ត្រឹម២ថ្ងៃក្រោយធ្លាក់ពី Cambodian Idol ឈួរ ស្រីរ័ត្ន ក្លាយជាតារាចម្រៀងអាជីព
- 2015-08-18 19:22:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រឹម២ថ្ងៃក្រោយធ្លាក់ពី Cambodian Idol ឈួរ ស្រីរ័ត្ន ក្លាយជាតារាចម្រៀងអាជីព
ចន្លោះមិនឃើញ
ឈួរ ស្រីរ័ត្ន រំភើបចិត្តក្រោយពីធ្លាក់នៅក្នុងកម្មវិធី Cambodian Idol បាន២ថ្ងៃហើយត្រូវបានខាងអ្នកដឹកនាំម្នាក់អញ្ជើញរូបនាងឲ្យចូលច្រៀងនៅក្នុងផលិតកម្ម។
“ចាសបង...ថ្វីត្បិតតែខ្ញុំមិនបានជាប់នៅក្នុងកម្មវិធី Cambodian Idol ក៏ដោយប៉ុន្តែខ្ញុំក៏មិនអស់សង្ឃឹមព្រោះមានបងអ្នកដឹកនាំខាងផលិតកម្មសាស្ត្រាពេញចិត្តនឹងសំឡេងខ្ញុំលើកទឹកចិត្តហើយបានហៅខ្ញុំទៅច្រៀងឲ្យផលិតកម្មគាត់។ ដំបូងខ្ញុំគិតថាប្រហែលជាគាត់ទាក់ទងមកសួរនាំអីធម្មតា ហើយខ្ញុំក៏មិននឹកស្មានថាគាត់ហៅខ្ញុំទៅច្រៀងចឹងទេបង...ដល់ពេលខ្ញុំនិយាយជាមួយគាត់យូរៗទៅទើបដឹងថាគាត់ពេញចិត្តនឹងសំឡេងរបស់ខ្ញុំ"។ ស្រីរ័ត្ន ពោលមកកាន់Sabay។
ពីមុន ស្រីរ័ត្ន បានប្រាប់ថាធ្លាប់តែច្រៀងនៅតាមអកកេះ ឬតាមពិធីផ្សេងៗប៉ុន្តែឥឡូវនេះរូបនាងបានវិវត្តខ្លួនមកជាតារានៅក្នុងផលិតកម្ម Sastra Film ហើយមានបទចម្រៀងផ្ទាល់ខ្លួនដែលធ្វើឲ្យទស្សនិកជនមានការគាំទ្រ និងស្គាល់រូបនាងកាន់តែខ្លាំង។
ក្នុងនោះស្រីរ័ត្នបាននាំមកនូវបទចម្រៀង២បទធ្វើឲ្យចាក់ដល់បេះដូងទស្សនិកជន មានដូចជាបទ " មួយលានបែកមួយលានជួប" និងបទ " ម្នាក់ក្នុងចំណោមមួយម៉ឺន"។
បេក្ខនារីក្នុងកម្មវិធីខាងលើ បានបង្ហាញពីភាពត្រេកអរដែលនាងមិននឹងស្មានដល់៖"ខ្ញុំសប្បាយចិត្តរកអ្វីប្រៀបផ្ទឹមពុំបានទេបង ព្រោះមិននឹងស្មានថាបទចម្រៀងដែលចេញមកមានការគាំទ្រយ៉ាងនេះ។ ហើយសមិទ្ធផលនេះ មិនមែនដោយសារតែសំឡេងខ្ញុំមួយមុខនោះទេ គឺមានការខិតខំប្រឹងប្រែងទាំងអស់គ្នាពីក្រុមការងារពួកគាត់ជួយខ្ញុំច្រើនណាស់"។
រូបភាព៖ ផ្ដល់ដោយ ស្រីរ័ត្ន
ឈួរ ស្រីរ័ត្ន បានធ្លាក់ពីកម្មវិធី Cambodian Idol វគ្គ Judge Audition ក្រោយគណៈកម្មការតែមួយរូបប៉ុណ្ណោះ ក្នុងចំណោម៤ បានជ្រើសរើសយករូបនាង បន្ទាប់ពីនាងមានកំហុសឆ្គង ឈ្លក់ទឹកមាត់ អំឡុងពេលកំពុងបកស្រាយបទចម្រៀង។ ទោះយ៉ាងណា បែរជាទទួលបានការចាប់អារម្មណ៍ពី ប៊ុនចាន់ និមល អ្នកដឹកនាំនៅក្នុងផលិតកម្ម Sastra វិញ ជាហេតុធ្វើឲ្យនាងក្លាយជាតារាចម្រៀងផលិតកម្មមួយនេះ។
អ្នកដឹកនាំផលិតកម្មខាង បានប្រាប់ថា លោកមានការពេញចិត្តយ៉ាងខ្លាំងចំពោះទឹកដមសំឡេងរបស់ ស្រីរ័ត្ន ទើបសម្រេចផ្ដល់ឱកាសឲ្យនាងមកចូលច្រៀងក្នុងផលិតកម្មតែម្ដង។
"បងពេញចិត្តនឹងទឹកដមសម្លេងរបស់ស្រីរ័ត្ន ហើយពេលនោះគាត់ធ្លាក់ពី Cambodian Idol បាន២ថ្ងៃបងខលទៅទាក់ទងគាត់តែម្តង។ ចំណុចនេះ បងក៏មិនសូវដឹងច្បាស់ទេអូន...គណៈកម្មការគេមានលក្ខខណ្ឌរបស់គេ អីចឹងយើងមិនអាចបន្ទោសថាពួកគាត់។ ផលិតកម្មបងក៏ដូចគ្នា បងមានលក្ខខណ្ឌរបស់បង ព្រោះមានអ្នកដាក់សំឡេងមកខាងផលិតកម្មបងច្រើនណាស់ប៉ុន្តែបងអត់យកដូចគ្នាព្រោះ ព្រោះខុសពីអ្វីដែលបងចង់បាន"។ អ្នកដឹកនាំ ប៊ុនចាន់ និមល ថ្លែង។
កញ្ញា ឈួរ ស្រីរ័ត្ន មានស្រុកកំណើតនៅខេត្តកណ្តាល លោកឪពុកឈ្មោះ ជោត ម៉េងសួរ អ្នកម្តាយ ម៉ម រេន។ ស្រីរ័ត្នជាកូនទី១ក្នុងចំណោមបងប្អូន៣នាក់៕
អត្ថបទ៖ ថា ម៉ាលីដា