ប្រិយមិត្តធ្លាប់ដឹងអ្វីខ្លះ ពីការជិះកាណូតទេសចរណ៍នៅមុខវាំង?
- 2015-08-08 19:10:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រិយមិត្តធ្លាប់ដឹងអ្វីខ្លះ ពីការជិះកាណូតទេសចរណ៍នៅមុខវាំង?
ចន្លោះមិនឃើញ
នៅថ្ងៃសៅរ៍ សប្ដាហ៍នេះ Sabay សូមណែនាំតំបន់កម្សាន្តជិតបំផុតនៅក្នុងរាជធានីភ្នំពេញ នោះគឺការជិះកាណូតកម្សាន្តនៅមុខវាំង ដែលអាចស្រូបយកខ្យល់អាកាសបរិសុទ្ធ ទស្សនាទិដ្ឋភាពស្រស់បំព្រងនៅភ្នំពេញ រួមមានអគារខ្ពស់ៗ និង ឃើញពីជីវិតរស់នៅប្រចាំថ្ងៃ នៃអ្នករករបរកាណូតទេសចរណ៍ផង អ្នកនេសាទផង។ នេះបើតាមការប្រាប់ឲ្យដឹងពី លោក ឯល កាដូ អ្នកបើកកាណូតទេសចរណ៍ធន់មធ្យមប្រាប់ Sabay កាលពីពេលថ្មីៗនេះ។
“ឥឡូវភ្ញៀវបរទេសមិនសូវជិះកាណូតធន់មធ្យមយើងខ្ញុំទេ ភាគច្រើនជាភ្ញៀវខ្មែរ ហើយភ្ញៀវមកលេងជាក្រុមយុវវ័យខ្លះ ជាលក្ខណៈគ្រួសារខ្លះៗ។ មួយទៀតក្នុងរដូវភ្លៀងនេះ ភ្ញៀវក៏ចុះថយច្រើនដែរ ព្រោះខ្លះខ្លាចខ្យល់ ឬ រលកជាដើម"។ កាដូ និយាយ។
ចំពោះតម្លៃវិញ កាដូ បានបង្ហើបប្រាប់ថា កាណូត "សុខ ចំរើន" អាចផ្ទុកមនុស្សក្រោម ២០ នាក់ ដូច្នេះ ពួកគេអាចប៉ាវបាន គឺ ១ ម៉ោង ២០ ដុល្លារ ដែលផ្ទុកមនុស្សមិនឲ្យលើសចំនួនកំណត់ ហើយភ្ញៀវនឹងអាចទស្សនាពីកន្លែងចេញដំណើរនៅសួនច្បារ CDC បណ្ដែតចុះមកដល់មុខព្រះបរមរាជវាំងនៅអែបមាត់ច្រាំង រហូតដល់ទន្លេចតុមុខចំណុចប្រសព្វរវាង ទន្លេបាសាក់ ទន្លេសាប ទន្លេមេគង្គលើ និង ទន្លេមេគង្គក្រោម)។
"បើភ្ញៀវជួលទូកខ្ញុំច្រើនម៉ោង គឺពី ២-៣ ម៉ោង ខ្ញុំអាចនាំពួកគាត់ហួសហ្នឹងខ្ញុំអាចនាំពួកគាត់ទៅដល់កោះពេជ្រ ឆ្លងទៅដល់អរិយក្សត្រ មើលភូមបណ្ដែតទឹករបស់ជនជាតិវៀតណាម ឡើងទៅទន្លេមេគង្គក្រោមឧកញ៉ាតី ហើយពេលត្រលប់មកវិញ ខ្ញុំក៏អាចនាំភ្ញៀវទៅទស្សនាមាត់ទន្លេខាងជ្រោយចង្វារ និង ភូមិអ្នកនេសាទ ជនជាតិចាម រស់នៅលើទូក រួចវិលមកចូលចតវិញនៅសួនច្បារ CDC”។
អ្នកបើកកាណូតដែលមានអាយុជិត ៣០ ឆ្នាំ រូបនេះ បាននិយាយទៀតថា កាណូតរបស់លោកមានចង្ក្រានអាំងសាច់ ធុងទឹកកក និង ធុងបាស ដែលជួយសម្រួលដល់ភ្ញៀវមួយចំនួនមានបំណងចង់ធ្វើពិធីជប់លៀង ឬ ទិញម្ហូបអាហារញាំលើទូកបណ្ដើរ ទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាត លាយឡំ និង ខ្យល់បរិសុទ្ធ។
ចុះប្រិយមិត្តមានចំណាប់អារម្មណ៍បែបណាចំពោះការកម្សាន្ដជិះទូកលេងនៅមុខវាំង? ហើយប្រិយមិត្តធ្លាប់ជិះហើយមានយោបល់ដូចម្ដេចខ្លះ? កុំភ្លេចចូលរួមផ្ដល់យោបល់ទាំងអស់គ្នាណា៎! អត្ថបទ៖ ប៊ិន ប៊ុណ្ណា រូបថត៖ ទូរសព្ទដៃ