អច្ឆរិយប្រទេសកម្ពុជា នាំឲ្យជនជាតិកូរ៉េមួយរូបដកចិត្តមិនរួច
- 2015-08-19 20:35:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អច្ឆរិយប្រទេសកម្ពុជា នាំឲ្យជនជាតិកូរ៉េមួយរូបដកចិត្តមិនរួច
ចន្លោះមិនឃើញ
អ្នកនាង An So Hyun បានធ្វើដំណើរមកកម្សាន្តប្រទេសកម្ពុជានៅឆ្នាំ ២០០៥។ ក្រៅពីទាក់ចិត្តទៅសម្រស់ធម្មជាតិនិងសម្បត្តិវប្បធម៌ជាកេរតំណែលដ៏អស្ចារ្យជាច្រើន អ្វីធ្វើឲ្យអ្នកនាង An So Hyun ដកចិត្តនិងចាប់អារម្មណ៍ប្រទេសកម្ពុជាគឺស្នាមញញឹមដ៏រួសរាយរាក់ទាក់របស់ពលរដ្ឋខ្មែរ ដែលបង្ហាញពីការស្វាគមន៍ដល់ភ្ញៀវទេសចរទាំងឡាយ។
អ្នកនាង An So Hyun (រូបខាងស្តាំ)
អ្នកនាង An So Hyun ជាមគ្គុទ្ទេសក៍ទេសចរប្រចាំប្រទេសកូរ៉េ។ អ្នកនាងបានដឹកនាំភ្ញៀវទេសចរខ្មែរមួយក្រុមរួមទាំងបណ្ដាញសារព័ត៌មានមួយចំនួន ធ្វើដំណើរទេសចរកម្សាន្តស្វែងយល់ពីសក្តានុពលទេសចរប្រទេសកូរ៉េកាលពីពេលថ្មីៗនេះ។ ឆ្លៀតក្នុងពេលនាំភ្ញៀវទេសចរខ្មែរទស្សនាតំបន់កម្សាន្តនានាជាច្រើន អ្នកនាងក៏បានរំលឹកពីប្រវត្តិមកទស្សនាប្រទេសកម្ពុជា ដែលធ្វើឲ្យអ្នកនាងមិនអាចបំភ្លេចបាន។
អ្នកនាង An So Hyun បានឲ្យដឹងថា អ្នកនាងធ្លាប់ធ្វើដំណើរវិស្សមកាលមកប្រទេសកម្ពុជាជាលើកដំបូងក្នុងអំឡុងឆ្នាំ ២០០៥។ ក្នុងពេលធ្វើដំណើរកម្សាន្ត អ្នកនាងចាប់អារម្មណ៍ជាខ្លាំងពីសម្បត្តិវប្បធម៌ដ៏អស្ចារ្យនៃប្រទេសកម្ពុជា និងភាពរួសរាយរាក់ទាក់នៃពលរដ្ឋខ្មែរដែលធ្វើឲ្យអ្នកនាងមានភាពកក់ក្តៅសម្រាប់ការមកកម្សាន្តប្រទេសកម្ពុជាជាលើកដំបូង។
អ្នកនាងថា ប្រទេសកម្ពុជាមានសម្បត្តិវប្បធម៌ជាច្រើន មានប្រាសាទអង្គរវត្តដ៏ស្រស់ស្អាតជាអច្ឆរិយរបស់ពិភពលោក ដែលធ្វើឲ្យជនជាតិដទៃរួមទាំងអ្នកនាងមានការកោតស្ញប់ស្ញែងជាខ្លាំង។
[audio mp3="http://media.sabay.com/uploads/2015/08/Ah-Soo.mp3"][/audio]
អ្នកនាងថា ដោយសារតែភាពសំបូរបែបនៃធនធានធម្មជាតិ ក៏ដូចជាកេរដំណែលប្រវត្តិសាស្ត្រជាច្រើនធ្វើឲ្យភ្ញៀវទេសចរគ្រប់ជាតិសាសន៍នៅជុំវិញពិភពលោកតែងតែស្រមៃចង់ស្គាល់និងមកកម្សាន្តប្រទេសកម្ពុជា។
អ្នកនាងអះអាងថា អ្នកនាងក៏កំពុងមានគម្រោងធ្វើដំណើរមកទស្សនាប្រទេសកម្ពុជាជាថ្មីម្តងទៀតក្នុងពេលអនាគតដ៏ខ្លីខាងមុខ បន្ទាប់ពីទទួលបានបទពិសោធន៍ដ៏អស្ចារ្យសម្រាប់ការការធ្វើដំណើរជាលើកដំបូងមកកាន់ទឹកដីដ៏អស្ចារ្យនេះ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា