អតីត​តួ​ស្រី​មោឃៗ​ជំនះ​ម្តាយ​ព្រោះ​តែ​ ​​​​សុគន្ធ ថេរ៉ាយុ

  • 2015-08-13 16:07:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តក់ ពិសី អតីត​តួ​ស្រី​មោឃៗ​ក្នុង​បទ​ចម្រៀង "ស្រី​មោឃ​ម្នាក់​ក៏​ស្រឡាញ់​បង" បាន​ជំនះ​ និង​ព្យាយាម​ពន្យល់​ប្រាប់​អ្នក​ម្តាយ​​ដើម្បី​ឲ្យ​បំណង​ខ្លួន​បាន​សម្រេច​ក្នុង​ការ​ប្រឡូក​វិស័យ​សិល្បៈ​ ។ជាមួយ​គ្នា​ដោយ​សារ​​មាន​ការ​ជុំរុញ​ និង​លើក​ទឹក​ចិត្ត​ពី​តារា​ចម្រៀង​ លោក​ សុគន្ធ ថេរ៉ាយុ ផង​ដែរ។

 

 

“​ ចាស​បង​...ឥឡូវ​នេះ​ខ្ញុំ​បាន​ប្រឡូក​ចូល​សិល្បៈ​ពេញ​ទំហឹង​ហើយ​បង​ បន្ទាប់​ពី​មាន​ការ​ជ្រោម​ជ្រែង​ពី​បង ថេរ៉ាយុ ពេល​ដែល​​​ខ្ញុំ​បាន​ឡើង​លេង​នៅ​ក្នុង​កម្មវិធី​ "ស្នេហ៍​អាថ៌​កំបាំង​" ហើយ​​​ឈ្នះ​បាន​ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយ​គាត់"។ ពិសី ថ្លែង​។​

 

អតីត​តួ​ស្រី​មោឃ​ៗ​រូបនេះ​បន្ត​ទៀត​​ថា ​​​តាំង​តែ​ពី​ដើម​ឡើយ​ម្តាយ​របស់​នាង​មិន​ដែល​​បើក​ឱកាស​ឲ្យ​កូន​ស្រី​របស់​ខ្លួន​​​ចូល​សិល្បៈ​នោះ​ទេ​។ សាម៉ី​ខ្លួន​​ក៏​មិន​បាន​ជំទាស់​នឹង​គំនិត​អ្នក​ម្តាយ​​ដែរ​ប៉ុន្តែ​នាង​នៅ​តែ​មិន​បោះ​បង់​ចោល​ទាំង​ស្រុង​នោះ​ទេ​នៅ​តែ​បន្ត​ថត​ស្បត​តិច​តួច​ មុន​ពេល​អ្នក​មាន​គុណ​បើក​ផ្លូវ​នា​ពេល​ថ្មី​ៗ​នេះ។

 

ទោះ​បីយ៉ាង ពិសី​ បាន​ដាក់​​មាន​លក្ខខណ្ឌ​គឺ​មិន​ឲ្យ​បោះ​បង់​ចោល​ការ​សិក្សា​ដាច់​ខាត៖ “ថ្វី​ត្បិត​តែ​ខ្ញុំ​បាន​ចូល​សិល្បៈ​ពេញ​ទំហឹង​មែនបង​...​ប៉ុន្តែ​ម៉ាក់​គាត់​មាន​លក្ខខណ្ឌ​គឺ​ដាច់​ខាត​ហាម​បោះបង់​ចោល​ការ​សិក្សា​ ត្រូវ​ធ្វើ​យ៉ាងណា​ប្រឹង​រៀន​ឲ្យ​បាន​ចប់​ចុង​ចប់​ដើមដែរ​បង​"។ ពិសី និយាយមក​កាន់​ Sabay។

 

មិន​មែន​មាន​តែ​អ្នក​ម្តាយ​របស់​ពិសី​ប៉ុណ្ណោះ​ទេ​ដែល​ហាម​ឃាត់​រូប​នាង​មិន​ឲ្យ​ប្រឡូក​ក្នុង​វិស័យ​នេះ​ នាង​ប្រាប់​ថា​នៅ​មាន​​​បង​ប្អូន​ដទៃ​ទៀត ក៏​​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ចាប់​យក​អាជីព​នេះ​ដែរ ព្រោះ​តែ​ពួកគេ​មាន​ការ​បារម្ភ ដោយ​សារ​យល់​ថា​នៅ​ក្នុង​វិស័យ​សិល្បៈ​ អាច​ប្រឈម​នឹង​រឿង​មិន​ល្អនានា។ នេះ​ជា​រឿង​មួយ ឯ​រឿង​មួយ​ទៀត គឺ​រមែង​មាន​ឈុត​ស្នេហា​ដែល​ម្ដាយ​មិន​ចូល​ចិត្ត និង​ពេល​ខ្លះ​ការ​ថត តម្រូវ​ឲ្យ​​ទីតាំង​ឆ្ងាយៗ​ ដូចជា​នៅ​តាម​ខេត្ត​ជាដើម​ ម្ដាយ​ក៏​មិន​ចង់​ឲ្យ​ទៅ​ដែរ។

 

 

 

យ៉ាង​ណា បញ្ហា​ទាំង​ឡាយ​ត្រូវ​បាន​ដោះ​ស្រាយ ដោយ​ពិសី ទទួល​យក​លក្ខខណ្ឌ​របស់​ម្ដាយ គឺ​នឹង​តស៊ូ​រៀន​ឲ្យ​ចប់​ចុង​ចប់​ដើម។ ​ក្រោយ​ទទួល​បាន​ភ្លើង​ខៀវ​ពី​ម្ដាយ យុវតី​វ័យ​២១រូប​នេះ បញ្ជាក់​​ទៀត​ថា ​ឥឡូវ​នេះ​រូបនាង​កំពុង​តែ​ធ្វើ​ជា​ពិធី​ការនី​នៅក្នុង​កម្ម​វិធី​ "១០១ ways" ដោយ​ចាប់​ដៃ​គូ​ជា​មួយ អែនប៊ី ​របស់​ទូរទស្សន៍​ Mytv បាន​ជាង​មួយ​ខែ​ហើយ​។

 

មុន​នឹង​ឈាន​ជើង​ក្លាយ​ជា​ពិធី​ការនី​ក្នុង​កម្មវិធី​ខាង​លើ​ ពិសី​ បាន​ប្រាប់​ថា​ ដោយ​សារ​ខាង​អ្នក​ដឹក​នាំ​កម្មវិធី​មើល​ឃើញ​ពី​សមត្ថភាព​នាង​ពេល​ឡើង​លេង​នៅ​ក្នុង​កម្មវិធី​ "​ស្នេហ៍​អាថ៌​កំបាំង​"​របស់​ទូរទស្សន៍​CTN​​។ ថ្មី​ៗ​នេះ​ ពិសី ទើប​តែ​​ថត​ឲ្យ​​​​ខាង​ទស្សនា​វដ្តី Justeen Magazine និង Ladies Magazine ផង​ដែរ៕

 

អត្ថបទ៖ ថា ម៉ាលីដា