វ៉ា សុខថន ចាកចេញពីភ្នំពេញក្រោនទៅបារាំងមិនដឹងច្បាស់ថ្ងៃត្រឡប់វិញ
- 2015-08-03 21:56:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វ៉ា សុខថន ចាកចេញពីភ្នំពេញក្រោនទៅបារាំងមិនដឹងច្បាស់ថ្ងៃត្រឡប់វិញ
ចន្លោះមិនឃើញ
សមាជិកក្រុមជម្រើសជាតិកម្ពុជាដែលជាកីឡាករខ្មែរ-បារាំង វ៉ា សុខថន បានចាកចេញពីក្លិបភ្នំពេញក្រោនទៅប្រទេសបារាំងជាមួយក្រុមគ្រួសារដោយមិនដឹងច្បាស់ពីពេលវេលាវិលត្រឡប់មកជួយក្លិប និងក្រុមជម្រើសជាតិវិញឡើយ។
វ៉ា សុខថន ដែលបានជួយក្រុមជម្រើសជាតិកម្ពុជាឈ្នះម៉ាកាវ ៣-០ នៅស្តាតចាស់ក្នុងព្រឹត្តិការណ៍ជម្រុះបាល់ទាត់ពិភពលោកជុំទីមួយបានឲ្យដឹងតាម Facebook ថា លោកត្រូវត្រឡប់ទៅប្រទេសបារាំងជាមួយក្រុមគ្រួសារវិញហើយដោយមូលហេតុផ្ទាល់ខ្លួន។
លោកបាននិយាយថា ៖«ខ្ញុំសូមអភ័យទោសចំពោះការចាកចេញបែបនេះ អំឡុងពេលមានការប្រកួតលីករបស់ក្លិប និងក្រុមជម្រើសជាតិ។ ការវិលត្រឡប់មកវិញរបស់ខ្ញុំមិនប្រាកដទេ អ្វីៗអាស្រ័យលើស្ថានភាពរបស់ខ្ញុំនៅបារាំង។ ខ្ញុំសូមជូនពរមិត្តរួមក្រុម គ្រូបង្វឹក អ្នកគាំទ្រ និងអ្នកគាំទ្របាល់ទាត់កម្ពុជាទាំងអស់ឲ្យមានសំណាងល្អ។ អ្នកទាំងអស់គ្នាបានធ្វើដល់ខ្ញុំឆ្នាំនេះ ពិតជាឆ្នាំចង់ចាំដ៏អស្ចារ្យ។ ខ្ញុំនឹងមិនភ្លេចអ្នកទាំងអស់គ្នាឡើយ ហើយសង្ឃឹមថា បានជួបគ្នាវិញក្នុងពេលឆាប់!។ អរគុណម្តងទៀត ហើយសំណាងល្អអ្នកទាំងអស់ ភ្នំពេញក្រោន និងប្រទេសរបស់ខ្ញុំ»។
មន្ត្រីព័ត៌មានរបស់ភ្នំពេញក្រោនលោក Andy បានបញ្ជាក់ថា ខ្សែបម្រើកណ្តាលពិតជាវិលត្រឡប់ទៅប្រទេសបារាំងវិញមែនដោយបញ្ហាផ្ទាល់ខ្លួន ហើយមិនច្បាស់ពីវិលត្រឡប់មកជួយភ្នំពេញក្រោនវិញឡើយ។ គ្រូភ្នំពេញក្រោនលោក Sam បានឲ្យដឹងថា វាជាពេលលំបាកមួយសម្រាប់ភ្នំពេញក្រោនស្របពេលខ្សែការពារ ង៊ន ស្រ៊ីន របួសបាក់ដៃ សមាជិកជនជាតិកូរ៉េ Jeongho ក៏បានចាកចេញដោយសាររបួស ហើយពេលនេះ វ៉ា សុខថន ចេញម្នាក់ទៀតដោយសារបញ្ហាគ្រួសារ ប៉ុន្តែកីឡាករខ្មែរ-បារាំងម្នាក់នេះពិតជាចង់រួមចំណែកការពារតំណែងជើងឯកលីកកម្ពុជាណាស់។
វ៉ា សុខថន អាយុ២៨ឆ្នាំបានចូលរួមជាមួយភ្នំពេញក្រោនកាលពីខែកក្កដា ឆ្នាំ២០១៤ដែលជាពេលចុងរដូវកាលលីកកម្ពុជាឆ្នាំមុន និងបានចូលរួមអបអរដល់ភ្នំពេញក្រោនឈ្នះពានលីកកម្ពុជា២០១៤។
បន្ទាប់មក កីឡាកររូបនេះបានជម្រើសជាតិកម្ពុជាក្រុមធំដោយបានចូលរួមប្រកួតលក្ខណៈអន្តរជាតិជាច្រើនប្រកួតក្នុងនោះមានទាំងប្រកួតជម្រុះបាល់ទាត់ពិភពលោកឆ្នាំ២០១៨ផងដែរ៕
អត្ថបទ៖ ជាន ចាន់រ៉ា ប្រភព៖ វ៉ា សុខថន