iPhone ថ្លៃ​ហួស​លទ្ធភាព អ្នក​គាំទ្រ​​រារែក​ទោះ​ចិត្ត​ប្រាថ្នា​ចង់​បាន

  • 2015-10-08 16:28:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone 6s និង 6s plus បាន​បញ្ចេញ​លក់​នៅ​​លើ​ទីផ្សារ​ប្រហែល​ពីរ​សប្ដាហ៍​មក​ហើយ។ មាន​អ្នក​ស្វែង​រក​ក៏​ច្រើន ហើយ​អ្នក​ដែល​ប្រាថ្នា​ចង់​បាន​តែ​ខ្វះ​លទ្ធភាព​ក៏​មាន​ជា​ហូរហែ។

 

 

កំពុង​អង្គុយ​លើ​បង់​ក្រោម​ម្លប់​ឈើ​តែ​ម្នាក់​ឯង​នៅ​ខាង​មុខ​សាលា​បញ្ញាសាស្រ្ត​ម្ដុំ​វិមាន​ឯករាជ្យ កញ្ញា​វរលក្ខណ៍​ប្រាប់​ថា ពេល iPhone ចេញ​ថ្មី​ម្តងៗ​ចិត្ត​ចេះ​តែ​ចង់​បាន ​តែ​លទ្ធភាព​មិន​អាច​ទៅ​រួច​។

 

កញ្ញា​ដែល​មាន​សម្បុរ​ខ្មៅ​ស្រអែម​និយាយ​ដោយ​ទឹកមុខ​ញញឹមញញែម​និង​មាន iPhone 6Plus ​កាន់​​ក្នុង​ដៃ​ផង​បន្ត​​ថា iPhone ចេញ​ជំនាន់​ថ្មីៗ​គួរ​ឲ្យ​ទាក់ចិត្ត ប៉ុន្តែ​តម្លៃ​​ក៏​មិន​ថោក​ដែរ​ដែល​ធ្វើ​ឲ្យ​កញ្ញា​និង​អ្នក​ប្រើប្រាស់​ជា​ច្រើន​ទៀត រារែក​ចិត្ត​ក្នុង​ការ​ត្រូវ​​ចំណាយ​ថវិកា​ដ៏​ខ្ពស់​ដើម្បី​បាន​ទូរសព្ទ​ដ៏​ឡូយ​ឆាយ​នេះ។

 

កញ្ញា​ថា តាម​ទីផ្សារ​តម្លៃ​ iPhone នៅ​ជាង ៨០០ ដុល្លារ បើ​ធ្លាក់​ក្រោម​ជាង​នេះ​កញ្ញា​អាច​ពិចារណា​បាន។

 

មិន​ខុស​គ្នា​នេះ​ដែរ យុវជន​មួយ​រូប​ទៀត​ដែល​កំពុង​អង្គុយ​ក្បែរ​នោះ​ ដាណេត ក៏​បន្ទរ​ការ​ចាប់​អារម្មណ៍​ដែរ​ថា iPhone ចេញ​ម្តងៗ​មាន​អ្នក​គាំទ្រ​ភ្ល្លូកទឹកភ្លូកដី។

 

យុវជន​រូប​នេះ​ថា iPhone ជា​ទូរសព្ទ​លំដាប់​កំពូល​ដែល​មាន​ការ​ពេញនិយម​បំផុត។ តែ​យុវជន​រូប​នេះ​ទទួល​ស្គាល់​ថា តម្លៃ​​ដ៏​ខ្ពស់​ធ្វើ​ឲ្យ​​អ្នក​​ប្រើប្រាស់​​ជាច្រើន​បាន​ត្រឹម​តែ​ស្រមៃ​ ដែល​​មិន​អាច​​មាន​លទ្ធភាព​ទិញ​​​ទូរសព្ទ​ដ៏​ទំនើប​​​បាន​នេះ។

 

ចំណែក​យុវតី​មួយ​រូប​ទៀត​ក៏​ជា​អ្នក​គាំទ្រ​និង​​ប្រាថ្នា​ចង់​បាន​ទូរសព្ទ iPhone ជា​កម្មសិទ្ធិ​​ដែរ​។ ​ស្រីនិច ប្រាប់​ថា iPhone ជា​ទូរសព្ទ​ដែល​​ទទួល​ការ​ពេញនិយម​ ការ​រចនា​ឡើង​ទាក់ទាញ​ចិត្ត​អ្នក​ប្រើប្រាស់​ទាំង​បច្ចេកវិទ្យា​ក៏​ដូចជា​ការ​ឌីហ្សាញ​រូប​រាង​ដ៏​ស្រស់​ឆើត។ យ៉ាង​ណា យុវតី​រូប​នេះថា ​អ្នក​ប្រើប្រាស់​ជា​ច្រើន​​មិន​​មាន​លទ្ធភាព​ទិញ​ទូរសព្ទ​ដ៏​ទំនើប​នេះ​ប្រើប្រាស់ ដោយសារ​តម្លៃ​ដ៏​​សែន​ថ្លៃ​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​មាន​ចិត្ត​ចង់បាន​​ត្រូវ​ពិចារណា​ខ្លាំង។

 

iPhone 6S បាន​ធ្លាក់​នៅ​សល់​ជាង ៧០០ ដុល្លារ​បន្ទាប់​ពី​ការ​ចេញ​លក់​ដំបូង​ជាង ១០០០ ដុល្លារ។ ខណៈ​ដែល iPhone 6S Plus វិញ តម្លៃ​ក៏​ធ្លាក់​នៅ​ប្រហែល​ជាង ៩០០ ដុល្លារ។ តម្លៃ​នេះ​នឹង​អាច​បន្ត​ធ្លាក់​ថ្លៃ​បន្ថែម​ទៀត ខណៈ​​តម្លៃ​នេះ​​ជា​តម្លៃ​លក់​ក្រៅ​ផ្លូវការ​តាម​ហាង​នានា៕

 

អត្ថបទ៖ រក្សា

អត្ថបទថ្មី