តារាចម្រៀង វិជ្ជបុត្រ ផលិតរឿងលក់បាន៥ពាន់ដុល្លារ យកមកជួយជនក្រីក្រ
- 2015-10-28 21:23:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាចម្រៀង វិជ្ជបុត្រ ផលិតរឿងលក់បាន៥ពាន់ដុល្លារ យកមកជួយជនក្រីក្រ
ចន្លោះមិនឃើញ
ខ្សែភាពយន្ត "ឈាមស្រែកស្បែកហៅ" របស់តារាចម្រៀងផលិតកម្ម M លោក វិជ្ជបុត្រ ដែលផលិតឡើងជិត១ឆ្នាំមកនោះ ពេលនេះបានចេញជា DVDលក់បានទឹកប្រាក់៥ពាន់ដុល្លារហើយ ដោយទឹកប្រាក់ទាំងនេះ លោកបញ្ជាក់ប្រាប់ថា ទុកសម្រាប់ជួយជនក្រីក្រទាំងអស់។
ទឹកប្រាក់ចំនួន៥ពាន់ដុល្លារនេះ ត្រូវបានកញ្ញា ថឹក ផល្លា ដែលជាតារាសម្ដែងនៅក្នុងរឿងនេះ ប្រគល់ទៅឲ្យតារាចម្រៀង វិជ្ជបុត្រ កាលពីព្រឹកមិញនេះ ឯប្រលានយន្តហោះអន្តរជាតិពោធិចិនតុង គ្រាដែលតារាសម្ដែងម្នាក់ នេះមកលេងស្រុកកំណើត បន្ទាប់ពីនាងទៅរស់នៅសហរដ្ឋអាមេរិកជាច្រើនឆ្នាំមក។
លោក វិជ្ជបុត្រ បានឲ្យដឹងថា រឿង "ឈាមស្រែកស្បែកហៅ" នេះលោកបានផលិតជិត១ឆ្នាំមកហើយ ដោយនៅក្នុងរឿងនេះនិយាយពី នារីម្នាក់ត្រូវបានគេចាប់រំលោភ ហើយចុងក្រោយបុរសដែល ចាប់រំលោភនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។ លោកបានបន្តឲ្យដឹងថា តារាសម្ដែងនៅក្នុងរឿងនេះ សុទ្ធតែជា ក្រុមយុវជនស្ម័គ្រចិត្តសម្ដែង មិនមានតារាល្បីៗចូលរួមសម្ដែងឡើយ។ គោលដៅនៃការផលិតខ្សែភាពយន្តមួយនេះ គឺសម្រាប់យកថវិកាមកជួយដល់ជនក្រីក្រនៅក្នុងប្រទេសកម្ពុជាទាំងអស់។
ម្ចាស់បទ "ពីរជំហានលើវិថីមួយ" បានបន្តឲ្យដឹងថា ខ្សែភាពយន្តមួយនេះ គឺជាស្នាដៃដំបូងរបស់លោក ហើយការផលិតឡើងបានចំណាយប្រាក់ផ្ទាល់ខ្លួនអស់រហូតដល់ទៅជាង១ម៉ឺនដុល្លារឯណោះ។ដោយសារតែតារាសម្ដែងសុទ្ធតែថ្មី មិនមានទស្សនិកជនស្គាល់ លោក វិជ្ជបុត្រ ប្រាប់ថា រឿង "ឈាមស្រែកស្បែកហៅ" នេះមិនមានគម្រោងយកមកចាក់នៅស្រុកខ្មែរទេ គឺសម្រាប់លក់តែនៅក្រៅប្រទេសប៉ុណ្ណោះ ក្នុងនោះមាន សហរដ្ឋអាមេរិក បារាំង និង អូស្ត្រាលីជាដើម។
តាមការលើកឡើង របស់ កញ្ញា ថឹក ផល្លា ទឹកប្រាក់ចំនួន៥ពាន់ដុល្លារនេះ គ្រាន់តែជាការលក់រយៈពេល៦ខែ លើទឹកដីអាមេរិកប៉ុណ្ណោះ ចំពោះនៅឯ ប្រទេសបារាំង និង អូស្ត្រាលី មិនទាន់បូកបញ្ចូលនៅឡើយទេ។ លោក វិជ្ជបុត្រ សង្ឃឹមយ៉ាងមុតមាំថា នឹងទទួលបានប្រាក់ច្រើនជាងនេះបន្ថែមទៀតពីការលក់ DVD រឿងដែលជាស្នាដៃដំបូងរបស់លោក។
ទឹកប្រាក់ទាំងនេះ ម្ចាស់បទ "គេស្រលាញ់អូនគ្រាន់តែចង់ឡូយទេ " បញ្ជាក់ថា នឹងយកទៅជួសជុល សាលាមួយស្ថិតក្នុងខេត្ត ក្រចេះ ហើយមួយចំណែកទៀតទុកសម្រាប់ជួយដល់ជនក្រីក្រ ក៏ដូចជាសិល្បករសិល្បការិនីដែលកំពុងជួបការលំបាកដទៃទៀត៕
អត្ថបទ៖ ខុត សីហា