ក្រុមហ៊ុន​ឯកជន​ចិន​ទទួល​បាន​សិទ្ធិ​អនុវត្ត​គម្រោង​លើកស្ទួយ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​

  • 2015-09-17 16:43:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ​១៦ កញ្ញា​ម្សិល​មិញ​នេះ​ មន្ទីរ​កសិកម្ម និង​ មន្ទីរ​ពាណិជ្ជកម្ម​​ខេត្ត​គ័ងស៊ី ប្រទេស​ចិន​បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន​មួយ​ទាក់ទង​នឹង​ការ​បើក​គម្រោង​មជ្ឈមណ្ឌល​លើក​ស្ទួយ​វិស័យ​កសិកម្ម​កម្ពុជា​-ចិន (CAPROC) ​នៅ​សាល​ប្រជុំ​របស់​មន្ទីរ​កសិកម្ម​ខេត្ត​ នា​ទីក្រុងណានីង ខេត្តគ័ងស៊ី​។

 

 

​ក្រុមហ៊ុន Guangxi Forword គឺ​ជា​ក្រុមហ៊ុន​ឯកជន​ ដែល​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​ខាង​បច្ចេកទេស​កសិកម្ម​អន្តរជាតិ​ ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ក្រសួង​កសិកម្ម​ចិន​ សម្រាប់​គម្រោង​យុទ្ធ​សាស្ត្រ​សហ​ប្រតិបត្តិការ​សុវត្ថិភាព​អាហារ​នៅ​អាស៊ី និង​ គាំទ្រ​ពី​​ធនាគារ​នាំចេញ​-នាំចូល​របស់​ចិន​ ខាង​ផ្នែក​សហ​ប្រតិបត្តិការ​ធនាគារ និង មូលនិធិ​សហ​ប្រតិបត្តិការ​អាស៊ាន​-ចិន។

 

​អនុ​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ លោក​ Huang Huansheng បាន​ថ្លែង​កាល​ពី​រសៀល​ម្សិល​មិញ​ថា នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​រដ្ឋាភិបាល​ចិន​យល់ព្រម​ឲ្យ​សហគ្រាស​ឯកជន​អនុវត្ត​គម្រោង​ជំនួយ​បែប​នេះ​។

 

ដោយឡែក​ ប្រធាន​ក្រុមហ៊ុន​ Guangxi Forword អ្នកនាង​ Lou Wenwen បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា គម្រោង​នេះ​ដើម​ឡើយ គឺ​ជា​កិច្ចព្រមព្រៀង​រវាង​អតីត​នាយករដ្ឋមន្ត្រី​ចិន លោក វិន ជាប៉ាវ ជាមួយ​ប្រទេស​នៅ​តំបន់​អាស៊ី ដោយ​ក្នុង​កិច្ចប្រជុំ​អាស៊ាន​បូក​បី លោក​បាន​សន្យា​ថា​នឹង​បង្កើត​គម្រោង​កសិកម្ម​បី​នៅ​អាស៊ី ហើយ​ក្នុង​នោះ​មាន​គម្រោង​មួយ​គឺ​នៅ​កម្ពុជា។

 

 

 

ភាគី​ចិន​បាន​ពិភាក្សា​ជាមួយ​ក្រសួង​កសិកម្ម​នៅ​កម្ពុជា​ និង​ បាន​ព្រមព្រៀង​គ្នា​ដោយ​រដ្ឋាភិបាល​ចិន​នឹង​ផ្ដល់​ជំនួយ​ក្នុង​​រយៈ​ពេល​៣ឆ្នាំ ហើយ​ក្រុមហ៊ុន​ខាង​លើ​នឹង​បន្ត​គម្រោង​ក្នុង​រយៈពេល​ ១៥ ​ឆ្នាំ។ សរុប​មក​ គម្រោង​ទាំង​មូល​គឺ​ ១៨ ​ឆ្នាំ។ អ្នក​នាង​ក៏​បាន​បញ្ជាក់​ដែរ​ថា ក្នុង​រយៈពេល​បី​ឆ្នាំ​ដំបូង រដ្ឋាភិបាល​ចិន​នឹង​ផ្ដល់​ជំនួយ​ប្រមាណ ​៤០​ លាន​ដុល្លារ​។

 

គម្រោង ​CAPROC បង្កើត​ឡើង​ដោយ​ផ្ដោត​លើ​គោលដៅ​សំខាន់​៥​គឺ ការ​ជ្រើស​រើស​ពូជ​​កសិកម្ម​ល្អ ការ​បណ្ដុះបណ្ដាល​បច្ចេកទេស​កសិកម្ម ការ​ប្រើ​ប្រាស់​គ្រឿងចក្រ​កសិកម្ម ការ​ផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​ក្រោយ​ការ​ប្រមូល​ផល និង ​ចុងក្រោយ​គឺ ការ​អភិវឌ្ឍ​ធនធាន​ថាមពល​ថ្មី។

 

 

 

អត្ថបទ៖ សរ សុគន្ធី រាយការណ៍​ពី​ប្រទេស​ចិន​​​