ផុត​ពី​លក់​លៀស​លេង​ៗ តារា​សម្ដែង យ៉ាដាវ ងាក​មក​បើក​កន្លែង​លក់​ម្ជូរ​មែន​ទែន

  • 2015-07-24 13:31:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផុត​ពី​ការ​សម្ដែង​ធ្វើ​ជា​អ្នក​លក់​លៀស​លេង​ៗ​ក្នុង​រឿង អេន យ៉ាដាវ ដែល​បាន​បើក​អាជីវកម្ម​ហាង​សាឡន ឈ្មោះ "យ៉ាដាវ​សាឡន" មួយ​ហើយ​នោះ បាន​ងាក​មក​បើក​កន្លែង​លក់​ម្ជូរ​មែន​ទែន​វិញ​ម្ដង។

 

 

“លក់​លៀស គឺ​ជា​ការ​សម្ដែង​ក្នុង​រឿង ប៉ុន្តែ​ម្ជូរ មិន​មែន​ជា​ការ​សម្ដែង​ទេ គឺ​លក់​មែន​ទែន​បង បន្ថែម​ពី​លើ​ហាង​សាឡន​ដែល​នៅ​ដំណើរ​ធម្មតា"។ យ៉ាដាវ ថ្លែង​មក​កាន់ Sabay។

 

ស្រី​ស្អាត​រូប​នេះ បញ្ជាក់​ថា បើ​មិន​មាន​អ្វី​ប្រែ​ប្រួល​ទេ កន្លែង​លក់​ម្ជូរ​របស់​នាង​យីហោ "យ៉ាដាវ​ជូរ​អែម" មាន​ទី​តាំង​បណ្ដោយ​ផ្លូវ​ត្រសក់​ផ្អែម​នឹង​បង្ហាញ​វត្តមាន​បម្រើ​ប្រិយមិត្ត​ដែល​ចូល​ចិត្ត​របស់​ជូរៗ​កំដរ​មាត់ ឬ​ហៅ​ថា​ម្ជូរ​នេះ ក្នុង​រង្វង់​ពីរ​បី​ថ្ងៃ​ខាង​មុខ ដោយ​មាន​លក់​គ្រប់​មុខ​ពាក់​ព័ន្ធ​នឹង​ម្ជូរ។ បច្ចុប្បន្ន នាង​កំពុង​រៀប​ចំ ធ្វើ​អំបិល​ម្ទេស ប្រហុក កាពិ និង​ទិញ​ចូល​របរ​ប្រើ​ប្រាស់​ដែល​ពាក់​ព័ន្ធ​នានា។

 

របរ​លក់​ម្ជូរ "យ៉ាដាវ​ជូរ​អែម" គឺ​ជា​ការងារ​បន្ថែម​មួយ ដែល​យ៉ាដាវ​ធ្វើ ដើម្បី​ពង្រីក​ជីវភាព បន្ថែម​ពី​លើ​អ្វី​ដែល​នាង​មាន​ស្រាប់ គឺ​អាជីព​ជា​តារា​សម្ដែង ដោយ​នាង​បាន​សម្ដែង​ខារ៉ាអូខេ និង​ភាពយន្ត​ជា​ច្រើន។ រឿង​ចុង​ក្រោយ​របស់​នាង គឺ​រឿង "ខ្ញុំ​ថា​ខូច ខូច​មែន" ត្រៀម​នឹង​ចាក់​បញ្ចាំង​ក្នុង​ពេល​ឆាប់​ៗ ក្នុង​នោះ​នាង​សម្ដែង​ជា​អ្នក​លក់​លៀស។ ក្រៅ​ពី​នេះ​នាង​មាន​ហាង​សាឡន ដែល​ដំណើរ​យូរ​ហើយ។

 

 

តារា​ស្រី​រមែង​ថត​រូប​បង្ហាញ​រាង​ល្វត​ល្វន់​បង្ហោះ​លើ Facebook រូប​នេះ ថ្លែង​ថា "បើ​យើង​មិន​ខំ​ប្រឹង​ជួយ​ខ្លួន​ឯង តើ​នរណា​នឹង​ជួយ​យើង ហើយ​នេះ​ជា​របរ​បន្ថែម​ជា​ជាង​ទុក​ពេល​ទំនេរ​អត់​ប្រយោជន៍"។ យ៉ាង​ណា យ៉ាដាវ បញ្ជាក់​ថា ហាង​សាឡន​របស់​នាង ក៏​មាន​អតិថិជន​មិន​ដាច់​ដែរ។

 

ការ​ងាក​មក​បើក​មុខ​របរ​បន្ថែម​បែប​សាមញ្ញ ខណៈ​ខ្លួន​ឯង​គឺ​តារា​មួយ​រូប​នេះ យ៉ាដាវ ប្រាប់​ថា នាង​ហេតុផល​បី។ ទី​១ មុខ​របរ​នេះ​តូច ចាយ​ទុន​ទិច​ងាយ​ស្រួល​គ្រប់​គ្រង ទី​២ ជា​ចំណូល​ចិត្ត​របស់​នាង​ដែល​ចូល​ចិត្ត​ម្ជូរ និង​មើល​ឃើញ​ថា​មនុស្ស​ភាគ​ច្រើន​ចូល​របស់​ទាំង​នេះ​ញុំា​កំដរ​មាត់។ ឯ​ទី​៣ នាង​អាច​ដាក់​លក់​នៅ​មុខ​ហាង​សាឡន​នាង​តែ​ម្ដង ដែល​ក្នុង​ពេល​តែ​១​អាច​មើល​មុខ​របរ​ពីរ​បាន។

 

ជាមួយ​គ្នា​នេះ​ដែរ តារា​ស្រី​មាន​វ័យ ២៣​ឆ្នាំ​រូប​នេះ អះអាង​ថា មិន​ខ្លាច​ប៉ះពាល់​ងារ​ជា​តារា​តែ​មក​លក់​របស់​តាម​ចិញ្ចើម​ថ្នល់​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ នាង​គិត​ថា ភាព​ជា​អ្នក​សិល្បៈ​របស់​នាង នឹង​ជួយ​ឲ្យ​មុខ​របរ​សាមញ្ញ​របស់​នាង កាន់​តែ​មាន​ប្រជាប្រិយភាព៕

 

 

 

រូប​ថត៖ FB យ៉ាដាវ

 

អត្ថបទ៖ ទារិកា