នាយកសាលាបាល់ទាត់ជាតិបកស្រាយរូបថតមួយសន្លឹកថា អូនតូច លាងចានតាមហាងគុយទាវ
- 2015-08-05 19:22:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយកសាលាបាល់ទាត់ជាតិបកស្រាយរូបថតមួយសន្លឹកថា អូនតូច លាងចានតាមហាងគុយទាវ
ចន្លោះមិនឃើញ
លោក កែវ សារ៉េត នាយកសាលាបាល់ទាត់ជាតិ និង ជាអ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក្រោមអាយុ១៦ឆ្នាំ (U-16) ដែលកំពុងបំពេញយុទ្ធនាការធ្វើជាម្ចាស់ផ្ទះប្រកួតជម្រុះក្នុងពូល B នៃពានរង្វាន់បាល់ទាត់យុវជនតំបន់អាស៊ាន AFF BIDC U16 Championship 2015 បានបកស្រាយពីរូបថតមួយសន្លឹករបស់កីឡាករ អាត អូនតូច ដែលបណ្ដាញសង្គមយក្ស Facebook ចែករំលែកតគ្នាថាកីឡារូបនេះធ្វើការនៅតាមហាងគុយទាវ។
បណ្ដាញ facebook ចែករំលែកបន្ត
អាត អូនតូច ដែលអ្នកគាំទ្រស្គាល់ច្បាស់ក្នុងព្រឹត្តិការណ៍ខាងលើថាជាកីឡាករតូចជាងគេលើទីលាន ពាក់លេខ ១២ ដែលជាសមាជិកមកពីសាលាបាល់ទាត់ជាតិ។ លោកនាយកបានលើកឡើងថា៖ «ខ្ញុំបានពិនិត្យព្រឹកមិញម្ដងទៀតជាមួយកីឡាករផ្ទាល់ហើយ។ តាមពិតរូបថតនេះ អូនតូច គាត់ថតក្នុងពេលថ្ងៃសម្រាកបុណ្យចូលឆ្នាំ ឬ ភ្ជុំបិណ្ឌ ជួយលាងចាននៅផ្ទះអ៊ុំរបស់គេឯស្រុកកំណើតក្នុងខេត្តរតនគីរី»។ លោកបានបន្តថា ក្រៅពីហ្វឹកហាត់បាល់ទាត់ ហើយនិងសិក្សា កីឡាករទាំងអស់ស្នាក់នៅក្នុងសាលាបាល់ទាត់ជាតិមិនអនុញ្ញាត ឬ តម្រូវឱ្យធ្វើការងារផ្សេងឡើយ។
សាលាបាល់ទាត់ជាតិដែលមានទីតាំងនៅស្រុកបាទី ខេត្តតាកែវ មានចុងភៅ និងសន្តិសុខ ជាច្រើននាក់ក្នុងការមើលថាកីឡាករទាំងអស់នោះដែលស្នាក់នៅ និង ហ្វឹកហាត់រួមគ្នាតាំងពីខែ កុម្ភៈ ឆ្នាំ ២០១៤ មកម៉្លេះ។ មុននឹងអនុញ្ញាតឱ្យកីឡាករណាម្នាក់ចេញក្រៅបរិវេណសាលាបាល់ទាត់ជាតិពួកគេត្រូវឆ្លងកាត់ការយល់ព្រមពី គ្រូបង្វឹកផ្ទាល់ ពីមន្ត្រីរដ្ឋបាល និង ប្រធានសន្តិសុខ ព្រមទាំងមានមូលហេតុច្បាស់លាស់ទៀតផង។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សហការជាមួយស្ថាប័នពាក់ព័ន្ធដូចជាក្រសួងអប់រំយុវជននិងកីឡា រួមទាំងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងដៃគូឧបត្ថម្ភនានា រួមគ្នាបង្កើតសាលាបាល់ទាត់ជាតិនេះឡើង ដើម្បីបណ្ដុះបណ្ដាលកីឡាករត្រៀមខ្លួនប្រកួតពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ ២០២៣ ខាងមុខក្នុងរាជធានីភ្នំពេញ។
គណនីពិតរបស់ អាត អូនតូច
ប្រភពបន្ថែមថាសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានទំនុកបម្រុងដល់កីឡាករទាំងអស់ តាំងពីស្នាក់នៅ ហូបចុក សិក្សា ព្យាបាល ហ្វឹកហាត់ ព្រមទាំងផ្ដល់ជាសម្ភារៈហ្វឹកហាត់ និង សំលៀកបំពាក់កីឡា ដល់កីឡាករទាំងអស់ដែលស្នាក់នៅក្នុងសាលាបាល់ទាត់ជាតិ៕
អត្ថបទ៖ ម៉ឺន រស្មី