តាម​ឯកសារ សម្ដេច​តា ព្រះ​បរម​រតនកោដ្ឋ ជា​​​ផលិត​ករភាពយន្ត​ដំបូង​គេ​របស់​កម្ពុជា

  • 2014-10-15 19:35:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​យាង​ចូល​ព្រះទិវង្គត​កាល​ពី​កាល​ពី​យប់​រំលង​អធ្រាត្រ​ថ្ងៃ​ទី ១៥ តុលា ២០១២ ​ក្នុង​ព្រះ​ជន្មាយុ ៩០ ព្រះវស្សា​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន ដោយ​ព្រះ​រោគាពាធ សម្តេច​តា ព្រះ​បរម​រតន​កោដ្ឋ ព្រះ​វរ​រាជ​បិតា​ឯករាជ្យ​ភាព​ជាតិ​ខ្មែរ ក្នុង​ព្រះរាជកិច្ច​ការ​បូរណភាពទឹកដី និង​កសាង​ប្រទេស ទ្រង់​បាន​បន្សល់នូវ​​ស្នា​ព្រះហស្ដ​ជា​ច្រើន​លើ​គ្រប់​វិស័យ។

 

យោង​តាម​សៀវភៅ​កំណើត​កុន​ខ្មែរ ​ដែល​បោះពុម្ព​ផ្សាយ​ដោយ វិទ្យាស្ថានសិល្បៈ និង​វប្បធម៌ ​រៃយំ សម្ដេច​តា ព្រះ​បរម​រតនកោដ្ឋ ដែល​ប្រជានុរាស្ត្រ​ដឹង​ថា ជា​មគ្គុទេ្ទសក៍​សិល្បៈ​(ភាព​យន្ត និង​តន្ត្រី)ដ៏​ឆ្នើម​មួយ​ព្រះ​អង្គ​ផង​ដែរ​នោះ ព្រះអង្គ គឺ​ជា​ផលិតករ​កម្ពុជា​ដំបូង​គេ​ដែល​បាន​ផលិត​ភាពយន្ត​មុន​គេ​ដាក់​បញ្ចាំង​ជូន​ជន​រួម​ជាតិ​កម្ពុជា កូន​ចៅ ចៅ​ទួត និង​ចៅ​លួត​របស់​ព្រះ​អង្គ​បាន​ទស្សនា។

 

 

ដក​ស្រង់​ដោយ​សង្ខេប​ពី​សៀវភៅ កំណើត​កុន​ខ្មែរ គឺ​ភាពយន្ត ឬ​កុន (ពាក្យ កុន នេះ​ខ្មែរ​ហៅ​តាម​សៀម​ដែល​សរសេរ "កល" តែ​អាន​ថា "កុន” បាន​ចូល​មក​ស្រុក​ខ្មែរ​តាម​រយៈ​អាណា​ព្យាបាល​បារាំង។ រោង​ភាពយន្ត​ទី១ ដំបូង​គេ​នៅ​ទីក្រុង​ភ្នំពេញ​មាន​ឈ្មោះ​ថា Brignon ដែល​បាន​សម្ពោធ​ដាក់​បញ្ចាំង​នៅ​ក្នុង​ឆ្នាំ១៩០៩ ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ម្តុំ​មាត់​ទន្លេ។

 

នៅ​ឆ្នាំ​១៩៥១ តាម​កិច្ច​ព្រម​ព្រៀង​ផ្ទេរ​អំណាច​ពី​អាណា​ព្យាបាល​បារាំង​មក​ព្រះរាជាណាចក្រ កម្ពុជា មាន​ការ​បង្កើត​ការិយាល័យភាពយន្ត​ក្នុង​ក្រសួង​ឃោសនាការ(បច្ចុប្បន្ន​ក្រសួង​ព័ត៌មាន) ដែល​មាន​ភារកិច្ច​ពិនិត្យមើល​ភាពយន្ត​នាំ​ចូល​ពី​បរទេស សម្រាប់​យក​មក​បញ្ចាំង​ជូន​សាធារណជន​ទស្សនា ដែល​ភាគច្រើន​ជា​ខ្សែភាពយន្ត​បារាំង។ នៅពាក់​កណ្តាល​ទសវត្ស​ឆ្នាំ១៩៥០ ទើប​ចាប់​ផ្តើម​មាន​ភាពយន្ត​ដែល​នាំ​ចូល​មក​ពីឥណ្ឌា និង​សៀម​ចូល​មក​ស្រុក​ខ្មែរ។

 

យ៉ាង​ណា​ភាពយន្ត​ឥណ្ឌា​មាន​ប្រជាប្រិយភាព​ជាង ដោយ​សារ​តែសាច់រឿង​មាន​ទាក់ទង​នឹង​រឿងព្រេង​បុរាណ មានស្តេច មានឥសី មាន​របាំ​ចំរៀង​ជាដើម ដែល​ខ្មែរ​យើង​ចូល​ចិត្ត​មើល​ណាស់។ បន្ទាប់​ពី​ពេល​នោះ​មក​ហើយ ទើប​ការ​កសាង​ខ្សែ​ភាពយន្ត​ខ្មែរ​ដោយ​ខ្មែរ​ខ្លួន​ឯង បាន​ចាប់​កកើត​ឡើង។

 

ឯកសារ​បាន​សរសេរ​ទៀត ក្នុង​ប្រវត្តិសាស្រ្ត​ភាពយន្ត​ខ្មែរនេះ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​នរោត្តម ព្រះ​បរម​រតន​កោដ្ឋ ព្រះអង្គ​ជា​អ្នក​ថត​ភាពយន្ត​ខ្មែរ​មុន​ដំបូង​គេ គឺ​ព្រះ​អង្គ​ចាប់​ផ្តើម​ថត​ភាពយន្ត​ខ្លីៗ ដោយ​ប្រើហ្វីល ១៦មីល្លីម៉ែត្រ​ តាំងពី​ចុង​ទសវត្សឆ្នាំ១៩៤០ មក​ម៉្លេះ។

 

ក្រោយ​មក ទើប​មាន​ខ្មែរ​យើង​បាន​ទៅ​រៀន​ជំនាញ​បច្ចេកទេស​ថត​ភាពយន្ត​នៅ​ស្រុក​បារាំង ដូចជា​លោក រឿម ផុន លោក អៀវ ប៉ុណ្ណាការ​ (កូនប្រុស​លោក អៀវ កើស) និង​លោក សោម សំអាល់ ជាដើម បាន​ទៅ​រៀន​នៅ​សាលា Institut des Hautes Etudes Cinématographique ។

 

ក្រោយមក លោក សោម សំអាល់ ថត​បាន​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​មួយ​រឿង​មាន​ចំណង​ជើង​ថា "ផ្ការីកផ្ការោយ " និង​បាន​ដាក់​បញ្ចាំង​ជា​លើក​ដំបូង នៅ​រោង​ភាពយន្ត​កាពីតូល នា​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៦០។

 

បន្ត​ពី​នោះ ទើប​ក្រុម​អ្នក​ផលិត​ផ្សេង ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ការិយាល័យ​ឃោសនា​​ព័ត៌មាន​របស់​សហរដ្ឋ​អាមេរិក ហៅថា USIS (The United States of Information Service) ពោល​គឺ​ចាប់​តាំង​ពី​កម្ពុជា ទទួល​យក​ជំនួយ​ពី​សហរដ្ឋ​អាមេរិក​មក។ សម័យ​នោះ មន្ត្រី​ប៉ូលិស ទាហាន​ជា​ដើម ក៏​ត្រូវ​បាន​បង្ហាត់​ឲ្យ​ចេះ​កាន់​ម៉ាស៊ីន​ថត និង​ចេះ​ជួសជុល​ជា​ដើម ដើម្បី​ផលិត​ជា​ខ្សែ​ភាពយន្ត​ឯកសារ​ដែរ។

 

 

សរុប​មក​វិញ​ដោយ​យោង​តាម​ឯកសារ គឺ​សម្ដេច​តា ព្រះ​បរម​រតន​កោដ្ឋ គឺ​ជា​ផលិតករ​ភាពយន្ត​ដំបូង​គេ​នៅ​កម្ពុជា ដែល​ក្រោយ​មក​ព្រះអង្គ​បាន​បង្កើត​ស្នាព្រះហស្ត​ក្នុង​វិស័យ​សិល្បៈ​ភាពយន្ត និង​តន្ត្រី​ជា​ច្រើន​ទៀត។ តាម​ឯកសារ​ដែល​ដែល​បន្សល់​ទុក​លើ​គេហទំព័រ imdb និង casadei.fr ចុះ​ផ្សាយ​ដោយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ សម្ដេច​តា ព្រះ​បរម​រតន​កោដ្ឋ ព្រះ​អង្គ​បាន​ព្រះរាជ​តែង​និពន្ធ និង​ផលិត​ចេញ​ជា​ខ្សែ​ភាពយន្ត​មាន​ជាង ៣០​រឿង ក្នុង​នោះ​ភាគ​ច្រើន ចូល​សម្ដែង​ដោយ​ព្រះ​អង្គ​ផ្ទាល់។

 

ភាព​យន្ត​ដ៏​ចំណាស់​របស់​ព្រះ​អង្គ​មាន​ចំណង ជើង​ថា "អប្សរា" បាន​ផលិត​ឡើង​នៅ​ឆ្នាំ​១៩៦៦ ចូល​រួម​សម្ដែង​ដោយ​ព្រះ​នាង បុប្ផា ទេវី តារា​សម្ដែង ស័ក្ក​ស៊ី ស្បោង និង​សែ​រាជវង្ស​ជា​ច្រើន​ព្រះអង្គ​ទៀត។ ភាពយន្ត​ដែល​ជា​ស្នាព្រះហស្ត​របស់​ព្រះអង្គ​ផ្សេង​ទៀត មាន​ភាពយន្ត “Ombre sur Angkor” ផលិត​ឆ្នាំ ១៩៦៨ភាព​យន្ត “Twilight” ផលិត​ឆ្នាំ​១៩៦៩ និង​រឿង​ភាពយន្ត “Rose de Bokor" ផលិត​ឆ្នាំ​១៩៦៩ ជាដើម។

 

វិល​មក​តន្ត្រី​វិញ សម្ដេច​តា ព្រះ​បរម​រតន​កោដ្ឋ ក៏​បាន​បន្សល់​នូវ​ស្នាព្រះហស្ត​ជា​ច្រើន​ដូច​គ្នា។ បទ​ចម្រៀង "លា​ហើយ​កម្ពុជា" គឺ​ស្នា​ព្រះហស្ត​ចុង​ក្រោយ​មួយ​របស់​ព្រះអង្គ និង​ពេញ​និយម​បំផុត​បន្ទាប់​ព្រះអង្គ​យាង​ចូល​ទិវង្គត៕

 

សូម​រំលឹក​អនុស្សាវរីយ៍​ជាមួយ​ព្រះ​អង្គ​តាម​រយៈ​​បទ​នេះ​ទាំង​អស់​គ្នា...!

 

http://youtu.be/OwCaeKlhy60

 

ដោយ៖ ទារិកា

អត្ថបទថ្មី