iPhone 6S/6S Plus មានដំណឹងពីហាង ឯក្រុមហ៊ុននៅស្ងប់ស្ងាត់
- 2015-09-18 16:58:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPhone 6S/6S Plus មានដំណឹងពីហាង ឯក្រុមហ៊ុននៅស្ងប់ស្ងាត់
ចន្លោះមិនឃើញ
ហាងលក់ទូរសព្ទនានាបានប្រាប់ Sabay ថាបានត្រៀមក្នុងការនាំ iPhone មកលក់ បន្ទាប់ពីទូរសព្ទដ៏ល្បីនេះត្រូវក្រុមហ៊ុន Apple គ្រោងចេញលក់នៅតាមបណ្ដាប្រទេសនានាក្នុងពេលឆាប់ៗនេះ។ យ៉ាងណាក្រុមហ៊ុន Smart និង iOne ជាក្រុមហ៊ុនដែលទទួលបានសិទ្ធិពី Apple នៅមិនទាន់មានព័ត៌មានសម្រាប់ការនាំទូរសព្ទដ៏មានប្រជាប្រិយភាពនេះមកបម្រើអតិថិជនក្នុងស្រុកនៅឡើយទេ។
លោក សុខ លី ម្ចាស់ហាងលក់ទូរសព្ទសុខ លី ប្រាប់ថា ហាងរបស់លោកបានត្រៀមក្នុងការនាំ iPhone ស៊េរីថ្មីមកទីផ្សារប្រទេសកម្ពុជា បន្ទាប់ពីទូរសព្ទនេះគ្រោងចេញលក់នៅតាមបណ្ដាប្រទេសនានាក្នុងពេលដ៏ខ្លីខាងមុខនេះ។
“អាចថ្ងៃ ២៥ និង២៦ មានលក់ហើយ បន្ទាប់ពីដាក់លក់នៅតាមបណ្ដាប្រទេសមួយចំនួនរួចមក"។
Apple គ្រោងដាក់លក់ iPhone 6S និង 6S Plus នៅថ្ងៃ ២៥ តាមបណ្ដាប្រទេសគោលដៅមួយចំនួន និងដែលហាងនានាក៏គ្រោងនាំចូលក្រៅផ្លូវការបម្រើទីផ្សារអ្នកប្រើប្រាស់។
ម្ចាស់ហាងរូបនេះបញ្ជាក់ថា លោកមិនទាន់ហ៊ានកំណត់តម្លៃ អាស្រ័យតាមតម្រូវការអ្នកប្រើប្រាស់។
អ្នកប្រើប្រាស់ជាច្រើនកំពុងតាមដានព័ត៌មានពីទូរសព្ទ iPhone ជំនាន់ថ្មី iPhone 6S និង 6S Plus បន្ទាប់ពីក្រុមហ៊ុន Apple បានប្រកាសបង្ហាញរូបរាងផ្លូវការកាលពីសប្ដាហ៍មុននេះ។ ក្រុមហ៊ុនដែលទទួលសិទ្ធិនាំចូលនៅមានភាពស្ងប់ស្ងាត់ មិនទាន់មានព័ត៌មានយ៉ាងណានោះទេ។
តាមបុគ្គលិកជាន់ខ្ពស់នៅក្រុមហ៊ុន Smart មួយរូប ប្រាប់ថា ក្រុមហ៊ុនកំពុងពិចារណា តែលោកមិនបានផ្តល់ព័ត៌មានអីច្រើនទៀតនោះទេ។ ចំណែកបុគ្គលិកនៅក្រុមហ៊ុន iOne ក៏មិនទាន់មានការបញ្ជាក់ណាមួយដែរ។
ជាធម្មតា Apple មានការកំណត់កាលបរិច្ឆេទច្បាស់លាស់ក្នុងការបញ្ចេញលក់ផលិតផលរបស់ខ្លួន នៅតាមទីផ្សារប្រទេសនានា។ ជាក់ស្ដែងiPhone 6 និង 6 Plus បានចេញលក់នៅទីផ្សារប្រទេសកម្ពុជាក្នុងអំឡុងខែវិច្ឆិកាគឺ៤ សប្ដាហ៍ បន្ទាប់ពីដាក់លក់នៅតាមបណ្តាប្រទេសមួយចំនួនរួចមក។
បើមានព័ត៌មានបន្ថែម Sabay នឹង Update ជូនប្រិយមិត្តជាបន្ទាប់៕
អត្ថបទ៖ ប៊ុណ្ណារ៉ា