ស្ទិល៦យ៉ាងរបស់«មេ»ដែលកូនចៅស្ទើរៗត្រូវបះសក់
- 2015-08-19 15:42:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ទិល៦យ៉ាងរបស់«មេ»ដែលកូនចៅស្ទើរៗត្រូវបះសក់
ចន្លោះមិនឃើញ
វាល្អដែរ ចៅហ្វាយម្នាក់ៗតែងយល់ថាខ្លួនជាមេចិត្តបានជ្រុល ស្លូតជ្រុល ហើយជួនកាលយល់ថាគួរកាត់បន្ថយសកម្មភាពខ្លះដើម្បីឲ្យក្លាយជាមេម្នាក់មិនសូវឈឺក្បាល។ តែមុនពេលអះអាងថាខ្លួនជានាយចៅហ្វាយល្អ សូមផ្ទៀងមើលស្ទិល៦យ៉ាងខាងក្រោមនេះក្រែងច្រឡំមានមួយស្ទិលណាមកជាប់ខ្លួននឹងគេដែរ។
១. ចៅហ្វាយប្រភេទកំពូលអ្នកគ្រប់គ្រង
ចៅហ្វាយស្ទិលមួយនេះ តែងចង់ដឹងទំាងអស់ថាអ្នកធ្វើអ្វីក្នុងម៉ោងនីមួយៗ ថ្ងៃនីមួយៗ ពេលនីមួយៗនាទីនីមួយៗ និងអាចឈានដល់ចង់អានអ៊ីមែលទាំងអស់ដែលអ្នកបានទទួលមកឬបានផ្ញើចេញ។ គាត់យល់ថា គ្រប់យ៉ាងក្នុងជីវិតរបស់អ្នកគឺសុទ្ធតែត្រូវរាយការណ៍។ សោកស្តាយផងដែលអ្នកមកជាប់គុកមួយនេះ បើចង់នៅតស៊ូនឹងគាត់ ទៅរៀនវិធីរាយការណ៍លឿន ល្អិត និងប្រកបដោយប្រសិទ្ធភាព ទើបអាចទប់ទល់បាន។
២. ចៅហ្វាយប្រភេទគ្រូបង្វឹក
ចៅហ្វាយនេះមានស្ទិលជាអ្នកចាត់ការទូទៅមួយ ដែលការងារប្រចាំថ្ងៃរបស់គាត់ គឺរុករកមើលថាតើអ្នកកំពុងធ្វើអ្វីខុសខ្លះ? គាត់អាចពិន័យ បញ្ឈប់ ឬផ្លាស់ប្ដូរអ្នកនៅពាក់កណ្ដាលការប្រកួតបាន ព្រោះរបៀបរបស់គាត់គឺតែងតែតក់ក្រហល់ដូចនៅលើសង្វៀនបាល់ទាត់។ បើមានចៅហ្វាយបែបនេះអ្នកគួរតែជាខ្សែប្រយុទ្ធដ៏ពូកែ ពុំនោះទេអ្នកនឹងត្រូវឈរនៅកន្លៀតជញ្ជាំង។
៣. ចៅហ្វាយប្រភេទចារកម្ម FBI
ចៅហ្វាយជាភ្នាក់ងារសម្ងាត់នេះពុំដែលមានគំនិតក្នុងការព្រមឲ្យអ្នកដឹងឮពីគម្រោងអនាគតរបស់គាត់របស់ក្រុមហ៊ុន ហើយមិនឲ្យអ្នកដឹងសូម្បីថាតើអនាគតការងារអ្នកនឹងទៅជាយ៉ាងណា? គាត់មិនដែលទុកចិត្តអ្នកណាម្នាក់ ក៏មិនដែលឆ្លើយនឹងសំណួររកហេតុផល។ ចម្លើយភាគច្រើនគឺ «ធ្វើតាមខ្ញុំប្រាប់! សូមទោសនេះជារឿងលាក់ការណ៍!»
៤. ចៅហ្វាយជាកំពូលអ្នកស្រមៃ
គាត់តែងក្រោកពីមុងមកជាមួយគំនិតថ្មីៗដ៏អស្ចារ្យហើយកោះហៅប្រជុំវិសាមញ្ញ បញ្ចេញមកនូវគំនិតច្នៃប្រឌិតទំាងនោះព្រមទាំងកំណត់ឲ្យអនុវត្តវានៅយូរបំផុតត្រឹមសប្តាហ៍ក្រោយ។ មានចៅហ្វាយបែបនេះ គម្រោងការសំខាន់របស់អ្នកមិនគួរចំណាយពេលរៀបចំទេ ព្រោះរង់ចាំបត់បែនតាមគម្រោងការរបស់គាត់ប្រហែលល្អជាង។ ហើយផ្តាំផងត្រូវពូកែឲ្យស្ទាត់នូវពាក្យថា Cool Wow Awesome អីជាដើម នៅរាល់ពេលស្តាប់ការពណ៌នារបស់គាត់។
៥. ចៅហ្វាយស្ទាវ
ទោះបីអ្នកចាស់ហើយ គាត់នៅតែចង់ឲ្យអ្នកមានគំនិតជាស្ទាវម្នាក់។ គាត់រិះគន់ថាភាពសុភាពរាបសារបស់អ្នកធ្វើឲ្យក្រុមហ៊ុនគាត់ក្លាយទៅជាអង្គការ UNESCO។ គាត់យកក្មេងៗជាច្រើនចេញពីសាលាថ្មីៗមកធ្វើជាមេដឹកនាំលើបុគ្គលិកដែលចាស់ៗមិនសូវស្ទាវដូចគាត់ ហើយគាត់យល់ថានិយាយមិនសូវស៊ីខ្សែនឹងអ្នកសោះ គំនិតអ្នកខ្លាចនេះខ្លាចនោះជ្រុលពេក។ ស្រលាញ់ចៅហ្វាយរបៀបនេះនឹងចង់បន្តនិស្ស័យជាមួយគាត់ សូមរៀនវិធីសំខាន់មួយគឺធ្វើអ្វីដែលមនុស្សទូទៅគេមិនធ្វើ ដើម្បីឲ្យគាត់យល់ថាយើងចម្លែកជាងដែលគាត់គិតទៅទៀត។ គឺស្ទាវជាងគាត់ទៅទៀត យេ!។
៦. ចៅហ្វាយចិត្តបុណ្យ
អូហូ ចៅហ្វាយបែបនេះកំពូលល្អ។ អ្នកធ្វើការមិនបានក៏មិនអី អ្នកឈឺកាលណា មានមុខគាត់ទិញក្រូចទៅមើល អ្នកមានបញ្ហាជាមួយសង្សារ គាត់ឆាតមកថែទំាចិត្តផងក៏មាន។ អ្នកធ្លាក់ទឹកចិត្តគាត់បន្ថយការងារបន្ថែមប្រាក់ខែឲ្យទៀត។ គាត់តែងនិយាយថា ឱកាសត្រូវតែផ្តល់ឲ្យមនុស្សជានិច្ចហើយនៅធ្វើការអ្នកមិនដែលខ្វល់ខ្វាយអី្វទំាងអស់។ នៅទីនេះ អ្នកណាក៏មានក្តីសុខដែរ មានអីត្រូវពិបាកទៀត ធ្វើការនៅទីនោះឲ្យបានកាន់យូរតាមដែលអាចធ្វើបានទៅ ព្រោះអ្នកគ្មានចេះអីទេ គ្រប់យ៉ាងចៅហ្វាងរ៉ាប់រងអស់ទៅហើយ ហើយត្រៀមៗផងក្រុមហ៊ុននោះក៏ប្រហែលនៅមិនបានយូរដែរ ព្រោះចៅហ្វាយចិត្តបុណ្យ៕
-ចុចអាន៖ អ្នកជំនាញអចលនទ្រព្យប្រាប់វិធីទិញដី-ផ្ទះធូរថ្លៃ ហើយចំណេញច្រើន
អត្ថបទ៖ Sabay