ឧកញ៉ា ឃ្លោក បង្កើត​​មូលនិធិថ្មី​ជួយ​​អ្នក​សិល្បៈ​ក្រីក្រ

  • 2015-09-15 13:11:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ទទួល​បាន​តួនាទី ជា​ប្រធាន​កិត្តិយស សមាគម​សិល្បករ​ខ្មែរ​ភ្លាម ឯកឧត្ដម ឧកញ៉ា ឃ្លោក បាន​ប្រកាស​ថា នឹង​បង្កើត​មូលនិធិ​មួយ ដើម្បី​ជួយ​ដល់​សិល្បករ​​ក្រីក្រ​​ពេល​ធ្លាក់​ខ្លួន​ឈឺ​មិន​មាន​លទ្ធភាព​មក​មន្ទីរពេទ្យ។

 

 

មូលនិធិ​ដែល​លោក​បង្កើត​នេះ គឺ​ជា​មូលនិធិ​ថ្មី មិន​ជាប់​ពាក់​ព័ន្ធ​នឹង​មូលនិធិ​ចាស់ ដែល​សមាគម​សិល្បករ​មាន​​បច្ចុប្បន្ន​​ឡើយ។ លោក​ឧកញ៉ា បាន​លើក​ឡើង​ថា លោក​នឹង​ខិតខំ​​​កៀគរ ថ្នាក់​ដឹក​នាំ  ក៏​ដូចជា ​​អ្នក​សិល្បៈ​ល្បី​ៗ​នា​ពេល​បច្ចុប្បន្ន​នេះ ដើម្បី​មក​ចូលជា​​មួយ​​មូលនិធិ​សង្គ្រោះ​នេះ។ ដើម្បី​ឲ្យ​មាន​ភាព​ជំនឿ​ជាក់ លោក​​បាន​ប្រកាស​ថា នឹង​ដាក់​ប្រាក់​មួយ​ចំនួន​របស់​លោក​មុន​គេ។ ប៉ុន្តែ​អតីត​តារា​កំប្លែង​ធ្លាប់​មាន​ប្រវត្តិ​ជា​អ្នក​បញ្ចូល​សំឡេង​កុន​ម្នាក់​នេះ  មិន​បាន​បង្ហាញ​ឲ្យ​ដឹង​ថា ប្រាក់​ដែល​លោក​គ្រោង​ដាក់​នោះ​​ ប៉ុន្មាន​ឡើយ។

 

 

លោក សុះ ម៉ាច ប្រធាន​សិល្បករ​ខ្មែរ ក៏​ដូច​ជា​សមាជិក​ក្រុមប្រឹក្សា​ទាំង​អស់​ ក៏​បាន​យល់​ព្រម​ចំពោះ​ការ​បង្កើត​មូលនិធិ ដែល​​នាយ​ឃ្លោក​បាន​លើក​ឡើង​នេះ​ផង​ដែរ ដោយ​លោក​សង្ឃឹម​​ថា មូលនិធិ​នេះ នឹង​ជួយ​ទ្រទ្រង់​ដល់​​សិល្បៈ​ដែល​កំពុង​ខ្វះ​ខាត​ជាក់​ជា​មិន​ខាន។

 

ដើម្បី​ឲ្យ​មូលនិធិ ខាង​លើ ទទួល​បាន​ជោគជ័យ  លោក សុះ ម៉ាច បាន​ស្នើ​ឲ្យ​អ្នក​សិល្បៈ​ទាំង​អស់​ដែល​មិន​ទាន់​ជាសមាជិក​របស់​សមាគម​សិល្បករ​ខ្មែរ មក​ចុះ​ឈ្មោះ​ឲ្យ​បាន​ទាំង​អស់​គ្នា ដោយ​គ្រាន់​តែ​១ខែ​បង់​១ដុល្លារ​ក្នុង​ម្នាក់​ប៉ុណ្ណោះ ហើយ​នៅ​ពេល​ដែល​សមាជិក​ណា​ម្នាក់​មាន​បញ្ហា សមាគម​នឹង​ចុះ​ជួយ​ភ្លាម៕

 

 

អត្ថបទ៖ ខុត សីហា