ទាំងអាណាព្យាបាល និងកូនយំក្នុងទិវារំលឹកគុណឪពុកម្ដាយនៅខេត្តកណ្តាល
- 2015-07-27 18:31:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទាំងអាណាព្យាបាល និងកូនយំក្នុងទិវារំលឹកគុណឪពុកម្ដាយនៅខេត្តកណ្តាល
ចន្លោះមិនឃើញ
ទិវារំលឹកគុណឪពុកម្ដាយលើកទី ១ ដែលរៀបចំដោយក្រុមបណ្ដាញយុវជនក្រសួងកិច្ចការនារីនៅសាលាបឋមសិក្សា ត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលកាលពីថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ មានឪពុកម្ដាយ និងកុមារមួយចំនួនរំជួលចិត្តដល់ស្រក់ទឹកភ្នែក។
កំពុងយកដៃជូតទឹកភ្នែក លោក ជឿន វន អាយុ ៤៩ឆ្នាំ ដែលអង្គុយស្តាប់កូនអានសំណេររៀបចំពីគុណឪពុកម្ដាយនិយាយថា «ខ្ញុំរំភើបមែនទែនឃើញកូនប្រឹងរៀនបែបនេះ។ ខ្ញុំនឹងជំរុញកូនបន្ថែមទាំងស្មារតី និងសម្ភារៈឲ្យកូនរៀនដល់ថ្នាក់មហាវិទ្យាល័យ»។
ស្រដៀងគ្នានេះ លោក យី សុខជា អាយុ ៣៩ ឆ្នាំថា លោកមិនគិតថា កូនស្រីឬប្រុសទេ លោកនឹងប្រឹងជំរុញឲ្យកូនរៀនដល់ថ្នាក់ឧត្ដម។ «ខ្ញុំរីករាយខ្លាំងដែលមានការរៀបចំបែបនេះ ព្រោះវាអាចឲ្យអាចឲ្យក្មេងៗបានយល់ដឹងពីគុណរបស់ឪពុកម្ដាយ។ ខ្ញុំមិនគិតថា កូនស្រីឬប្រុសអីទេ បើគាត់ចង់រៀនខ្ញុំនឹងខំប្រឹងរកលុយជួយឧបត្ថម្ភគាត់»។ លោកបន្តថា លោកចង់ឲ្យកូនរៀនដល់ថ្នាក់មហាវិទ្យាល័យក្លាយជាគ្រូបង្រៀនតាមក្ដីស្រមៃ។
លោក យី សុខជា បង្ហាញអារម្មណ៍រំភើបរីករាយនឹងទិវារំលឹកគុណឪពុកម្ដាយ
កម្មវិធីនេះមានការចូលរួមពីសិស្សតូចៗនៃសាលាបឋមសិក្សាខាងលើចំនួន ៩៣ នាក់ និងនិស្សិតមកពីមហាវិទ្យាល័យមួយចំនួន។ ក្នុងកម្មវិធី សិស្សថ្នាក់ទី ៥ ចំនួន៥០ នាក់ត្រូវបានជ្រើសរើសឲ្យចូលរួមប្រកួតសំណេរពីគុណរបស់ឪពុកម្ដាយ។ ៥ នាក់ដែលសរសេរល្អជាងគេក្នុងចំណោម ៥០ នាក់នោះត្រូវបានជ្រើសរើសឲ្យឡើងអាននៅក្នុងពិធីខាងលើ ហើយការអានរបស់ពួកគេធ្វើឲ្យឪពុកម្ដាយដែលអង្គុយស្តាប់រំភើបដល់ស្រក់ទឹកភ្នែកបេបនេះតែម្ដង។ ក្រៅពីនេះ ក៏មានពិធីសំពះបាតជើងឪពុកម្ដាយពីសំណាក់កុមារៗ និងចែកសម្ភារៈសិក្សាពីម្ចាស់ជំនួយមួយចំនួនផងដែរ។
លោកជំទាវ ប៊ុន ឈិតវាសនា អគ្គលេខាធិការអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីតំណាងលោក ជំទាវ អ៊ឹង កន្ថាផាវីរដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា ទិវានេះមិនធ្លាប់ឃើញធ្វើនៅកម្ពុជាទេ តែនៅបណ្ដាប្រទេសធំៗនៅជុំវិញពិភពលោកគេបានធ្វើជាយូរមកហើយ។ វាជារូបភាពដ៏ល្អមួយដើម្បីផ្សារភ្ជាប់វប្បធម៌សាកលល្អៗមកឲ្យកូនខ្មែរបានយល់កាន់តែច្រើន។
កុមារីម្នាក់កំពុងអានសំណេរពីគុណឪពុកម្តាយបណ្តើរយំបណ្តើរ
លោក ថេ ឈុនហាក់ អនុប្រធានបណ្ដាញយុវជនក្រសួងកិច្ចការនារីនិយាយថា នេះជាលើកទី ១ ដែលក្រុមយុវជនរៀបចំឲ្យមានទិវានេះ។ លោកបញ្ជាក់ថា «យើងចង់ផ្ដួចផ្ដើមឲ្យយុវជនស្ម័គ្រចិត្តចូលរួមការងារសង្គមឲ្យកាន់តែច្រើន។ ការរៀបចំទាំងអស់នៅទីនោះគឺជាការរៀបចំរបស់ក្រុមយុវជនសុទ្ធសាធ ហើយយើងចង់ធ្វើជាគំរូដល់យុវជនខ្មែរផ្សេងទៀតអាចមើលឃើញ ហើយងាកមកធ្វើការងារសង្គមដើម្បីអភិវឌ្ឍសង្គមកាន់តែច្រើន និងដើម្បីកាត់បន្ថយវប្បធម៌គិតតែផលប្រយោជន៍ផ្ទាល់ខ្លួនជាធំ»។ លោកថា ឆ្នាំក្រោយៗទៀត នឹងមានគម្រោងធ្វើឲ្យមានទ្រង់ទ្រាយធំជាងនេះដើម្បីឲ្យជ្រួតជ្រាបដល់យុវជនកាន់តែច្រើន៕
អត្ថបទ៖ ប្រាក់ ចាន់សីហា