អស្ចារ្យ​បទ​​ភេ្លង​បុរាណ​ខ្មែរ​ ទទួល​បាន​ការ​គាំ​ទ្រ​ទាំង​ក្នុង ​និង ​ក្រៅ​ប្រទេស ​

  • 2015-09-01 21:37:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកគ្រូ កែវ សុភី បាន​សម្ដែង​អារម្មណ៍​រំភើប​ គ្រាដែល​ឃើញ​បងប្អូន​ខ្មែរ ក៏ដូចជា ជនបរទេស​មួយចំនួន​គាំទ្រ​វីដេអូ​ នៃការ​​​ប្រគំតន្រ្តី​បុរាណ​ខ្មែរ​ចម្រុះជាតិសាសន៍​​មក​ពីប្រទេស​ក្នុង​តំបន់​អាស៊ាន ដែល​វីដេអូ​នេះ បាន​បង្ហោះ​នៅ​លើបណ្ដាញ​សង្គម​កាល​ពី​កន្លង​ទៅ​ថ្មីៗ​នេះ។

 

“ខ្ញុំ​ពិត​ជា​រំភើប​ និង ​សប្បាយ​ចិត្ត​ជា​ខ្លាំង​ពេល​ដែល​ឃើញ​វីដេអូ​របស់​ខ្ញុំ​មាន​គេ​ចូល​ទស្សនា​ច្រើន​ ព្រោះ​មិន​នឹក​ស្មាន​ថា​ ពួក​គាត់​ស្រលាញ់​ចូល​ចិត្ត​ភ្លេង​បុរាណ​ខ្មែរ​ដូច្នេះ​សោះ។ បាន​ជា​ខ្ញុំ​និយាយ​ចឹង​ ព្រោះ​សង្កេត​ឃើញ​ថា​វប្បធម៌​បរទេស​បាន​វាយ​លុក​ចូល​ប្រទេស​ខ្មែរ​យើង​ខ្លាំង​ណាស់​ហើយ​ប្រពៃណី​បទ​ភ្លេង​ខ្មែរ​យើង​សឹង​តែ​បាត់​បង់។ មិន​តែ​ប៉ុណ្ណោះ​កាល​​ខ្ញុំ​សម្ដែង​នៅ​ប្រទេស​កូរ៉េ​ពួក​គេបាន​យក​ចម្រៀង​យើង​​​ច្រៀង​​​រ​លេង​នៅ​តាម​ទី​កន្លែង​នានា​ដោយ​មិន​ដឹង​ខ្លួន​​ទៀត​ផង​"។ លោក កែវ សុភី និយាយ​ប្រាប់ Sabay។

 

វីដេអូ​យក​ចេញ​ពី​បណ្ដាញ​សង្គម​ Facebook ដែល​បាន​ចែកចាយ​កាល​ពីពេល​ថ្មីៗ​នេះ

 

 

 

សាស្ត្រាចារ្យ​នៃ​សកលវិទ្យាល័យ​ភូមិន្ទវិចិត្រ​​សិល្បៈ​ បន្ថែម​ទៀត​ថា​ វីដេអូ​នេះ​ លោក​គ្រូ​ សម្ដែង​តាំង​ពី​ឆ្នាំ ​២០១៣​ ​ប៉ុន្តែ​លោក​មិន​ដែល​បាន​យក​មក​បង្ហាញ​ដល់​ប្រជាជន​ខ្មែរ​បាន​ឃើញ​នោះ​ទេ។ ទើប​តែ​ប៉ុន្មាន​ថ្ងៃ​មុន​ លោក​សម្រេច​ចិត្ត​ថា​មុន​នឹង​ផ្ញើ​ទៅ​ប្រទេស​កូរ៉េ ចែក​ជូន​​កូន​ខ្មែរ​បាន​ឃើញ​ និង ​ចង​ចាំ ហើយ​ក៏ស្រាប់​តែ​មាន​ការ​គាំទ្រ​ច្រើន​​ស្ទើរ​មិន​នឹក​ស្មាន​ដល់។

 

 

 

“​ចំពោះ​វីដេអូ​មួយ​នេះ​ធ្វើ​ឡើង​ដើម្បី​ផ្ញើ​ទៅ​ប្រទេស​កូ​រ៉េ​ក្នុង​គោល​បំណង​ឲ្យ​គេ​ជ្រើស​រើស​យក​ខ្ញុំ​ទៅ​ចូលរួម​សម្ដែង​ និង ​ដើម្បី​បង្ហាញ​ពី​វប្បធម៌​ខ្មែរ​ឲ្យ​ពិភព​លោក​បាន​ស្គាល់​​ម្តង​ទៀត​ហើយ​ក៏​ជា​ខួប​១០​ឆ្នាំ​នៃ​កម្មវិធី​មួយ​ដែល​មាន​ឈ្មោះ​ថា Culture Partnership Initiative។ គេ​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​ ២០០៥​ មាន​រយៈ​ពេល​ ៦​ ខែ ​គឺ​ចាប់​ពី​ខែ​ មិថុនា ដល់​ខែ​ ធ្នូ។​" លោកគ្រូ កែវ សុភី​ និយាយ។  

គោល​ដៅ​សំខាន់​ នៃ​កម្មវិធី​នេះ​ លោក​គ្រូ កែវ សុភី​ ប្រាប់​ថា ​ជា​ការ​ជួប​គ្នា​​នៃ​បណ្ដា​ប្រទេស​អាស៊ីដើម្បី​យក​វប្បធម៌​របស់​ខ្លួន​បង្ហាញ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​។ ពិធី​ធ្វើ​ឡើង​មាន​រយៈ​ពេល​ ៦ ​ខែ​ គឺ​ចាប់​ពី​ខែ​ មិថុនា ដល់​ ខែ ​ធ្នូ ដែល​បង្កើត​ឡើង​ដំបូង​ក្នុង​ឆ្នាំ​ ២០០៥​ ។លោក​គ្រូ​មាន​ប្រសាសន៍​ថា​​ ពិត​ជា​មោទនភាព​ណាស់​ពេល​ដែល​បាន​ទៅ​សម្ដែង​ចែក​ជូន​បណ្ដាប្រទេស​​ដទៃ​បាន​ឃើញ​​ពី​ប្រវត្តិសាស្ត្រ​វប្បធម៌ដ៏​រុង​រឿង​តាំង​ពី​បុរាណ។​  

ស្ថិត​ក្នុង​ត្រកូល ​ដែល​មាន​ឈាម​ជ័រ​ជា​អ្នក​សិល្បៈ​ឧបករណ៍​ភ្លេង​បុរាណ​​តាំង​ពី​ជំនាន់​ជីតា​មក​លោក​ប្រាប់​ថា​ បម្រើ​ការ​ក្នុង​វិស័យ​ភ្លេង​បុរាណ​ខ្មែរ​នេះ​ជាង​២០​ឆ្នាំ​មក​ហើយ។ ​លោក​​គ្រូ​ កែវ​ សុភី​ មាន​ក្ដីសុបិនថា មុន​នឹង​លោក​ស្លាប់​ទៅ​ លោក​ចង់​​បន្សល់​ស្នាដៃ​មួយចំនួន ដើម្បី​​​បង្ហាញនូវ​​អ្វី​ដែល​ជា​វប្បធម៌​ខ្មែរ​ទៅ​ពិភព​លោក​​ឲ្យ​បាន​ដឹង៕  

អត្ថបទ៖ ថា ម៉ាលីដា រូបថត៖ ផ្ដល់​ឲ្យ ​ ​​​

អត្ថបទពេញនិយម