iPhone 6 Plus ស៊េរីទូរសព្ទ iPhone លក់បានថ្លៃបំផុតនៅស្រុកខ្មែរ
- 2015-09-14 15:46:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPhone 6 Plus ស៊េរីទូរសព្ទ iPhone លក់បានថ្លៃបំផុតនៅស្រុកខ្មែរ
ចន្លោះមិនឃើញ
iPhone បានបង្ហាញខ្លួនជាច្រើនជំនាន់និងចេញវាយលុកទីផ្សារយ៉ាងកក្រើក។ អ្វីចាប់អារម្មណ៍បំផុត iPhone 6 Plus ត្រូវអាជីវករក្នុងស្រុកប្រាប់ថា ជាស៊េរីទូរសព្ទ iPhone ដែលអាចលក់បានថ្លៃបំផុតនៅទីផ្សារកម្ពុជា។
ម្ចាស់ហាងលក់ទូរសព្ទ សុខ លី ដែលបាននាំចូលទូរសព្ទស៊េរី iPhone ជាច្រើនជំនាន់ប្រាប់ថា បើទោះបី iPhone ជាទូរសព្ទលំដាប់ខ្ពស់មានតម្លៃថ្លៃ ប៉ុន្តែមានការគាំទ្រនិងប្រជាប្រិយភាពបំផុតលើទីផ្សារ។
លោកថា ក្នុងចំណោមស៊េរីទូរសព្ទ iPhone ដែលហាងរបស់លោកធ្លាប់នាំមកលក់មានតែ iPhone 6 Plus ដែលលោកអាចលក់បានថ្លៃបំផុត។
" iPhone 6 Plus ចេញដំបូងអាចលក់បានជាង ២ ០០០ ដុល្លារជាតម្លៃឯតទគ្គកម្មសម្រាប់ប្រភេទទូរសព្ទដ៏ទំនើបនេះ"។
លោកថា អ្នកប្រើប្រាស់មួយចំនួនហ៊ានចំណាយលុយទិញ ដោយមិនខ្វល់ពីតម្លៃដោយសារតែពួកគេដឹងពីគុណតម្លៃដែលមិនត្រឹមទំនើបមានភាពឡូយឆាយ ប៉ុន្តែក៏មានប្រយោជន៍ប្រើប្រាស់ជាច្រើន។
ចំណែកកញ្ញា សុជាតា បុគ្គលិកនៅហាងលក់ទូរសព្ទ នីកា ជាហាងលក់ទូរសព្ទដ៏ធំមួយដែរនោះឲ្យដឹងដែរថា iPhone 6 Plus ហាងកញ្ញាអាចលក់បានជាង ២ ០០០ ដុល្លារកាលចេញលក់ដំបូង ជាតម្លៃមួយខ្ពស់បើធៀប iPhone ស៊េរីផ្សេងទៀត។
កញ្ញាថា iPhone 6 Plus ត្រូវបានក្រុមហ៊ុនរចនារូបរាងថ្មីសន្លាងជាមួយការបំពាក់ប្រព័ន្ធបច្ចេកវិទ្យាថ្មីៗនិងអេក្រង់កាន់តែធំងាយស្រួល ដែលធ្វើឲ្យអ្នកប្រើប្រាស់ជាច្រើនចាប់អារម្មណ៍និងហ៊ានចំណាយលុយ បើទោះបីត្រូវបង់ក្នុងតម្លៃមួយខ្ពស់។
iPhone បានចេញជាច្រើនជំនាន់ដោយមានការអភិវឌ្ឍរូបរាងនិងបច្ចេកវិទ្យាកាន់តែទំនើប។ ទូរសព្ទដៃលំដាប់ High Class នេះ ត្រូវបាននាំមកទីផ្សារប្រទេសកម្ពុជានិងក៏ទទួលការពេញនិយមពីអ្នកប្រើប្រាស់មួយចំនួន បើទោះបីតម្លៃរបស់វាខ្ពស់បើធៀបស៊េរីទូរសព្ទទំនើបមួយចំនួនទៀត។
iPhone 6 Plus តម្លៃលើទីផ្សារនៅសល់ប្រហែល ៧៣០ ដុល្លារសម្រាប់ទំហំ 16 GB។ ថ្មីៗនេះ Apple បានបញ្ចេញ iPhone ស៊េរីថ្មី iPhone 6S និង iPhone 6S Plus ដែលមានការរចនារូបរាងនិងនាំមកមុខងារថ្មីៗជាច្រើនខុសពីជំនាន់មុន ដែលធ្វើឲ្យអ្នកគាំទ្រមួយចំនួនទន្ទឹងរង់ចាំ។ ក្រុមហ៊ុន Apple ក៏បានឲ្យអតិថិជនកុម្ម៉ង់មុនដែរ មុនដាក់លក់ជាផ្លូវការនាពេលដ៏ខ្លីខាងមុខនេះ។
យោងតាមប្រភពហាងក្នុងស្រុកប្រាប់ថា iPhone ជំនាន់ថ្មីអាចមកដល់ទីផ្សារកម្ពុជាបន្ទាប់ពី Apple បានបញ្ចេញលក់លើទីផ្សារប្រទេសនានា ដែលតម្លៃអាចដល់ ២០០០ ដុល្លារសម្រាប់ការចេញលក់ដំបូង៕
អត្ថបទ៖ ប៊ុណ្ណារ៉ា