តារា​ចម្រៀង វិជ្ជបុត្រ យក​ថវិកា ​និង​ទូរសព្ទ១គ្រឿង​​ជូន ស្វែង សុជាតា

  • 2015-10-06 16:32:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង របស់​ផលិតកម្ម M  លោក វិជ្ជបុត្រ កាល​ពី​​ម្សិល​មិញ​នេះ បាន​នាំ​យក​ទូរសព្ទ១​គ្រឿង និង​ប្រាក់​មួយ​ចំនួន​ទៅ ជូន​តារា​សម្ដែង​ជើង​ចាស់ អ្នក​នាង ស្វែង សុជាតា ដែល​កំពុង​ស្នាក់​នៅ​បន្ទប់​ជួល១​​ក្នុង​ក្រុង​តាខ្មៅ ។

 

 

អំណោយ​ដែល តារា​ចម្រៀង  វិជ្ជបុត្រ យក​ទៅ​ជូន​នោះ រួម​មាន ទឹក​ប្រាក់ ៣៦០ ដុល្លារ ប៉ុន្តែ​ដក​​យក​មក​​ទិញ​ទូរសព្ទ Smartphone ១គ្រឿង​តម្លៃ១៥០ដុល្លារ។ លោក វិជ្ជបុត្រ បាន​ប្រាប់​​ថា អំណោយ​ទាំង​នេះ គឺ​ជា​ការ​ផ្ដល់​ជូន​ពី​បង​ប្អូន​ខ្មែរ​រស់​នៅ​ក្រៅ​ប្រទេស​ផ្ញើ​តាម​រយៈ​លោក ដើម្បី​ចែក​ជូន​អ្នក​នាង ស្វែង សុជាតា បន្ទាប់​​ពី​សប្បុរសជន​ទាំង​អស់​នោះ​ទទួល​ដំណឹង​ថា តារា​សម្ដែង​រូប​នេះ​ធ្លាក់​ខ្លួន​​ឈឺ​ធ្ងន់ ហើយ​កំពុង​ជួប​បញ្ហា​សេដ្ឋកិច្ច។

 

តារា​ចម្រៀង​ក្នុង​ផលិតកម្ម M រូប​នេះ​បាន​បន្ត​ឲ្យ​ដឹង​ថា ទោះ​បី​ជា អំណោយ​ខាង​លើ​មាន​ចំនួន​តិចតួច​​ក្ដី ​ប៉ុន្តែ​ក៏​អាច​ជួយ​សម្រួល​ទុក្ខ​លំបាក​មួយ​គ្រា ដល់​អ្នក​នាង ​ស្វែង សុជាតា​ ​ផង​ដែរ។ ជា​មួយ​គ្នា​នោះ​ដែរ តារា​ចម្រៀង​ពន្លក​ថ្មី​ដែល​ចូល​ចិត្ត​ធ្វើ​បុណ្យ​រូប​នេះ​ ប្រាប់​ថា​លោក ​និង​​ព្យាយាម​កៀគរ​សប្បុរសជន​ផ្សេងៗ​ទៀត ដើម្បី​ស្វែង​រក​មូលនិធិ យក​មក​ជូន អ្នក​នាង​ស្វែង សុជាតា បន្ថែម​ទៀត។

 

 

នៅ​ព្រឹក​នេះ Sabay មិន​អាច​ទាក់​ទង​អ្នក​នាង ស្វែង សុជាតា ដើម្បី​បញ្ជាក់​បន្ថែម​បាន​ទេ ត្បិត​អី​ទួរសព្ទ របស់​តារា​ស្រី​ម្នាក់​នេះ​មិន​អាច​ទាក់​ទង​បាន​​​ឡើយ។ ប៉ុន្តែ​ម្ចាស់​ពាន​អាណាចក្រ​តារា​រូប​នេះ​បាន​សរសេរ​លើ​បណ្ដាញ​សង្គម​​របស់​ខ្លួន​ថា " សូម​អរគុណ​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អ្នក​ទាំង​អស់​គ្នា​ដែល​តែង​តែ​ជួយ​ដល់​រូប​នាង​ខ្ញុំ​ជានិច្ច ​បន្ទាប់​ពី​ដឹង​ថា ​នាង​ខ្ញុំ​ត្រឡប់​ចូល​ក្នុង​វិថី​សិល្បៈ​វិញ​ក្រោយ​ជួប​ជំងឺរ៉ាំរ៉ៃ​ជាង​ពីរ​ឆ្នាំ​មក​នេះ! នាង​ខ្ញុំ​ក៏​មិន​ដឹង​ជា​រក​ពាក្យ​អ្វី​ដើម្បី​មក​ឆ្លើយ​តប​ទៅ​នឹង​ទឹក​ចិត្ត​ដ៏​សប្បុរស​របស់​អ្នក​ទាំង​អស់​គ្នា​បាន​ឡើយ​ក្រៅ​ពី​ពាក្យ​ថា​អរគុណ!”។

 

ជា​មួយ​គ្នា​នោះ​អ្នក​នាង ស្វែង សុជាតា ក៏​បាន​ជូនពរ​ទៅ​សប្បុរសជន​ទាំង​អស់​ឲ្យ​ជួប​​តែ​សុភមង្គល និង​រក​ស៊ី​មាន​បាន​គ្រប់​គ្នាៗ​ផង​ដែរ។

 

 

ស្វែង សុជាតា ធ្លាប់​បាន​និយាយ​ប្រាប់ Sabay ថា នាង​កំពុង​រស់​នៅ​បន្ទប់​ជួល​តូច​មួយ​តម្លៃ ២០ ដុល្លារ  ហើយ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ដោយ​ថ្មើរ​ជើង ឬ​ជិះ​ម៉ូតូ​ឌុប។ ចំណែក​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ធ្លាប់​មាន​ពី​មុន​ដូច​ជា ​រថយន្ត និង​ផ្ទះ​ជា​ដើម គឺ​ត្រូវ​លក់​គ្មាន​សល់ ដើម្បី​យក​លុយ​ព្យាបាល​ជំងឺ​អំឡុង​ពេល​នាង​ធ្លាក់​ខ្លួន​ឈឺ​កាល​ពី​ឆ្នាំ​ទៅ។

 

បច្ចុប្បន្ន​នាងបាន​ជា​សះស្បើយ​ហើយ ដោយ​សារ​ការ​ព្យាបាល​តាម​បែប​អបិយ​ជំនឿ​នៅ​ភ្នំ​គូលែន។ ទោះ​បី​ជា​កំពុង​រស់​ក្នុង​ជីវភាព​ក្រីក្រ​លំបាក​ដាច់​បាយ​ម្ដងម្កាល​ យ៉ាង​ណា​ក្ដី ក៏​តារា​សម្ដែង​រូប​ នេះ នៅ​តែ​បង្ហាញ​ក្ដី​សង្ឃឹម​មុតមាំ លើ​ការ​ចាប់​ផ្ដើម​ក្នុង​វិស័យ​សិល្បៈ​ជា​ថ្មី ។ នាង ថ្លែង​ថា "ដរាប​ណា​នៅ​មាន​ជីវិត គឺ​នៅ​តែ​មាន​ក្ដី​សង្ឃឹម ហើយ​ខ្ញុំ​នឹង​ព្យាយាម​ស្វែង​រក​ទ្រព្យ​ទាំង​នោះ​មក​វិញ”៕

 

អត្ថបទ៖ ខុត សីហា រូបថត៖ ផ្ដល់ឲ្យ

អត្ថបទថ្មី