Free Basics គម្រោង​ប្រើ​អ៊ីនធឺណិត​ឥត​គិត​ថ្លៃដាក់​ប្រើ​នៅ​កម្ពុជា

  • 2015-10-09 16:31:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Free Basics គឺជា​គម្រោង​ថ្មី​មួយ​របស់​ក្រុម​ហ៊ុន​ Facebook ដែល​ទើប​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​លើ​ពិភពលោក​​ ដោយ​​ប្រទេស​កម្ពុជា​ជា​ប្រទេស​ទី ២២ ដែល​ក្រុមហ៊ុន​​ Facebook ដាក់​ដំណើរការ​គម្រោង​ប្រើ​អ៊ីនធឺណិត​ដោយ​ឥត​គិត​ថ្លៃ​នេះ​។ គោល​បំណង​នៃ​គម្រោង​នេះ​​ដែល​មាន​ការ​សហការ​ពី​ក្រុមហ៊ុន Smart នេះ​គឺ​ដើម្បី​ភ្ជាប់​ប្រជាជន​កម្ពុជា​ច្រើន​ជាង​ ១លាន​នាក់​ឲ្យ​មាន​លទ្ធភាព​ប្រើ​ប្រាស់​អ៊ីនធឺណិត​កម្រិត​មូលដ្ឋាន​ដោយ​ឥត​គិត​ថ្លៃ​។

 

 

កញ្ញា Anna Nygren ដែល​តំណាង​ក្រុមហ៊ុន​ Facebook បាន​មាន​ប្រសាសន៍​ថា៖ " ភាព​ជា​ដៃ​គូ​នេះ នឹង​ផ្ដល់​ប្រយោជន៍​ជា​ច្រើន​ដល់​ប្រជាជន​រាប់​លាន​នាក់​របស់​កម្ពុជា​ ដែល​មិន​មាន​លទ្ធភាព​ប្រើ​ប្រាស់​អ៊ីនធឺណិត​បាន​ ព្រោះ​ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត​មាន​សារសំខាន់​ក្នុង​ការ​ស្វែង​ការ​ងារ​ធ្វើ​ និង​មាន​ភាព​ងាយស្រួល​ទំនាក់​ទំនង​ជាង​មុន។

 

គម្រោង​ថ្មី​នេះ នឹង​ផ្ដល់​លទ្ធ​ភាព​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ អាច​ទទួល​បាន​នូវ​សំណុំ​គេហទំព័រ ( Website) កម្រិត​មូលដ្ឋាន​ដ៏​មាន​ប្រយោជន៍ ដែល​ទាក់​ទង​ទៅ​នឹង​បញ្ហា​សុខភាព​ ការ​អប់រំ​ ការស្វែងរក​ព័ត៌មាន​អំពី​ការងារ​ និង​ការ​ផ្ដល់​សេវា​ក្នុង​ស្រុក​ ដោយ​មិន​គិត​ប្រាក់​សូម្បី​មួយ​សេន​។

 

គម្រោង​នៃ​ការ​ប្រើប្រាស់​​អ៊ីនធឺណិត​កម្រិត​មូលដ្ឋាន​ដោយ​ឥត​គិត​ថ្លៃ​របស់​ Facebook បាន​ចូលរួម​សហការ​ដោយ​ក្រុមហ៊ុន​ Smart​ Axiata។

 

លោក Thomas Hundt ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុម​ហ៊ុន​ Smart Axiata បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​កាល​ពី​រសៀល​ម្សិល​មិញ​ថា​​ ការ​សហការ​ជាមួយ​ក្រុមហ៊ុន​ Facebook ដែល​ជា​ក្រុម​ហ៊ុន​ធំ​នៅ​ក្នុង​ពិភពលោក​ អាច​ជួយ​ឲ្យ​វិស័យ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​មាន​ភាព​រីក​ចម្រើន​ ចំណូល​ប្រចាំ​ឆ្នាំ​របស់​ប្រជាជន​មាន​ការ​កើន​ឡើង​ និង​ធ្វើ​អោយ​សង្គម​មាន​ការ​អភិវឌ្ឍន៍​។

 

ប្រជាជន​កម្ពុជា​ដែល​ប្រើប្រាស់​សេវា​របស់​ក្រុម​ហ៊ុន Smart អាច​ចូល​ទៅ​ប្រើ​ប្រាស់​គេហទំព័រ​​កម្រិត​មូលដ្ឋានមួយ​ចំនួន​ដែល​មាន​ប្រយោជន៍​ ទាំង​ភាសាខ្មែរ និង​អង់គ្លេស​ ដែល​រួម​មាន​​ គេហទំព័រ​​របស់ Facebook, Dictionary.com, wikipedia, Ask, Bing, Messenger ជា​ដើម។ សេវា​កម្ម​នឹង​បាន​ចាប់​ដំណើរ​ការ​ចាប់​ពី​ថ្ងៃ​ថ្ងៃ​នេះ​តទៅ​។

 

 

ប្រិយមិត្ត​អាច​ប្រើ​គម្រោង Free Basicដោយ​ចូល​ទៅ​​ទាញ​ Appនៃ​​ប្រព័ន្ធ​ប្រតិបត្តិការ​ Android ដោយ​វាយ​ពាក្យ​ថា​ free basics ឬ​អាច​ប្រើ​ដោយ​ចូល​លើ​វិបសាយ​ www.freebasics.com ដើម្បី​ប្រើប្រាស់​អ៊ីនធឺណិត​កម្រិត​មូលដ្ឋាន​ដោយ​ឥត​គិត​ថ្លៃ។

 

អត្ថបទ៖ រក្សា