កម្ពុជា ត្រៀមបង្ហាញខ្លួនក្នុងពាន Homeless World Cup ជាលើកទី៨ នៅប្រទេសហុល្លង់
- 2015-09-07 21:38:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា ត្រៀមបង្ហាញខ្លួនក្នុងពាន Homeless World Cup ជាលើកទី៨ នៅប្រទេសហុល្លង់
ចន្លោះមិនឃើញ
អង្គការ Happy Football Cambodia Australia (HFCA) បានសហការជាមួយអង្គការដៃគូចំនួន ៥ ផ្សេងទៀតត្រៀមបញ្ជូនកីឡាករ ៦ នាក់ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់ជនអាណាថាពិភពលោក Homeless World Cup 2015 ដែលនឹងរៀបចំនៅទីក្រុង Amsterdam ប្រទេសហុល្លង់ ក្នុងខែកញ្ញា នេះ។
ក្រុមកម្ពុជា មុនចេញដំណើរ
ក្នុងសន្និសិទសារព័ត៌មានព្រឹកថ្ងៃច័ន្ទ ទី ៧ ខែ កញ្ញា នេះនៅភោជនីយដ្ឋានមួយកន្លែងក្នុងរាជធានីភ្នំពេញស្ដីពីការត្រៀមចេញទៅចូលរួមប្រកួតលើកនេះកីឡាករ រឿន ប៊ុនរ៉ុង តំណាងមិត្តរួមក្រុមបានលើកឡើងថា នេះជាឱកាសមួយដែលរូបខ្លួនបានបង្ហាញមុខក្នុងនាមជាកីឡាករបាល់ទាត់នៅលើឆាកអន្តរជាតិ។ រូបនឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីស្វែងរកបទពិសោធន៍ថ្មីៗបន្ថែមទាំងសម្រាប់ខ្លួនក៏ដូចជាក្រុមទាំងមូល។
លោក ចៅ វិបុល ជំនួយការគ្រូបង្វឹកក្រុមកម្ពុជា បានលើកឡើងថាពានរង្វាន់ Homeless World Cup 2015 នេះបង្កើតឡើងតាំងពីឆ្នាំ ២០០៣ មកម៉្លេះដោយបច្ចុប្បន្នមានក្រុមចូលរួមកើតដល់ ៦៤ មកពី ៥៣ ប្រទេស ក្នុងនោះមាន ១៦ ក្រុមជាក្រុមនារី។ ក្រុមលោកនឹងធ្វើដំណើរទៅប្រទេសហូល្លង់ នៅថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៥ ខាងមុខ។
លោក Paraic Grogon នាយកអង្គការ HFCA បានបញ្ជាក់ថាលោកបានដឹងពីកម្រិតសមត្ថភាពរបស់កីឡាករកម្ពុជា បើធៀបទៅនឹងក្រុមចូលរួមដទៃទៀត ប៉ុន្ដែបើសិនជាកម្ពុជា មិនបញ្ជូនទៅនោះនៅតែគិតថាខ្លួនខ្សោយដដែល។ លោកសម្រេចចិត្តដាក់ឈ្មោះក្រុមកម្ពុជាថា Smart-Cambodia។
កីឡាករទាំង ៦ រូបមាន ថោង គឹមហុង, ចាន់ ស្រស់, ង៉យ ចាន់ធា, ឆេង ម៉ៅ, ស៊ុំ គង្គា, រឿន ប៊ុនរ៉ុង ស្របពេលលោក ចៅ វិបុល ជាជំនួយការគ្រូបង្វឹក លោក Campbell James ជាគ្រូបង្វឹក Paraic Grogon ជាអ្នកចាត់ការទូទៅរបស់ក្រុម។
ពានរង្វាន់ Homeless World Cup ប្រកួតក្នុងទីលានធម្មតាមួយប្រហាក់ប្រហែលនឹងទីលានបាល់ទាត់ហ្វូតសាល ដោយប្រកួត ១៤ នាទី (៧ នាទីក្នុងមួយតង់) ខណៈក្រុមនីមួយៗអនុញ្ញាត្តិឱ្យកីឡាករចូលលេខម្ខាង ៤ នាក់។ ពេលក្រុមទាំងអស់ធ្វើដំណើរទៅដល់ទីលានប្រកួតទើបគណៈកម្មការរៀបចំការប្រកួតជ្រើសរើសចាប់ពូលតែម្ដង។
កម្ពុជា ធ្លាប់បញ្ជូនក្រុមទៅចូលរួមប្រកួត ៧ លើកមកហើយដោយកាលពីលើកដំបូងក្នុងឆ្នាំ ២០០៨ ដែលរៀបចំឡើងនៅទីក្រុង Melbourne ប្រទេសអូស្រ្តាលី ហើយលើកទី២ នៅទីក្រុង Milan ប្រទេសអ៊ីតាលី ក្នុងឆ្នាំ ២០០៩ ខណៈលើទី៣ ឆ្នាំ ២០១០ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។ លើកទី៤ HFCA បានបន្តបញ្ជូលទៅចូលរួមនៅទីក្រុងបារីស ប្រទេសបារាំងក្នុងឆ្នាំ ២០១១ ហើយឆ្នាំ ២០១២ បញ្ជូនទៅចូលរួមនៅទីក្រុង Mexico City ប្រទេសម៉ិចស៊ីកូ ឆ្នាំ ២០១៣ នៅទីក្រុង Poznan ប្រទេសប៊ូឡូញ និងឆ្នាំ ២០១៤ ថ្មីៗនេះនៅទីក្រុង Santiago City ប្រទេសឈីលី។
Homeless World Cup ឆ្នាំ ២០១៥ នេះនឹងរៀបចំចាប់ពីថ្ងៃទី ១២ ដល់ ១៩ ខែ កញ្ញា ឆ្នាំ ២០១៥ ក្នុងទីក្រុង Amsterdam ប្រទេសហុល្លង់ ខណៈកាលពីឆ្នាំមុនរៀបចំនៅប្រទេសឈីលី បានបែងចែកការប្រកួតសម្រាប់ បុរស និង នារី ផ្សេងគ្នាដោយមានក្រុមចូលរួមចំនួន ៦៣ ក្រុមមកពី ៤៩ ប្រទេស៕
អត្ថបទ៖ ម៉ឺន រស្មី