ស្រោមអនាម័យ ប្រវែង ២០សង់ទីម៉ែត្រ សល់ពី ២០០ឆ្នាំមុន ត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរ

  • 2025-06-09 03:03:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារមន្ទីរជាតិនៃប្រទេសហូឡង់ Rijksmuseum ក្នុងទីក្រុងអាំស្ទែដាំ បានបង្ហាញវត្ថុថ្មីមួយដែលរួមបញ្ចូលសិល្បៈជាមួយនឹងប្រវត្តិសាស្ត្រនៃតំបន់ Red Light District ដ៏ល្បីល្បាញ។ វត្ថុនោះគឺជាស្រោមអនាម័យអាយុជិត ២០០ ឆ្នាំ ដែលត្រូវបានផលិតនៅជុំវិញឆ្នាំ១៨៣០ តុបតែងដោយរូបភាពអាសអាភាសបែបសិល្បៈ។

យោងតាមសេចក្តីថ្លែងការណ៍របស់សារមន្ទីរ Rijksmuseum កាលពីថ្ងៃអង្គារ ទី៣ ខែមិថុនា ឆ្នាំ២០២៥ ស្រោមអនាម័យនេះ “បង្ហាញទាំងភាពសប្បាយរីករាយ និងភាពធ្ងន់ធ្ងរនៃសុខភាពផ្លូវភេទ”។ វាត្រូវបានដាក់តាំងបង្ហាញជាផ្នែកមួយនៃពិព័រណ៍ “Safe Sex?” ដែលផ្តោតលើការងារផ្លូវភេទ និងសុខភាពផ្លូវភេទក្នុងសតវត្សទី១៩។ ស្រោមអនាម័យនេះ ដែលសន្មតថាជាវត្ថុអនុស្សាវរីយ៍ពីផ្ទះបនមួយ ត្រូវបានតុបតែងដោយរូបភាពនៃភិក្ខុនីម្នាក់ និងបព្វជិតបីនាក់ ដែលបង្ហាញភាពរំជើបរំជួលផ្លូវភេទ។ ឃ្លាបារាំង “Voilà mon choix” ឬ “នេះជាជម្រើសរបស់ខ្ញុំ” ត្រូវបានសរសេរនៅលើស្រោមនេះ ដែលជាការលេងសើចបែបសាសនា និងជាការយោងទៅលើរឿង “The Judgment of Paris” នៃទេវកថាក្រិច។

លោកស្រី Joyce Zelen អ្នកថែរក្សាសិល្បៈបោះពុម្ពនៅសារមន្ទីរ Rijksmuseum បានប្រាប់ទៅ CNN ថា ស្រោមអនាម័យនេះស្ថិតនៅក្នុង “ស្ថានភាពល្អឥតខ្ចោះ” ដោយការធ្វើតេស្តដោយប្រើកាំរស្មី UV បានបង្ហាញថា វាមិនដែលត្រូវបានប្រើប្រាស់ទេ។ លោកស្រីបានបន្ថែមថា ដោយសារតែរូបភាព និងប្រវែង ២០ សង់ទីម៉ែត្ររបស់ស្រោមនេះ វាទំនងជា “វត្ថុអនុស្សាវរីយ៍ប្រណីត” ដែលអតិថិជនទិញដើម្បីសើចលេងជាមួយមិត្តភក្តិ ជាជាងការប្រើប្រាស់ជាក់ស្តែង។ សារមន្ទីរបានទិញស្រោមអនាម័យនេះក្នុងតម្លៃ ១០០០ អឺរ៉ូ នៅឯការដេញថ្លៃមួយក្នុងទីក្រុង Haarlem កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការគាំទ្រពីមូលនិធិ F.G. Waller Fonds។

នៅសតវត្សទី១៩ ស្រោមអនាម័យត្រូវបានផលិតពីសម្ភារៈដូចជា ក្រណាត់លីនែន ហើយមានប្រសិទ្ធភាពតិចតួចក្នុងការការពារជំងឺកាមរោគ ដូចជាជំងឺស្វាយ ឬការពារការមានផ្ទៃពោះ។ លោកស្រី Zelen បាននិយាយថា នៅសម័យនោះ ការប្រើប្រាស់ស្រោមអនាម័យត្រូវបានគេមើលងាយ ជាពិសេសដោយសាសនាចក្រ ហើយជាទូទៅត្រូវបានលក់ដោយសម្ងាត់នៅឯផ្ទះបន ឬហាងកាត់សក់។

ពិព័រណ៍ “Safe Sex?” ដែលបានបើកនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ និងបន្តរហូតដល់ចុងខែវិច្ឆិកា ក៏រួមបញ្ចូលផងដែរនូវរូបភាព គំនូរ និងរូបថតផ្សេងៗ ដែលបង្ហាញពីទិដ្ឋភាពនៃការងារផ្លូវភេទ និងសុខភាពផ្លូវភេទនៅសតវត្សទី១៩។ ស្រោមអនាម័យនេះបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកទស្សនា។

អត្ថបទ៖ Men Sothearith