កីឡដ្ឋាន​ស្វាយរៀង​គ្រោង​បើក​សម្ពោធ​នៅ​ថ្ងៃ​បុណ្យ​អុំទូក

  • 2014-10-14 21:06:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីលាន​បាល់​ទាត់​របស់​ក្លិប​បាល់​ទាត់​ខេត្ត​ស្វាយរៀង​គ្រោង​នឹង​បើក​សម្ពោធ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​បុណ្យ​អុំទូក​ដើម​ខែ​ក្រោយ​នេះ​ហើយ​ បន្ទាប់​ពី​​​ចំណាយ​ពេល​សាង​សង់​អស់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​មក។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ អោក​ សំអាង​ អ្នក​គ្រប់​គ្រង​ក្លិប​បាល់​ទាត់​ខេត្ត​ស្វាយរៀង។

 

អ្នក​គ្រប់​គ្រង​ខាង​លើ​បាន​លើក​ឡើង​ថា​ ឯក​ឧត្ដម​ ឌី​ វិជ្ជា​ ប្រធាន​ក្លិប​ចង់​ឲ្យ​ស្តាត​ស្វាយរៀង​បើក​សម្ពោធ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​បុណ្យ​អុំទូក​ នៅ​ដើម​ខែ​ក្រោយ​នេះ​។ ពិធី​​សម្ពោធ​នេះ​គ្រោង​​អញ្ជើញ​ក្លិប​បាល់​ទាត់​របស់​វៀតណាម​ចំនួន​បី​មក​ធ្វើ​ការ​ប្រកួត​មិត្តភាព​ក្នុង​នោះ​រួម​មាន​ក្រុម​ខេត្ត​ ឡុង​អាង​(Long An) តៃ​និញ​(Tay Ninh) និង​ហូជីមិញ(Ho Chi Minh)។

 

 

លោក​ អោក​ សំអាង​ បាន​បញ្ជាក់​ថា​ ហេដ្ឋារចនាសម្ព័ន្ធ​របស់​ក្លិប​បាល់​ទាត់​ខេត្ត​ស្វាយរៀង​បាន​រៀប​ចំ​រួច​រាល់​ស្ទើរ​តែ​១០០​ភាគរយ​ហើយ​នៅ​ពេល​នេះ​ ដោយ​តារាង​ស្មៅ​សិប្បនិម្មិត​ទំហំ​ ៦០ម៉ែត្រ​ គុណ​នឹង​៤០​ម៉ែត្រ​ បំពាក់​ដោយ​បង្គោល​ភ្លើង​បំភ្លឺ​ពេល​យប់​ បាន​ដាក់​ឲ្យ​ដំណើរការ​ប្រហែល​៤​សប្ដាហ៍​មក​ហើយ។ លោក​បន្ត​ថា​ តារាង​ស្មៅ​សិប្បនិម្មិត​នេះ​ក៏​ធ្វើ​ការ​ជួល​ដល់​សាធារណជន​ផង​ដែរ​ ហើយ​ជួល​ក្នុង​តម្លៃ​ថោក​សមរម្យ​ទៀត​ផង​គឺ​តម្លៃ​ ១៥,០០០រៀល​ក្នុង​មួយ​ម៉ោង។

 

ចំពោះ​ទីលាន​ធំ​សម្រាប់​បម្រើ​ឲ្យ​ការ​ប្រកួត​ផ្លូវ​ការ​ឯណោះ​វិញ​ គឺ​បាន​ដាំ​ស្មៅ​ធម្មជាតិ​រួច​រាល់​ជាង​មួយ​ខែ​មក​ហើយ​ ហើយ​ត្រូវ​រង់​ចាំ​ប្រហែល​២​ឬ​៣​សប្ដាហ៍​ទៀត​ ដើម្បី​ឲ្យ​ស្មៅ​ក្រាស់​ល្អ​ អាច​កាត់​បាន។ ក្រៅ​ពី​នេះ​ កន្លែង​អង្គុយ​ កន្លែង​ស្នាក់​នៅ​ ឬ​បន្ទប់​ផ្លាស់​សំលៀក​បំពាក់​ជា​ដើម​ក៏​​រៀប​ចំ​រួច​រាល់​អស់​ហើយ​​ដែរ ប៉ុន្តែ​នៅ​សល់​តែ​​បង្គោល​ភ្លើង​ធំៗ​ទាំង​៤​​ប៉ុណ្ណោះ​ ដែល​កំពុង​រៀប​ចំ​ដំឡើង។

 

 

ដោយ​ឡែក​ដំណឹង​ដែល​ថា​ នឹង​មាន​ប្រកួត​ដណ្ដើម​ពាន​ជា​លក្ខណៈ​អន្តរជាតិ​នៅ​ថ្ងៃ​បើក​សម្ពោធ​ផ្លូវ​ការ​ជាមួយ​ក្លិប​បណ្ដា​ប្រទេស​អាស៊ាន​នោះ​គឺ​នឹង​មិន​មាន​ទេ​នៅ​ពេល​នេះ​ ប៉ុន្តែ​គម្រោង​នេះ​រង់ចាំ​ការ​ពិភាក្សា​គ្នា​នៅ​ពេល​ក្រោយ។

 

ស្វាយរៀង​នឹង​ក្លាយ​ជា​ក្លិប​លីក​ដំបូង​គេ​ ដែល​មាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការ​រៀប​ចំ​ការ​ប្រកួត​លក្ខណៈ​ក្នុង​ដី​ និង​ក្រៅ​ដី​(Home/Away) សម្រាប់​រដូវ​កាល​ Metfone Cambodian League 2015 ខាង​មុខ​នេះ​ បន្ទាប់​ពី​ឯក​ឧត្ដម​ សៅ​ សុខា​ បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា​នឹង​មាន​ការ​ប្រកួត​ក្នុង​ដី​ និង​ក្រៅ​ដី​ សម្រាប់​លីក​រដូវ​កាល​ក្រោយ៕

 

អត្ថបទ៖ អៀង សូទ្រី រូបថត៖ ក្លិប​ស្វាយរៀង