អនុ​ប្រធាន​សហព័ន្ធ​កីឡា​គុន​ដាវ​​នឹង​ផ្ដល់​​​ទីតាំង​ផ្ទាល់​ខ្លួន​ដល់​កីឡាករ​ហ្វឹកហាត់​ឥត​គិត​ថ្លៃ​

  • 2015-10-02 17:43:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក តែ ឡូរិន អនុ​ប្រធាន​សហព័ន្ធ​កីឡា​គុន​ដាវ​កម្ពុជា ​នឹង​ផ្ដល់​ទីតាំង​ដល់​កីឡាករ​គុន​ដាវ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​ហ្វឹកហាត់​នៅ​ទីលាន​បាល់ទាត់​វេស្ទើន​ភ្នំពេញ​ដោយ​ឥត​គិត​ថ្លៃ ​​និង​​មិន​គិត​ពេល​វេលា​កំណត់។

 

​លោក​ តែ ឡូរិន បាន​ឲ្យ​ដឹង​ថា លោក​នឹង​ផ្ដល់​ទីតាំង​សមរម្យ​មួយ​កន្លែង​​សម្រាប់​ហ្វឹកហាត់​កីឡា​គុន​ដាវ ​ដល់​ក្រុម​កីឡាករ​គុន​ដាវ​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា​មិន​ថា​​ជម្រើស​ជាតិ ​ឬ​កីឡាករ​ទើប​ចាប់​ផ្ដើម​ហ្វឹកហាត់​នោះ​ទេ។ ​ទីតាំង​មាន​ប្រវែង​បណ្ដោយ​ប្រហែល ១០​ទៅ​២០ ម៉ែត្រ​​​ ហើយ​ទទឹង​វិញ​ក៏​ធំ​ល្មម​​នៅ​កីឡដ្ឋាន​វេស្ទើន។

 

លោក តែ ឡូរិន

 

​លោក​បាន​បន្ថែម​ថា មូល​ហេតុ​ដែល​លោក​ផ្ដល់​ទីតាំង​​ឲ្យ​​កីឡាករ​ហ្វឹកហាត់​ដោយ​ឥត​គិត​ថ្លៃ​​ ព្រោះ​គុន​ដាវ​ជា​​កីឡា​មួយ​ប្រភេទ​ដែល​ប្រទេស​កម្ពុជា​ធ្លាប់​មាន​ពី​មុន​មក។ ​បច្ចុប្បន្ន​មិន​សូវ​មាន​អ្នក​ចាប់​អារម្មណ៍​កីឡា​ប្រភេទ​​នេះ​ឡើយ ​ហើយ​លោក​ចង់​ឲ្យ​​​កីឡា​គុនដាវ​នេះ​​មាន​ការ​រីក​សុះសាយ​ក្នុង​ស្រុក​ខ្មែរ​ឡើង​វិញ​។ សព្វថ្ងៃ​កីឡា​គុនដាវ​​នៅ​លើ​ពិភព​លោក​គេ​កំពុង​ពេញ​និយម​​ណាស់​ មិន​ថា​អាស៊ី​ឬ​នៅ​អឺរ៉ុប ម៉្យាង​ទៀត​​រយៈ​ពេល​​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម​នៅ​មិន​យូរ​ទៀត​ឡើយ បើ​អាច​បណ្ដុះ​​កីឡា​ឲ្យ​បាន​ច្រើន​ប្រភេទ​រឹត​តែ​ប្រសើរ។

​ ​ជា​មួយ​គ្នា​នោះ​ដែរ ​លោក សុខ យ៉ា​នីមល អគ្គ​លេខាធិការ​សហព័ន្ធ​កីឡា​គុន​ដាវ​កម្ពុជា​ក៏​​បាន​លើក​ឡើង​ដែរ​ថា កីឡា​គុន​ដាវ​ត្រូវ​ការ​ទីតាំង​យ៉ាង​ហោច​បណ្ដោយ​ចាប់​ពី ១០​ម៉ែត្រ​ឡើង​ទៅ​ ហើយ​ទទឹង​ធំ​ល្មម​​ទើប​អាច​ឲ្យ​កីឡាករ​ហ្វឹកហាត់​បាន។ ចំណែក​ទី​តាំង​ដែល​អនុ​ប្រធាន​សហព័ន្ធ​​ផ្ដល់​ឲ្យ​នោះ ​លោក​​ព្រម​ទាំង​​ក្រុម​ការ​ងារ​បច្ចេកទេស​ នឹង​ចុះ​ពិនិត្យ​ក្នុង​រយៈ​ពេល​ខ្លី​មួយ​ដែល​មិន​អាច​កំណត់​បាន។

 

ការ​ប្រកួត​កីឡា​គុន​ដាវ​ជើង​ឯក​ថ្នាក់​ជាតិ​​ប្រចាំ​ឆ្នាំ​ ២០១៥ ទើប​តែ​​បញ្ចប់​ជា​ស្ថាពរ​កាល​ពី​ថ្ងៃ​​ទី៣០ ខែ​កញ្ញា ឆ្នាំ​២០១៥​ កន្លង​ទៅ​​​ ដែល​ប្រកួត​ជ្រើសរើសលើ​​​ ៤​វិញ្ញាសា​​​​​មាន វិញ្ញាសា​នារី​ឯកត្តជន​ដា​វធំ, វិញ្ញាសាបុរស​ឯក​ត្តជន​ដាវ​ធំ,​ វិញ្ញាសាបុរស​ឯក​ត្តជន​ដាវតូច​ និង​វិញ្ញាសាបុរស​ក្រុម​ដាវធំ​៕

 

លោក សុខ យ៉ានីមល

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​​

អត្ថបទថ្មី