ពាន​រង្វាន់​ហ្វូតសាល​រីក​ដុះដាល​ដូច​ផ្សិត

  • 2014-10-14 16:40:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​មែន​មាន​តែ​តារាង​បាល់​ទាត់​ហ្វូតសាល​ស្មៅ​សិប្បនិម្មិត​ប៉ុណ្ណោះ​ទេ​ ដែល​មាន​ការ​រីក​ដុះដាល​យ៉ាង​ឆាប់​រហ័ស​នៅ​រាជធានី​ភ្នំពេញ​ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​ការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​ហ្វូតសាល​ក៏​កើត​មាន​ឡើង​ស្ទើរ​តែ​នៅ​គ្រប់​តារាង​ស្មៅ​សិប្បនិម្មិត​ទាំង​នោះ​ដែរ។

 

បច្ចុប្បន្ន​មាន​ម្ចាស់​តារាង​បាល់​ទាត់​ស្មៅ​និម្មិត​ជា​ច្រើន​បាន​បង្កើត​ពាន​រង្វាន់​នៅ​តាម​តារាង​របស់​ខ្លួន​ដើម្បី​ឲ្យ​ក្រុម​នានា​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​គោល​បំណង​បង្កើត​មិត្តភាព​ សាមគ្គីភាព​ និង​ជួយ​ធ្វើ​ឲ្យ​វិស័យ​កីឡា​បាល់​ទាត់​នៅ​កម្ពុជា​កាន់​តែ​ផុលផុស​ថែម​ទៀត។ បន្ថែម​លើ​នេះ​ នៅ​តាម​បណ្ដា​គ្រឹះស្ថាន​សិក្សា​ អង្គការ​ សមាគម​ និង​បុគ្គល​ជា​ច្រើន​បាន​រួម​គ្នា​បង្កើត​ជា​ពាន​រង្វាន់​ហ្វូតសាល​ដើម្បី​បង្កើន​ភាព​ស្និទ្ធស្នាល​រវាង​គ្នា​និង​គ្នា។

 

ជាក់​ស្ដែង​ម្ចាស់​តារាង​បាល់​ទាត់​ស្មៅ​សិប្បនិម្មិត​ មិង​ ហួរ​ ទើប​បាន​នឹង​បង្កើត​ពាន​រង្វាន់​មួយ​ឈ្មោះ​ មិង​ ហួរ​ ហ្វូតសាល​ ដែល​បើក​ចំហ​ឲ្យ​ក្រុម​នានា​អាច​ដាក់​ពាក្យ​ចូល​រួម​ប្រកួត​បាន​ ហើយ​ចំនួន​ក្រុម​ដែល​ទទួល​សរុប​រហូត​ដល់​៣២​ក្រុម​ និង​ចាប់​ទទួល​ពាក្យ​ចុះ​ឈ្មោះ​ក្រុម​ចូល​រួម​ចាប់​ពី​ថ្ងៃ​ទី​០១​ ខែ​តុលា​ ឆ្នាំ​២០១៤​នេះ​តទៅ។

 

តារាង​ មិង​ ហួរ​ ប្រកាស​រក​ក្រុម​ចូល​រួម​ប្រកួត

 

ងាក​ទៅ​មើល​មជ្ឈ​មណ្ឌល​កីឡា​ស្រ៊ីជី​ ដែល​មាន​តារាង​បាល់​ទាត់​ស្មៅ​សិប្បនិម្មិត​ជា​ច្រើន​ ហើយ​មាន​សកម្មភាព​មរ​មារ​ញឹក​រៀង​រាល់​ថ្ងៃ​នោះ​វិញ​ក៏​គេ​ឃើញ​មាន​ការ​ប្រកួត​ដណ្ដើម​ពាន​របស់​តារាង​ផ្ទាល់​តែ​ម្ដង​គឺ​ 3G ហ្វូតសាល​លីក​ និង​មាន​ពាន​រង្វាន់​ជា​ច្រើន​ទៀត​ ដែល​ធ្វើ​ការ​ប្រកួត​នៅ​ទីនោះ​ដែរ​ ដូចជា​ ការ​ប្រកួត​ពាន​រង្វាន់​លីក​ហ្វូតសាល​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​ ការ​ប្រកួត​ពាន​រង្វាន់​ Sponsor​ Cup ជា​ដើម។

 

សកម្មភាព​ប្រកួត​ដណ្ដើម​ពាន​​រង្វាន់​នៅ​តារាង​ 3G

 

​តារាង​នៅ​ម្ដុំ​ទួលគោក​ឯណោះ​វិញ​ក៏​មាន​សកម្មភាព​យ៉ាង​សកម្ម​ជាមួយ​នឹង​ការ​ប្រកួត​ដណ្ដើម​ពាន​នៅ​តាម​តារាង​មួយៗ​ដែរ​ដូចជា​ តារាង​ Premire Sport Club ដែល​មាន​ក្រុម​និស្សិត​មក​ពី​សាកល​វិទ្យាល័យ​នានា​សហការ​គ្នា​បង្កើត​ជា​ពាន​រង្វាន់​ដើម្បី​ធ្វើ​ការ​ប្រកួត​ប្រជែង។

 

សកម្មភាព​ប្រកួត​នៅ​តារាង​ Premier Sport Club 

 

ក្រៅ​ពី​នេះ​ក៏​នៅ​មាន​តារាង​បាល់​ទាត់​ស្មៅ​សិប្បនិម្មិត​ជា​ច្រើន​ផ្សេង​ទៀត​ ដែល​កំពុង​មាន​សកម្មភាព​យ៉ាង​មមារ​ញឹក​ក្នុង​ការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​របស់​ខ្លួន​ និង​ពាន​រង្វាន់​ជា​ច្រើន​ទៀត។ បច្ចុប្បន្ន​បច្ចុប្បន្ន​នេះ​តារាង​បាល់​ទាត់​ស្មៅ​សិប្បនិម្មិត​ក៏​បាន​រីក​ដុះដាល​នៅ​តាម​បណ្ដា​ខេត្ត​ធំៗ​មួយ​ចំនួន​ដែរ​ រួម​មាន​ខេត្ត​កណ្ដាល​ ខេត្ត​ស្វាយរៀង​ ខេត្ត​សៀមរាប​ជា​ដើម។

 

 

អត្ថបទ៖ អៀង សូទ្រី