កែវ រំចង់ ​ប៉ះ​ជើង​ខ្លាំងមហា​កម្លាំង Iquezang ក្នុង​កម្មវិធី​ Thai Fight ចុង​ខែ​ក្រោយ​

  • 2015-09-21 18:45:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ចិត្ត​សឿង​ កែវ រំចង់ កំពុង​ត្រៀម​ខ្លួន​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម ដើម្បី​ចូល​រួម​ប្រកួត​ជាមួយ​ជើង​ខ្លាំងមហា​កម្លាំងថៃ​ Iquezang Kor Rungthanakeat ដែល​ធ្លាប់​យក​ឈ្នះ​កីឡាករ​ជួរ​មុខ​កម្ពុជា ពេជ្រ សីហា​ និង វង្ស ណយ ក្នុង​កម្មវិធី Thai Fight នា​ថ្ងៃ​ទី២៤ ចុង​ខែ​តុលា​ខាង​មុខ។

 

កីឡាករ កែវ រំចង់

 

តាម​ការ​គ្រោង​ទុក កែវ រំចង់ នឹង​ត្រូវ​ឡើង​សង្វៀន Thai Fight ក្នុង​ជំនួប​លើក​ដំបូង​ជាមួយ​កីឡាករ​ពោរពេញ​ដោយ​បទពិសោធន៍ Iquezang Kor Rungthanakeat នៅ​ក្នុង​​ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី២៤ ខែ​តុលា​ខាង​មុខ។ នេះ​បើ​តាម​សាមី​ខ្លួន​និយាយ​​ប្រាប់ Sabay កាល​ពី​ព្រឹក​មិញ។

 

 កីឡាករ Iquezang(ឆ្វេង) ពេល​ប្រកួត​ជាមួយ​កីឡាករ ពេជ្រ សីហា (ស្តាំ)

 

កីឡាករ​ខេត្ត​បាត់ដំបង​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា ការ​ចាក​ចេញ​ទៅ​ប្រទេស​វៀតណាម ខាង​ភាគី​ថៃ​ជា​អ្នក​រៀប​ចំ​​ទាំង​អស់ ប៉ុន្តែ​មិន​ទាន់​ដឹង​ថ្ងៃ​ចេញ​ដំណើរ​ច្បាស់​លាស់​នៅ​ឡើយ​ទេ។ បច្ចុប្បន្ន កែវ រំចង់ កំពុង​ហាត់​ត្រៀម​យ៉ាង​​សកម្ម​​ដើម្បី​សង​សឹក​ជូន​កីឡាករ​រួម​ជាតិ ហើយ​ថ្ងៃ​ទី០២ ខែ​តុលា​ខាង​មុខ រូប​គេនឹង​ជួប​ប្រកួត​សាក​កម្លាំង​ជាមួយ​កីឡាករ​ថៃ​នៅ​សង្វៀន​បាយ័ន មុន​ចេញ​ទៅ​ប្រទេស​វៀតណាម។

 

គូ​ប្រកួត​របស់ កែវ រំចង់ កីឡាករ Iquezang ត្រូវ​ចាត់​ទុក​ថា ជា​​អ្នក​ប្រដាល់​ខ្លាំង​ម្នាក់​លើ​សង្វៀន Thai Fight ព្រោះ​ការ​ប្រកួត​របស់​គេ​​ម្តង​ៗ​​​​សម្រុក​​​ចូល​វាយ​គ្មាន​ត្រាប្រណី​​ឡើយ។ កីឡាករ​ថៃ​ម្នាក់​នេះ​ធ្លាប់​​​ផ្ដួល​ជើង​ខ្លាំង​ប្រើ​កែង វង្ស ណយ ក្នុង​ទឹក​ទី​បី​កាល​ចុង​ឆ្នាំ២០១៣ និង​យក​ឈ្នះ​អ្នក​លេង​កណ្ដាប់​ដៃ ពេជ្រ សីហា កាល​ពី​ខែ​មេសា​​នេះ។

 

សង្វៀន Thai Fight ប្រជុំ​ទៅ​ដោយ​កំពូល​អ្នក​ប្រដាល់ ហើយក្នុង​ចំណោម​​កីឡាករ​កម្ពុជា​ មាន​តែ សេន​ ប៊ុន​ថេន​ ម្នាក់​ប៉ុណ្ណោះ​ដែល​ធ្លាប់​ស្គាល់​ជ័យ​ជម្នះ។ ក្នុង​កម្មវិធី Thai Fight នេះ កែវ រំចង់​ ធ្លាប់​បាន​បង្ហាញ​ខ្លួន​ម្តង​ហើយ​ដោយ​ត្រូវ​ជើង​ខ្លាំង​ថៃ Yodsanklai វ៉ៃ​ឲ្យ​លោក​អាជ្ញា​កណ្តាល​បញ្ឈប់​​ការ​ប្រកួត​ក្នុង​ទឹក​ទី២៕

 

 

កែវ រំចង់ (ស្តាំ) និង Yodsanklai (ឆ្វេង) ប្រកួត​កន្លង​មក ​​

 

អត្ថបទ៖ គង់ វិសាល

អត្ថបទថ្មី