ផឹកភេសជ្ជៈប៉ូវកម្លាំងច្រើន ប៉ះពាល់សុខភាព លើសអ្វីដែលអ្នកធ្លាប់គិត
- 2015-10-05 21:29:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផឹកភេសជ្ជៈប៉ូវកម្លាំងច្រើន ប៉ះពាល់សុខភាព លើសអ្វីដែលអ្នកធ្លាប់គិត
ចន្លោះមិនឃើញ
ពេលនឿយហត់អស់កម្លាំង ឬពេលងងុយគេងក្នុងម៉ោងធ្វើការ ឬសិក្សា មនុស្សមួយចំនួនចូលចិត្តញ៉ាំភេសជ្ជៈប៉ូវកម្លាំងដើម្បីបង្កើនស្មារតីកុំឲ្យងងុយគេងនិងមានកម្លាំងឡើងវិញ។ ប៉ុន្តែការទម្លាប់ញ៉ាំភេសជ្ជៈទាំងនោះជារៀងរាល់ថ្ងៃ អាចមានផលប៉ះពាល់ដល់សុខភាពច្រើនលើសអ្វីដែលអ្នកធ្លាប់គិតទៅទៀត។
តាមវិបសាយ Personalise បានបង្ហាញពីការទម្លាប់ញ៉ាំភេសជ្ជៈប៉ូវកម្លាំងច្រើន គឺបង្កឲ្យមានសម្ពាធឈាមខ្ពស់ និងអត្រាបេះដូងលោតកើនឡើង។
លោកវេជ្ជបណ្ឌិត Anthony Komaroff មកពីសាលាផ្នែកវេជ្ជសាស្ត្រ Harvard បានឲ្យដឹងថា នៅក្នុងភេសជ្ជៈប៉ូវកម្លាំងគឺមានសារធាតុកាហ្វេអ៊ីន និងជាតិស្ករ ដែលជួយផ្ដល់កម្លាំងនៅពេលពិសាវា។ រយៈពេល១០នាទីក្រោយពេលពិសាវាចូល បេះដូងបូមច្របាច់ឈាមលឿន និងបង្កើនល្បឿនខុសពីធម្មតា ។ សារធាតុមួយចំនួនក្នុងភេសជ្ជៈទាំងនេះអាចបង្កផលប៉ះពាល់ជាសុខភាពក្នុងរយៈពេលយូរណាមួយដូចជា៖
ឡើងទម្ងន់
ភេសជ្ជៈបង្កើនកម្លាំងភាគច្រើនសំបូរជាតិស្ករដែលធ្វើឲ្យពេលពិសាច្រើន នឹងនាំឲ្យមានជាតិកាឡូរីខ្ពស់។ ដូចនេះនៅពេលពិសារៀងរាល់ថ្ងៃធ្វើឲ្យឆាប់ឡើងទម្ងន់។
គេងពុំលក់
ការញ៉ាំភេសជ្ជៈប៉ូវកម្លាំងច្រើនពេកអាចប៉ះពាល់ការគេងលក់ស្កប់ស្កល់ និងនាំឲ្យឈឺក្បាល។ ភេសជ្ជៈបង្កើនកម្លាំងច្រើនសំបូរជាតិកាហ្វេអ៊ីន ដែលធ្វើឲ្យគេងពុំលក់ រំខានដល់ដំណេក។
រលាកក្រពះ
អាការៈមួយចំនួនដោយសារការពិសាភេសជ្ជៈបង្កើនកម្លាំងច្រើនមានដូចជា ឈឺចុកផ្នែកត្រង់ពោះ។ នេះគឺដោយសារជាតិអាស៊ីតដែលជំរុញកើនឡើងច្រើនដោយជាតិកាហ្វេអ៊ីនសំបូរក្នុងភេសជ្ជៈទាំងនោះ។ អាការៈទាំងនោះហើយដែលធ្វើឲ្យក្រពះ និងពោះវៀនរលាក។
សារធាតុគ្រឿងផ្សំប៉ះពាល់មួយចំនួន
ភេសជ្ជៈប៉ូវកម្លាំងខុសពីភេសជ្ជៈជំនួយសម្រាប់កីឡាករ (Sports Drink )ដែលគេផលិតឡើងដើម្បីបំពេញសារធាតុទឹកពេលបែកញើសអស់កម្លាំង។ សារធាតុផ្សំមួយចំនួនក្នុងភេសជ្ជៈប៉ូវកម្លាំងអាចធ្វើឲ្យអ្នកខ្សោយៗក្អួត ឈឺពោះ ពុលដោយសារលាយជាមួយភេសជ្ជៈមួយចំនួនទៀត និងបណ្តាលឲ្យរាគជាដើម។
ដើម្បីបង្ការចៀសវាងនឹងបញ្ហាមួយចំនួនខាងលើ លោកវេជ្ជបណ្ឌិត Anthony Komaroff ក៏បានណែនាំជាដំបូន្មានមួយចំនួនជំនួសឲ្យការទម្លាប់ញៀននឹងភេសជ្ជៈប៉ូវកម្លាំងច្រើន។ លោកបានណែនាំវិធីដូចខាងក្រោម៖
ពិសាអាហារក្រៅពេលបន្តិចបន្តួច ដូចជាផ្លែឈើឬទឹកផ្លែឈើកិនស្រស់ៗ។
ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់
ធ្វើលំហាត់ប្រាណជាប្រចាំ
គេងឲ្យបានគ្រប់គ្រាន់
សម្រាក និងតាំងសម្មាធិពេលមានបញ្ហាស្រ្តែសកើតមានឡើង៕
ចុចអាន៖ រូបមន្ត និងវិធីធ្វើទឹកម្រះសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម
ចុចអាន៖ មុនទិញថ្នាំប្រើប្រាស់ អ្នកជំងឺត្រូវគិតលើអ្វីខ្លះ?
ប្រែសម្រួល៖ មាន រតនា ប្រភព៖ askdoctork, goldenrule