បន្លែ​ដំបូង​​​ ដាំ​បាន​នៅ​​​​លើ​អវកាស​ផ្ទាល់ ​នឹង​បាន​បរិភោគ​ដោយ​អវកាស​យានិក​

  • 2015-08-10 16:30:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ច័ន្ទ​ ទី១០ ខែ​សីហា​នេះ ​​ក្រុម​​អវកាស​យានិកនៅ​ស្ថានីយ​អវកាស​អន្តរជាតិ ISS ​នឹង​ធ្វើ​ការ​​បរិភោគ​​អាហារ​​ពិសេស​ដំបូង​​ធ្វើ​ពី​បន្លែ​​ស្រស់​ ដែល​ត្រូវ​បាន​​ដាំ​​នៅ​លើ​​​ ISS​ ផ្ទាល់។

 

 

​បន្លែ​​ដែល​ក្រុម​​អវកាស​យានិក​នឹង​ធ្វើ​ការ​បរិភាគ​នោះ​គឺ​​​បន្លែ​​សាឡាត់​ពណ៌​ក្រហម ​ដែល​ត្រូវ​បាន​ដាំ​អស់​រយៈ​ពេល​ ១៥ខែ​ ​ដោយ​ការ​ប្រើ​​ប្រព័ន្ធ​ Veg-01 (ការ​ប្រើ​ភ្លើង​ LED ​ពណ៌​ក្រហម ខៀវ និង ពណ៌​បៃ​តង​ក្នុង​ការ​​ដាំ​វា​ឡើង)។

 

​NASA ​បាន​និយាយ​ឲ្យ​ដឹង​ថា​​ ក្រុម​អវកាសយានិក​​នឹង​សម្អាត​​​សាឡាត់​ពាក់​កណ្ដាល​ដែល​បាន​ប្រមូល​ផល​​នោះ​ដោយ​ប្រើ​​អាស៊ីដ​ក្រូច​ឆ្មា​ដើម្បី​សម្អាត​ឲ្យ​មាន​អនាម័យមុន​នឹង​ធ្វើការ​​បរិភោគ​។​ ចំណែក​ឯ​ពាក់​កណ្ដាល​ទៀត​នឹង​​ដាក់​ក្លាសេ​​ទុក​ ហើយ​នាំ​យក​ទៅ​ធ្វើ​ការ​វិភាគ ​និង​ពិសោធន៍​បន្ថែម​នៅ​ភព​ផែនដី។

 

 

Ray Wheeler ​ប្រធាន​ស្រាវជ្រាវ​គម្រោង​នេះ​បាន​ប្រាប់​ទៅ​កាន់​ភ្នាក់ងារ​វិបសាយ​របស់​ NASA ថា​៖ “ប្រភេទ​អាហារ​ស្រស់​ដូចជា​​ ប៉េងប៉ោះ Blueberry និង​សាឡាត់​ក្រហម​​គឺ​ជា​ប្រភេទ​អាហារ​ល្អ​ក្នុង​ការ​​ប្រឆាំង​នឹង​សារធាតុ​អុកស៊ីតកម្ម។​ ដូច្នេះ​​ប្រសិន​អាហារ​បែប​នេះ​​​អាច​ដាំ​បាន​នៅ​លើ​អវកាស​​ដូចនេះ ​​វា​គឺ​ជា​ផល​ល្អ​យ៉ាង​ខ្លាំង​ ហើយ​​វា​នឹង​ផ្ដល់​ផល​ប៉ះពាល់​​វិជ្ជមាន​​ដល់​អារម្មណ៍​​​អវកាសយានិក​ ​និង​​បាន​ផ្ដល់​ការ​ការពារ​ប្រឆាំង​នឹង​សារធាតុ​វិទ្យុសកម្ម​នៅ​លើ​អវកាស​ផង​ដែរ។

 

 

​NASA ​បាន​បន្ថែម​ទៀត​ថា ​​ខ្លួន​សង្ឃឹម​ថា​ ​ការ​ដាំ​ដុះ​បន្លែ​នៅ​លើ​អវកាស​នឹង​ក្លាយ​ជា​លក្ខណៈ​ដ៏​មាន​តម្លៃ​មួយ​សម្រាប់​ជីវិត​នៅ​លើ​ស្ថានីយ​អវកាស ​​ក៏​ដូច​ជា​សម្រាប់​ជីវិត​នៅ​លើ​ភពព្រះ​អង្គារ​នា​ពេល​អនាគត៕

 

 

អាន​បន្ត៖ ​​វីដេអូ​​ដុំ​អាចម៍​ផ្កាយ​យក្ស​​ផ្ទុក​លោហធាតុ​ប្លាទីន ៩០លាន​តោន​​​ហោះ​ឆ្លង​ភព​ផែន​ដី

 

ប្រែ​សម្រួល៖ សំនៀង ប្រភព៖ qz

អត្ថបទពេញនិយម
អត្ថបទថ្មី