សហគ្រាស​កម្ពុជា​ជំរុញ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​​ដើម្បី​​បង្កើន​ប្រសិទ្ធភាព​អាជីវកម្ម

  • 2015-09-10 16:20:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​អាជីវកម្ម​នៅ​កម្ពុជា កំពុង​ផ្តោត​យក​ចិត្ត​ទុកដាក់​លើ​ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ជា​ដំណោះស្រាយ ដើម្បី​ជួយ​បង្កើន​ប្រសិទ្ធភាព​ការងារ​និង​សម្រួល​ដល់​ប្រតិបត្តិការ​​អាជីវកម្ម​កាន់​តែ​ប្រសើរ។

 

លោក ពេន វិទូរ នាយក​ជាន់ខ្ពស់​ផ្នែក​លក់​នៃ​ក្រុមហ៊ុន First Cambodia បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​មើល​ឃើញ​ពី​ប្រយោជន៍​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​ដែល​ជា​ដំណោះស្រាយ​ជួយ​ដល់​ការ​អភិវឌ្ឍ​អាជីវកម្ម ក្រុម​ហ៊ុន​និង​សហគ្រាស​កម្ពុជា​កាន់តែ​ច្រើន​បាន​ជំរុញ​ក្នុង​ការ​នាំ​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មីៗ យក​មក​ប្រើប្រាស់​នៅ​ក្នុង​ខ្សែ​សង្វាក់​ការងារ​ដើម្បី​សម្រួល​​ក្នុង​ដំណើរការ​អាជីវកម្ម។

 

 

លោក​ថា បណ្ដា​ស្ថាប័ន​ធំៗ​ដូចជា​ធនាគារ និង​សណ្ឋាគារ​បាន​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ដើម្បី​គ្រប់គ្រង​ដូចជា​រក្សា​និង​ដោះដូរ​ទិន្នន័យ និង​ការ​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​ ​ដែល​បាន​ជួយ​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​ពួកគេ​ដំណើរការ​រលូន​និង​មាន​ប្រសិទ្ធភាព។

 

លោក​បន្ត​ថា អនាគត​ស្ថានភាព​អាជីវកម្ម​ផ្នែក​បច្ចេកវិទ្យា​នឹង​មាន​លក្ខណៈ​ប្រសើរ​ឡើង ដោយសារ​តែ​តម្រូវការ​ពី​អាជីវកម្ម​ខ្នាត​តូចៗ និង​សហគ្រាស​មាន​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ យ៉ាង​ណា​លោក​ទទួល​ស្គាល់​ថា សហគ្រាស​ខ្នាត​តូច​មួយ​ចំនួន នៅ​មិន​ទាន់​យល់​ពី​ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​លើ​ការ​គ្រប់គ្រង​អាជីវកម្ម ដែល​ជួយ​ដល់​ម្ចាស់​អាជីវកម្ម​អាច​​សម្រេច​ចិត្ត​​បាន​ច្បាស់លាស់ ​ចំណាយ​ពេលវេលាតិចនិង​បាន​ផល​ច្រើន។

 

លោក អេង សារ៉ាក់ បុគ្គលិក​បម្រើការ​នៅ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ក្រេឌីត​បាន​ឲ្យ​ដឹង​ថា វិស័យ​ហិរញ្ញវត្ថុ​នៅ​ប្រទេស​កម្ពុជា មាន​ការអភិវឌ្ឍន៍​ជា​លំដាប់​។ លោក​ថា ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​បាន​រួម​ចំណែក​យ៉ាង​​ធំ​ក្នុង​ការ​ជួយ​បង្កើន​ប្រសិទ្ធភាព​ការងារ និង​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​បាន​យ៉ាង​ច្រើន។

 

ក្រុមហ៊ុន First Cambodia បាន​សហការ​ជាមួយ​​ក្រុមហ៊ុន VMware ​​បើក​សិក្ខាសាលា​ដើម្បី​ណែនាំ​ពី​​​ដំណោះស្រាយ Virtualization សម្រាប់​ណ្តា​សហគ្រាស​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

 

លោក ចាហ្វារ៉ាលី អ្នក​ទទួល​ខុស​ត្រូវ​លើ​ផ្នែក​អភិវឌ្ឍន៍​អាជីវកម្ម​ទីផ្សារ​ជំនួញ​របស់​ក្រុមហ៊ុន VMware បាន​និយាយ​ថា VMware ជា​ក្រុមហ៊ុន​ផ្តល់​ដំណោះស្រាយ​​ផ្នែក Virtualization ដ៏​ឈាន​មុខ​គេ​ ដែល​ផ្តល់​ដំណោះស្រាយ​​ប្រព័ន្ធ​បច្ចេកវិទ្យា​យ៉ាង​មាន​ប្រសិទ្ធភាព​ដើម្បី​ពង្រឹង​លើ​សុវត្ថិភាព​អាជីវកម្ម​។

 

លោក​ថា បច្ចេកវិទ្យា​ Vmware ជា​ដំណោះស្រាយ​ដ៏​ប្រសើរ​សម្រាប់​ជួយ​ដល់​ម្ចាស់​អាជីវកម្ម​ជា​ ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំង​ឡាយ អាច​សម្រេច​បាន​ស្ថិរភាព​ទីផ្សារ​និង​ប្រសិទ្ធភាព​ខ្ពស់​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​និង​ការ​ទុក​ចិត្ត​ពី​សំណាក់​អតិថិជន។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទថ្មី