កម្ពុជា​ទទួល​សិទ្ធិ​​ចូល​ជា​សមាជិក សមាគម​អត្តពលិក​អូឡាំពិក​ពិភពលោក

  • 2015-10-28 14:20:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា​បាន​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​​​នៃ​​សមាគម​អត្តពលិក​អូឡាំពិក​ពិភព​លោក ដែល​គេ​ទើប​តែ​បោះឆ្នោត​ជា​ផ្លូវការ​អនុញ្ញាត​ឱ្យ​​ចូល​រួម​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ នេះ​បើ​តាម​សម្ដី លោក វ៉ាត់ ចំរើន ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​បញ្ជាក់។

 

លោក វ៉ាត់ ចំរើន

 

លោក វ៉ាត់ ចំរើន ​បាន​ចូល​រួម​បេសកកម្ម​នៅ​ប្រទេស​រុស្ស៊ី​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ក្នុង​កម្មវិធី​អត្តពលិក​អូឡាំពិក​ពិភព​លោក ដែល​ការ​រៀប​ចំ​នេះ​ថ្នាក់​ដឹក​នាំ​កីឡា​កំពូល​ៗ​ទាំង​អស់​​ជុំ​វិញ​ពិភព​លោក​បាន​ធ្វើ​បទ​បង្ហាញ​ពី​របៀប​ធ្វើ​យ៉ាង​ណា​ជួយ​ដល់​អត្តពលិក​ទាំង​អស់​ដែល​ចូល​និវត្តន៍។ ​លើស​ពី​នេះ​ទៅ​ទៀត ក្នុង​កម្មវិធី​នោះ​ដែរ ថ្នាក់​ដឹក​កីឡា​អូឡាំពិក​​បាន​ផ្សព្វផ្សាយ​ថា​ តាម​ប្រទេស​នីមួយ​ៗ ត្រូវ​បង្កើត​សមាគម​អត្តពលិក​អូឡាំពិក​មួយ​ៗ​ដោយ​ខ្លួន​ឯង ដោយ​សារ​សមាគម​នេះ​គឺ​ដើម្បី​ទ្រទ្រង់​ដល់​កីឡាករ កីឡា​ការិនី​ទាំង​អស់​ដែល​ធ្លាប់​ចូល​រួម​ប្រកួត​កីឡា​អូឡាំពិក​ពី​មុន​មក។

 

​លោក​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​​បាន​បន្ត​ទៀត​ថា​ អ្វី​ដែល​កាន់​តែ​ពិសេស​សម្រាប់​កម្ពុជា​ដែរ​គឺ​បាន​ទទួល​សិទ្ធិ​ជា​ផ្លូវ​ការ​ សម្រាប់​ចូល​រួម​ជា​សមាជិក ក្នុង​សមាគម​អត្តពលិក​អូឡាំពិក​ពិភព​លោក ដែល​គេ​ទើប​តែ​សម្រេច​បោះឆ្នោត​ឱ្យ​ចូល​អំឡុង​ពេល​កម្មវិធី​នៅ​រុស្ស៊ី​នេះ​ទេ។ ដូច្នេះ កម្ពុជា​​នឹង​ត្រៀម​ប្រកាស​រក​អត្តពលិក​ចាស់ៗ​​ដែល​ធ្លាប់​ចូល​រួម​ប្រកួត​កីឡា​អូឡាំពិក​ទាំង​អស់ ដើម្បី​ឱ្យ​ពួកគាត់​ទទួល​បាន​ផល​ប្រយោជន៍ និង​គាំពារ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​សមាគម​ដែល​កម្ពុជា​នឹង​បង្កើត​ឡើង​នេះ៕

 

អត្ថបទ៖ មុន្នី រម្យ