មហោស្រព​ភាពយន្ត​អន្តរជាតិ​ កម្ពុជា (CIFF) ឆ្នាំនេះនឹងបង្ហាញពីខ្សែភាពយន្តល្បីៗជាង៨០រឿង

  • 2015-10-22 22:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សម្រាប់​​ឆ្នាំទី៦ នេះ មហោ​ស្រព​ភាព​យន្ត​អន្តរជាតិ កម្ពុជា  ចាប់​ពី​ថ្ងៃទី៤-១០ ធ្នូ ២០១៥  ដែលជាព្រឹត្តិការណ៍​​ភាព​យន្តដំបូងគេនៅកម្ពុជា នឹងនាំមកនូវខ្សែភាពយន្ត​ជាង​៨០​រឿង​ ដែលគ្រោង​នឹង​បញ្ចាំងជូនទស្សនា​ចំនួន​ជាង​២០០លើក។ កម្ម​វិធី​មហោស្រពភាពយន្តអន្តរ​ជាតិ​ដ៏ធំនេះ គឺមានលក្ខណៈ​សម្បូរ​បែប និងមានភាពយន្តចម្រុះ។

 

លើស​ពីនេះ​ទៀត ដើម្បី​បង្ហាញ​ពីខ្សែ​ភាព​យន្ត​​ល្អ​ៗបំផុត ​ដែល​បាន​ផលិត​នៅ​ក្នុង​និង​អំពី​ប្រទេស​កម្ពុជា​ មហោ​ស្រព​ភាពយន្ត​អន្តរជាតិ កម្ពុជា​​ឆ្នាំ​នេះ ក៏​នឹង​ផ្តោតជា​ពិសេស​ទៅ​លើខ្សែ​ភាពយន្ត​របស់​ប្រទេស​ជប៉ុន​ ម៉ាឡេស៊ី​​ និង​បារាំង ហើយក៏នឹង​មាន​រួម​បញ្ចូល​ផង​ដែរ​នូវ​ភាព​យន្ត​​អាស៊ាន ដែល​បាន​ទទួល​ពាន​រង្វាន់​ពី Asian Film Awards ​ ដ៏ល្បីល្បាញ និង​ខ្សែ​ភាព​យន្ត​គំនូរ​ជីវចល​​ដ៏កម្រ​របស់សាធារណរដ្ឋឆេក ព្រម​ទាំង​ខ្សែភាពយន្តឯកសារមកពីទូទាំង​ពិភពលោក​ និងខ្សែ​ភាពយន្ត​ខ្លី។

 

 

មហោ​ស្រព​ភាព​យន្ត​អន្តរជាតិ​ (CIFF) ក៏​នឹង​មាន​រួម​បញ្ចូល​នូវ​ការ​ប្រកួត​ខ្សែ​ភាព​យន្ត​ថ្នាក់​ជាតិ​ផងដែរ។​ ខ្សែភាព​យន្ត​ខ្មែរ​ចំនួន​៨​រឿង​ត្រូវ​បានជ្រើសរើសដើម្បីប្រឡង​ប្រជែង​យក​ពាន​រង្វាន់ ដែលផ្តល់ដោយ​ក្រសួង​វប្បធម៌ និង វិចិត្រ​សិល្បៈ​នៅ​ថ្ងៃបិទ​ពិធី។ CIFF ​នឹង​ផ្តល់​ជូន​នូវ​ការ​បញ្ចាំង​ខ្សែភាព​យន្ត​ពិសេសៗសម្រាប់​អ្នក​ទស្សនា​ជាកុមារ ដែល​មាន​ប្រភេទ​ខ្សែ​ភាពយន្តគំនូរ​ជីវចល​ចម្រុះ ទាំងសម័យមុននិងបច្ចុប្បន្ន ដែលភាពយន្តទាំងនោះសុទ្ធសឹងជាភាពយន្តមានគុណភាពខ្ពស់។

 

ការ​ចាក់​បញ្ចាំង​នឹង​ធ្វើ​ឡើង​រយៈ​ពេល​៧​ថ្ងៃ នៅ​តាម​រោង​ភាព​យន្ត​ធំៗ​ក្នុង​រាជធានី​ភ្នំពេញ (Major and Cineplex), រោង​ភាព​យន្ត Legend ទាំង​បីទីតាំង, សាល​មហោ​ស្រព​ចតុមុខ, រោងភាពយន្តថ្មី នៃវិទ្យា​ស្ថាន​បារាំង និង​មជ្ឈមណ្ឌល​បុប្ផាណា ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ភ្ញៀវ​សំខាន់ៗ​ជា​ច្រើន រួម​ទាំង​ផលិតករ​ភាពយន្ត​ចូល​រួម​ចែក​រំលែក​បទ​ពិសោធ​ដល់​ទស្សនិក​ជន។

 

 

មហោ​ស្រព​ភាព​យន្ត​អន្តរជាតិ​ កម្ពុជា គឺ​ព្រឹត្តិការណ៍បញ្ចាំងភាព​យន្ត​ដែលប្រព្រឹត្តទៅរៀងរាល់ឆ្នាំ ​ដឹក​នាំ​ដោយ​ក្រសួង​វប្ប​ធ​ម៌ ​និង​វិចិត្រ​សិល្បៈ​និង​ ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​ មជ្ឈមណ្ឌលបណ្តុះបណ្តាញជំនាញ និងទទួលថតភាពយន្តនៅកម្ពុជា (CFC) ​និង​មជ្ឈមណ្ឌល​បុប្ផា​ណា ​សហការ​ជាមួយ​វិទ្យាស្ថាន​បារាំង​។

 

មហោ​ស្រព​ភាពយន្ត​អន្តរជាតិ កម្ពុជា ​នៅ​ឆ្នាំ​នេះ​នឹងយកថ្លៃ​សំបុត្រ​ចូល​ទស្សនា​ចំនួន ១​ដុល្លារ។ ប្រសិន​បើ​ទិញ​សំបុត្រ​ជា​មុនចំនួន១០ នឹង​គិត​ថ្លៃ​ត្រឹម​តែ​៥ដុល្លារ​ប៉ុណ្ណោះ។ កម្មវិធី និង​កាល​វិភាគ​នៃ​ការ​ចាក់​បញ្ចាំង​ខ្សែ​ភាព​យន្ត និង​ព័ត៌មានផ្សេងៗ នឹង​បង្ហាញ​ជូន​ជា​ប្រចាំ​នៅ​លើ​វេបសាយ www.cambodia-iff.com នៅ​ចុង​ខែ​វិច្ឆិកា​នេះ។

 

 

ព័ត៌មាន​បន្ថែម សូម​ទាក់​ទង Sopheap Chea តាម​រយៈ​អ៊ីម៉ែល programming@cambodia-iff.com