សម្រាក​ភ្លាម​ ភ្នំពេញ​ក្រោន​ចេញ​ដំណើរ​ទៅ​ប្រកួត​មិត្តភាព​៣​ខេត្ត​

  • 2015-08-18 17:57:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​ថ្ងៃ​អង្គារ​ ទី​១៨​សីហា​នេះ​ ក្រុម​បាល់ទាត់​ភ្នំពេញ​ក្រោន​បាន​ធ្វើ​ដំណើរ​ទៅ​ទឹក​ដី​បេតិកភណ្ឌ​ពិភព​លោក​ សៀម​រាប និង​២​ខេត្ត​ផ្សេង​ទៀត​​ដើម្បី​ប្រកួត​មិត្តភាព​កម្តៅ​សាច់​ដុំ​ បន្ទាប់​ពី​លីក​បាល់ទាត់​កំពូល​កម្ពុជា​​សម្រាក​មួយ​រយៈ​ពេល។

 

 

លីក​បាល់ទាត់​កម្ពុជា​ឆ្នាំ​២០១៥​ត្រូវ​បាន​ផ្អាក​ការ​ប្រកួត​ចាប់​ថ្ងៃ​ទី​១៦​សីហា​ម្សិល​មិញ​រហូត​ដល់​ថ្ងៃ​ទី​១២​​កញ្ញា​ទើប​ដំណើរ​ការ​ប្រកួត​ឡើង​វិញ​សម្រាប់​​ជើង​ទី​២​​ដើម្បី​ទុក​ឱកាស​ឲ្យ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ទាំង​ក្រុម​ធំ​ត្រៀម​ខ្លួន​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភព​លោក​ឆ្នាំ​២០១៨ និង​ក្រុម U19 ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ U19 AFF Youth Championship 2015 នៅ​ប្រទេស​ឡាវ។

 

ក្នុង​រយៈ​ពេល​សម្រាក​នេះ​សមាជិក​ក្រុម​ភ្នំពេញ​ក្រោន​ដែល​មិន​ជាប់​ជម្រើស​ជាតិ​ និង​ថ្នាក់​ដឹក​នាំ​មិន​សម្រាក​ឡើយ​គឺ​ចេញ​ដំណើរ​ទៅ​តាម​រួម​ខេត្ត​ចំនួន​៣​គឺ​សៀមរាប​ ក្រុង​ប៉ោយប៉ែតក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​​ និង​ខេត្ត​បាត់ដំបង​ដើម្បី​ប្រកួត​មិត្តភាព​កម្តៅ​សាច់​ដុំ​ និង​រួម​ចំណែក​ជំរុញ​ទឹក​​ចិត្ត​ដល់​ក្មេង​ៗ​ជំនាន់​ក្រោយ​ដែល​និយម​លេង​បាល់ទាត់​ផង​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ក្រុម​ភ្នំពេញ​ក្រោន​ក៏​នឹង​បើក​បង្ហាត់​បង្ហាញ​ពី​របៀប​លេង​បាល់​នៅ​ទី​រួម​ខេត្ត​សៀមរាប និង​ប៉ោយប៉ែត​ទៀត​ផង​ដែល​មាន​ការ​ជួយ​ពី​យុវជន​ SALT Academy។

 

តាម​ការ​គ្រោង​ទុក​នៅ​រសៀល​ថ្ងៃ​ទី​១៨​សីហា​នេះ​ ក្រុម​ភ្នំពេញ​ប្រកួត​នឹង​ប្រកួត​ជា​មួយ​ក្រុម​ Next Step FF នៅ​ទី​លាន​ហ្វូតសាល​ Galaxy Goal ក្នុង​ខេត្ត​សៀមរាប​វេលា​ម៉ោង​៦​ល្ងាច។​ ក្រុម​កីឡាករ​ និង​ថ្នាក់​ដឹក​នាំ​ក៏​នឹង​ចំណាយ​ពេល​ខ្លះ​ៗ​ទៅ​ទស្សនា​ប្រាសាទ​អង្គរ​វត្ត​ផង​ដែរ។

 

នៅ​ថ្ងៃ​សុក្រ​ ទី​២១​ ភ្នំពេញ​ក្រោន​នឹង​ប្រកួត​ជា​មួយ​ Kbal Spean FC នៅ​ទីលាន​ 855Crown ក្នុង​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយ​មាន​ជ័យ​វេលា​ម៉ោង​៥​ល្ងាច និង​ថ្ងៃ​សៅរ៍​ ទី​២២​ ភ្នំពេញ​ក្រោន​ប៉ះ​ក្រុម​ Star Light FC នៅ​ទី​លាន​​វាល​បែក​ចាន​ខេត្ត​បាត់ដំបង​វេលា​ម៉ោង​៣:៣០​នាទី​រសៀល។

 

អ្នក​និយម​ចូល​ចិត្ត​បាល់ទាត់​ក្នុង​ខេត្ត​សៀមរាប​ ក្នុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយ​មាន​ជ័យ​ និង​នៅ​ខេត្ត​បាត់ដំបង​អាច​ចូល​រួម​ទស្សនា​ដោយ​សេរី​ និង​ជួប​កីឡាករ​បាល់ទាត់​របស់​ភ្នំពេញ​ក្រោន​ឆ្នើម​ៗ៕

 

អត្ថបទ៖ ជាន ចាន់រ៉ា​