជាភេទទី ៣ ជាដើម ដែលយុវវ័យយកមកប្រើជំនួស។ ហើយពាក្យនេះគេ ប្រើទៅលើមនុស្សប្រុស ដែលពូកែយំ។ តើមនុស្សប្រុសយំ ចេក មែនឬ?
ខាងក្រោមនេះ គឺជា មតិអ្នកអានរបស់ Sabay ។
រូបតំណាង យកពីបរទេស
ពុត សុខហួរ និស្សិតឆ្នាំទីមួយនៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានបញ្ចេញមតិថា ដូចដែលពាក្យគេនិយាយកូនប្រុសស៊ូស្រក់ឈាមមិនស្រក់ ទឹកភ្នែក បើមនុស្សប្រុសយំ មានន័យថា មនុស្សប្រុសកំសាក។ មិនមែនឱ្យតែមនុស្សប្រុសយំ សុទ្ធតែកំសាកទាំងអស់ទេ និស្សិតអក្សរសាស្ត្រ អង់គ្លេសរូបនេះ បានបន្តថា ក្នុងករណីដែលបាត់បង់មនុស្សជាទីស្រឡាញ់ ការយំជារឿងធម្មតាទេ ទោះមនុស្សប្រុសក៏ដោយ អ្នកណាមិនខូចចិត្តបើបាត់បង់មនុស្សដែលខ្លួនស្រឡាញ់?
ស្រដៀងគ្នានេះដែរ និស្សិតមកពី សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផាន់ណ្ណៈ បានបង្ហាញ អារម្មណ៍ថា មនុស្សយំ មានរឿងច្រើន បើជារឿងស្នេហា មានន័យថា មនុស្សប្រុសនោះ ទន់ជ្រាយណាស់។ ប៉ុន្តែ និស្សិតឆ្នាំទីបីរូបនេះ នៅតែអះអាងថា បើបងប្អូន ស្លាប់អ្នកណាក៏យំដែរ មិនខ្វល់ថាចេកឬមិនចេកឡើយ។
ចំណែកលោក រម្យ មុន្នី អតីតនិស្សិតនៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញដែរ បានប្រាប់ Sabay ថា ជាទូទៅបើមនុស្សប្រុស យំ គេតែង វាយតម្លៃថា មនុស្សប្រុសម្នាក់នោះ ទន់ជ្រាយ។ មុន្នីក៏ បានប្រាប់ទៀតថា ជាតិជាមនុស្សប្រុស មិនអាចស្រក់ទឹកភ្នែកផ្ដេសផ្ដាសបានទេ បើចង់ យំត្រូវរកកន្លែងណាស្ងាត់ ហើយអង្គុយយំតែឯងកុំឱ្យគេដឹង។ «គេដ៏ទៃ ជាពិសេសមនុស្សស្រី ឆាប់វាយតម្លៃថាយើងអន់ ឯមនុស្សប្រុសគ្នាឯង ស្រួលមិនស្រួលថាយើងចេកទៀត»។ មុន្នីបានបញ្ជាក់។
លោក ហេង សម្បត្តិ ប្រធានធនធានមនុស្សនៅ ក្រុមហ៊ុនទេសចរណ៍មួយកន្លែង បានបដិសេធទាំងស្រុងចំពោះ ការលើកឡើងបែបនេះ។ « ឱ្យតែយំចេកយ៉ាងម៉េច? សួរទៅមើល ប្រុសណាដែលមិនធ្លាប់យំ? តែទឹកភ្នែក មនុស្សប្រុសមានបីប្រភេទ មួយយំដោយដោយមោទនភាព មួយយំដោយចុះចាញ់ មួយយំដោយសោកស្ដាយ»។ នេះជាការលើកឡើងរបស់លោក សម្បត្តិ។
ក្នុងនាមជាមនុស្សប្រុសមួយរូប ដែលធ្លាប់យំដោយសារមោទនភាព ក៏បានបន្តថា មនុស្សប្រុសដែលយំដោយចុះចាញ់ គឺដូចដែលគេថាអញ្ចឹង ទន់ជ្រាយ កំសាក។ តែបើយំដោយដោយសារមោទនភាព និង ការសោកស្ដាយចំពោះអ្នកណាម្នាក់ឬអ្វីមួយ ទឹកភ្នែកមនុស្សប្រុសពិតជាមានតម្លៃណាស់។
លោកសម្បត្តិបានបន្តថា « អ្នកណាមិនយំយ៉ាងម៉េចបើកូនស្រីពៅ ប្រឡងជាប់បានទៅរៀននៅបរទេសហើយនិយាយចំពោះមុខមហាជនថា ខ្ញុំជាកូនស្រីលោកប៉ាខ្ញុំ! ក្មួយគិតមើល ឪពុកណាក៏ស្រក់ទឹកភ្នែកដោយរំភើបដែរ»។
កញ្ញា ម៉េង ដាលីស និស្សិតមកពី សាកលវិទ្យាល័យជាតិគ្រប់គ្រង បានសម្ដែងអារម្មណ៍ឱ្យដឹងថា «សម្រាប់ខ្ញុំទោះខ្ញុំជាមនុស្សស្រីតែខ្ញុំមិនយំផង ចុះទម្រាំមនុស្សប្រុស? ហើយមួយទៀត ទោះបីជាមនុស្សប្រុស យំមិនមែនមានន័យថា គាត់ចេកទេ តែបើត្រូវយំក៏មិនគួរយំឱ្យគេឃើញដែរ ទឹកភ្នែកកូនប្រុសថ្លៃណាស់ មិនគួរយំផ្ដេសផ្ដាសទេ»៕
ចុះចំណែក ប្រិយមិត្តវិញយល់យ៉ាងណាបើមនុស្សប្រុសយំ?
អត្ថបទ៖ គង់ ច័ន្ទវ៉ាន់ណេង