ចំណាប់អារម្មណ៍អ្នកចូលរួមបារខែមភ្នំពេញ ២០១៥
- 2015-10-26 18:45:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណាប់អារម្មណ៍អ្នកចូលរួមបារខែមភ្នំពេញ ២០១៥
ចន្លោះមិនឃើញ
មានការចូលរួមយ៉ាងច្រើនកុះករសម្រាប់ព្រឹត្តិការណ៍បារខែមភ្នំពេញចុងសប្តាហ៍មុននេះនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
បារខែមភ្នំពេញ ២០១៥ ដែលរៀបចំឡើងក្រោមប្រធានបទរួម “ត្រៀមខ្លួនសម្រាប់សមាហរណកម្មអាស៊ាន” បាននាំយកក្រុមអ្នកជំនាញបច្ចេកវិទ្យា អ្នកជំនាញច្នៃប្រឌិត សហគ្រិនវ័យក្មេង អង្គការសង្គមស៊ីវិល ថ្នាក់ដឹកនាំអាជីវកម្ម សាស្ត្រាចារ្យ សិស្ស និងនិស្សិត ដើម្បីចែករំលែក ចំណេះដឹងនិងបទពិសោធន៍ ក្នុងវិស័យបច្ចេកវិទ្យា និងអាជីវកម្ម ដោយផ្ដោតលើប្រធានបទធំៗចំនួន ៤ រួមមាន បច្ចេកវិទ្យា អាជីពការងារ រចនាច្នៃប្រឌិត និងសហគ្រិនភាព។
ការរៀបចំបារខែម ២០១៥ រយៈពេលពីរថ្ងៃនេះ មានអ្នកចូលរួមប្រមាណ ៣ ០០០ ទៅ ៤ ០០០ នាក់ជាសិស្សនិស្សិតដែលមកស្វែងយល់ពីការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ ក៏ដូចជាការទទួលបានចំណេះដឹងពីការអប់រំនិងអាជីពការងារដែលវាគ្មិនជំនាញៗបានចែករំលែក។
បារខែមភ្នំពេញជាវេទិកាលើកកម្ពស់វិស័យបច្ចេកវិទ្យានៅកម្ពុជា ដែលរៀបចំឡើងក្រោមកិច្ចសហការដ៏ជិតស្និទ្ធ រវាងវិស័យសង្គមស៊ីវិល វិស័យឯកជន រួមជាមួយស្ថាប័នរដ្ឋាភិបាល។ បារខែមភ្នំពេញ ២០១៥ ធ្វើឡើងក៏ជាការត្រៀមខ្លួនដែលប្រទេសកម្ពុជានឹងចូលសមាហរន្តកម្មអាស៊ាននាចុងឆ្នាំ២០១៥ នេះ។
អត្ថបទ៖ ប៊ុណ្ណារ៉ា