៥​ចំណុច​នេះ​អាច​បញ្ជាក់​ថា​ សំ ថារ័ត្ន​​ ​ជា​កីឡា​ការិនី​​ពហុ​ជំនាញ​

  • 2015-09-14 18:18:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា​ សំ ថារ័ត្ន​ បាន​ក្លាយ​ជា​កីឡា​ការិនី​ខ្មែរ​ម្នាក់​ដែល​មាន​ជំនាញ​ច្រើន​ បន្ទាប់​ពី​ចូល​ប្រឡូក​ក្នុង​វិស័យ​ក្បាច់​គុន​បុរាណ​ខ្មែរ​​កាល​ពី​ឆ្នាំ​២០០៨​ក្នុង​វ័យ​១៨​ឆ្នាំ​។ ​រហូត​ដល់​ពេល​នេះ កញ្ញា​​​បាន​ចូល​ប្រឡូក​ក្នុង​អាជីព​ជា​ច្រើន​ក្នុង​នោះ​មាន​ទាំង​ការ​ប្រកួត​ សម្តែង​ និង​ធ្វើ​ជា​ពិធី​ការិនី។

 

១- ក្បាច់​គុន​​ល្បុក្កតោ​ សំ ថារ័ត្ន ​បាន​ចាប់​ផ្តើម​ហ្វឹកហាត់​ក្បាច់​គុន​បុរាណ​ខ្មែរ​តាំង​ពី​តូច​ដែល​បាន​ធ្វើ​ឲ្យ​នាង​ជាប់​ចិត្ត​ស្រលាញ់​ក្បាច់​គុន។ លទ្ធផល​នៃ​ការ​ហាត់​ល្បុក្កតោ​នេះ​បាន​ផ្តល់​ឲ្យ​នាង​មាន​ឱកាស​សម្តែង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ឲ្យ​មហាជន​ស្គាល់​ក្បាច់​គុន​មរតក​ដូន​តា​របស់​ខ្មែរ។ ជាក់​ស្តែង​កាល​ពី​​ប៉ុន្មាន​ខែ​មុន​ ​កញ្ញា​បាន​ចេញ​ទៅ​សម្តែង​ក្បាច់​គុន​ល្បុក្កតោ​ និង​ក្បាច់​ប្រដាល់​ខ្មែរ​បុរាណ​នៅ​សាធារណ​រដ្ឋ​ឆែក​តាម​រយៈ​ការ​អញ្ជើញ​របស់​ស្ថានីយ​ទូរទស្សន៍​មួយ។ អ្វី​ដែល​គួរ​កត់​សមគាល់​បំផុត​ គឺ​​ថ្មី​ៗ​នេះ​ ​កញ្ញា​ និង​ក្រុម​ល្បុក្កតោ​កម្ពុជា​ទើប​ទទួល​បាន​មេដាយ​ប្រាក់​ពិភព​លោក​នៃ​ការ​ប្រកួត​សម្តែង​ក្នុង​ព្រឹត្តិការណ៍​ក្បាច់​គុន​បុរាណ​ពិភព​លោក​នៅ​ប្រទេស​កូរ៉េ។

 

២-​ ប្រដាល់ក្បាច់​​គុនបុរាណ​​ខ្មែរ​ ក្រៅ​ពី​បាន​ចាប់​ប្រឡូក​ក្នុង​ពិភព​ក្បាច់​គុន​​ល្បុក្កតោ​ សុំ​ ថារ័ត្ន​ បាន​ឡើង​ប្រកួត​ប្រដាល់​ក្បាច់​គុន​ខ្មែរ​បុរាណ​នៅ​តាម​កម្មវិធី​ប្រដាល់​ទូរទស្សន៍​ជា​ច្រើន​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​​​ ​កញ្ញា​បាន​ទាំង​ឡើង​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ជា​មួយ​កីឡា​ការិនី​មក​ពី​ប្រទេស​ថៃ​ទៀត​ផង។ រហូត​ដល់​ពេល​នេះ​នាង​ប្រកួត​ប្រដាល់​ក្បាច់​គុន​ខ្មែរ​បុរាណ​បាន​ចំនួន​​១៣​​ដង​ហើយ។

 

៣​- ប្រដាល់​​គុន​ចម្រុះ​ក្នុង​ទ្រុង​ អ្វី​ដែល​ធ្វើ​ឲ្យ​កីឡា​ការិនី​ស្រអែម​ស្រស់​ សំ ថារ័ត្ន​ កាន់​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​មហាជន​នោះ​គឺ​ការ​ប្រកួត​ក្នុង​ទ្រុង​របស់​កម្មវិធី​ប្រកួត​ក្បាច់​គុន​ចម្រុះ​អន្តរជាតិ​ One Championship។ ​កញ្ញា​បាន​ប្រកួត​ក្នុង​កម្មវិធី​អន្តរជាតិ​នេះ​បាន​ពីរ​ដង​ហើយ​គឺ​លើក​ទី​មួយ​ឈ្នះ​កីឡា​ការិនី​ក្នុង​ស្រុក​ដែល​រៀប​ចំ​នៅ​រាជធានី​ភ្នំពេញ​ និង​លើក​ទី​ប្រកួត​នៅ​ប្រទេស​ហ្វីលីពីន​​ដែល​ពេល​នោះ​នាង​​ចាញ់​កីឡាការិនី​ម្ចាស់​ផ្ទះ។

 

 

៤​- សម្តែង​ខ្សែភាពយន្ត​ ក្រៅ​ពី​ការ​ប្រកួត​ ក្បាច់​គុន​ខ្មែរ​បាន​ជួយ​​ឲ្យ​ សំ ថារ័ត្ន ទទួល​បាន​ឱកាស​ថត​សម្តែង​ខ្សែភាពយន្ត​ថែម​ទៀត។ ​កញ្ញា​​បាន​ស​សម្តែង​ជា​តួ​ឯក​ក្នុង​រឿង​«កណ្ដាប់​ដៃ​ទីក្រុង ប៉ះ​ជង្គង់​ជនបទ» ក្នុង​ឆ្នាំ ២០១៤។ ខែ​ធ្នូ​ខាង​មុខ​នេះ ​កញ្ញា​​គ្រោង​ថត​សម្តែង​ខ្សែភាពយន្ត​ថ្មី​គឺ​រឿង ហែក​គុក ឬJailbreak ដែល​​មាន​តារា​ហូលីវូដ​សម្តែង​ជា​មួយ។

 

៥-​ ធ្វើ​ពិធី​ការិនី​ប្រដាល់​ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​នេះ សំ ថារ័ត្ន​ ត្រូវ​បាន​គេ​មើល​ឃើញ​ធ្វើ​ជា​ពិធី​ការិនី​ប្រដាល់​ក្នុង​កម្មវិធី​«ជើង​ឯក​លេខ​១​គូប៊ូតា»​របស់​សង្វៀន​បាយ័ន។ ​កញ្ញា​ប្រាប់​ថា​ នេះ​ជា​ការ​ផ្តល់​ឱកាស​ដ៏​ពិសេស​បំផុត​សម្រាប់​រូប​នាង​ពី​អ្នក​គ្រប់​គ្រង​ទូរទស្សន៍​បាយ័ន ហើយ​នាង​នឹង​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត៕

 

អត្ថបទ៖ ជាន ចាន់រ៉ា