យល់ម៉េចដែរបើសិស្សនិទ្ទេស A ទាំង ១០៨ នាក់ធ្វើជាគ្រូបង្រៀន?
- 2015-09-22 21:31:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យល់ម៉េចដែរបើសិស្សនិទ្ទេស A ទាំង ១០៨ នាក់ធ្វើជាគ្រូបង្រៀន?
ចន្លោះមិនឃើញ
មានមតិលើកឡើងថា «បើសិនសិស្សពូកែធ្វើជាគ្រូបង្រៀន មិនដឹងជាល្អប៉ុណ្ណាទេ ជាពិសេសសិស្សជាប់និទ្ទេស A ទាំង ១០៨ នាក់»។ ត្រង់ចំណុចនេះ ធ្វើឱ្យមានកើតមតិផ្ទុយ និង ស្របជាច្រើន ដោយមិនរាប់បញ្ចូលទាំងសិស្សជាប់និទ្ទេសផ្សេងៗ (ផ្ដោតតែលើសិស្សជាប់និទ្ទេស A ប៉ុណ្ណោះ)។
អាជីពជាគ្រូបង្រៀន ធ្វើមិនធ្វើអាស្រ័យទៅលើបុគ្គលម្នាក់ៗ ប៉ុន្តែ បើសិស្សនិទ្ទេស A ទាំងអស់ធ្វើជាគ្រូមែន ប្រាកដជាល្អ។ នេះជាការលើកឡើងរបស់ សុធី។ សុធីបញ្ជាក់យ៉ាងខ្លីថា៖ "កម្ពុជានឹងផលិតបានខ្លឹមធនធានមនុស្សកាន់តែច្រើន"។
មិនខុសពី សុធី អ្នកស្រី ហ៊ាន សូរ៉ាន់ដា បានបញ្ចេញមតិយោបល់ថា សង្គមត្រូវការអ្នកមានចំណេះដឹង ដើម្បីអភិវឌ្ឍប្រទេសជាតិ ជាពិសេសវិស័យអប់រំ ប៉ុន្តែមិនល្អទេបើសិនពួកគេ ធ្វើជាគ្រូបង្រៀនទាំងអស់នោះ។ បុគ្គលិកក្រុមហ៊ុន មីក្រូហិរញ្ញវត្ថុរូបនេះបន្ថែមថា បើមានត្រឹម ៤០% នៃពួកគេចូលបម្រើការងារក្នុងវិស័យអប់រំ គឺពិតជាល្អ ខណៈ ៦០% ទៀត គួរជំរុញឱ្យពួកគេមានជំនាញ និង បម្រើការងារលើគ្រប់វិស័យ។
អ្នកស្រីថ្លែងថា៖ "កម្ពុជាមិនមែនមានតែវិស័យអប់រំមួយទេ...ត្រូវជំរុញឱ្យពួកគេមានឱកាសចូលបម្រើការងារលើគ្រប់វិស័យ ដើម្បីអភិវឌ្ឍប្រទេសជាតិ"។
ទោះបីចូលចិត្តការចែករំលែក និងបង្រៀនក្ដី ប៉ុន្តែសិស្សពូកែនិទ្ទេស A លឹម ម៉េងសាយ មិនបានចាប់ចិត្តនឹងអាជីពមួយនេះឡើយ តែរូបគេចូលចិត្តការងារ ជាអ្នកស្រាវជ្រាវវិទ្យាសាស្ត្រ និង សង្គមវិញ ជាពិសេសជំនាញព័ត៌មានវិទ្យា ប៉ុន្តែ សិស្សឆ្នើមដដែលប្រាប់ថាជារឿងល្អ បើសិនមានករណីនេះកើតមែន។
យុវសិស្សនិទ្ទេស A មានលំដាប់ពិន្ទុខ្ពស់ជាងគេប្រចាំខេត្តតាកែវ ម៉េងសាយ បន្តថា ពួកគេមានចំណេះដឹងគួរល្អ បើធៀបនឹងសិស្សជំនាន់ជាមួយគ្នា ដូច្នេះពួកគេនឹងជួយអភិវឌ្ឍវិស័យអប់រំ។ ប៉ុន្តែប៉ុណ្ណោះ ពួកគេអាចផ្ទេរចំណេះដឹង និងបទពិសោធន៍ដល់សិស្ស បានយ៉ាងល្អប្រសើរ ព្រោះពួកគេជាអ្នកពូកែ និងចេះច្បាស់៕
ចុះអ្នកវិញយល់យ៉ាងណាដែរ?
ចុចអាន៖ អ៊ីចឹងតើបាន លឹម ម៉េងសាយ ជាប់និទ្ទេស A និង ជាសិស្សឆ្នើមប្រចាំខេត្តតាកែវ
ចុចអាន៖ ការយល់ច្រឡំ ពីលំដាប់ពិន្ទុកាន់តែកើនឡើង ឥឡូវមកយល់ពីវាទាំងអស់គ្នា
អត្ថបទ៖ អ៊ុំ សុភក្តិ