រឿង​ថ្មី​ផលិតកម្ម​ចក្រវាឡ​ពេជ្រ ថត​លើ​កប៉ាល់​តម្លៃ​ជាង២០ម៉ឺន​ដុល្លារ

  • 2015-11-03 21:03:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម​ចក្រវាឡពេជ្រ​ភាពយន្ត របស់​អ្នក​ស្រី ថុង ស៊ីវទៀង បាន​ក្រុងពាលី​រឿង​ថ្មី​របស់​ខ្លួន​​​មួយ​ទៀត​ហើយ​កាល​ពី​ព្រឹក​មិញ ដោយ​រឿង​មួយ​នេះ​មាន​ឈ្មោះ​ថា "វិស្សមកាល​​មរណៈ" ប្លង់​ភាគ​ច្រើន​​នៃ ខ្សែភាពយន្ត​មួយ​នេះ ថត​នៅ​លើ​កប៉ាល់​ចាស់​មួយ​ដែល​កប៉ាល់​នោះ​មាន​​តម្លៃ​ជាង២០ម៉ឺន​ដុល្លារ។

 

 

អ្នក​ស្រី ថុង ស៊ីវទៀង ចាងហ្វាង​ផលិតកម្ម​បាន​ឲ្យ​ដឹង​ថារឿង "វិស្សមកាល​​មរណៈ"  គឺ​ជា​ខ្សែភាពយន្ត​មួយ ដែល​និយាយ​ពី​​ការ​ស្រាវ​ជ្រាវ​របស់​សិស្ស​មួយ​ក្រុម ដែល​បាន​ជួប​ឧបទ្ទវហេតុ​ជា​ច្រើន លើ​កិច្ចការ​ស្រាវជ្រាវ​របស់​ខ្លួន ដោយ​នៅ​ក្នុង​នោះ មាន​ឈុត​ឆាក​គ្រប់​រសជាតិ រួម​មាន ស្នេហា សើច​សប្បាយ កម្សត់ និង  ភ័យរន្ធត់​ជា​ដើម។ ជា​មួយ​​គ្នា​នោះ ខ្សែភាពយន្ត​មួយ​នេះ ក៏​បាន​បញ្ចូល​ក្បាច់​គុន​ខ្មែរ​ជា​ច្រើន​​ប្រភេទ​ផង​ដែរ ដោយ​តារា​សម្ដែង​ទាំង​អស់ សុទ្ធតែ​មាន​​ឈុត​វ៉ៃ ប្រហារ ជា​ច្រើន។ ដើម្បី​ឲ្យ​ការ​សម្ដែង​​របស់​តារា​ទាំង​អស់​​ប្រព្រឹត្តទៅ​បាន​ល្អ ចាងហ្វាង​ផលិតកម្ម​រូប​នេះ បាន​ជួល​គ្រូ​បង្ហាត់​ក្បាច់​គុន ឲ្យ​មក​​ជួយ​បង្ហាត់​តារា​សម្ដែង​ទាំង​អស់​ផង​ដែរ។ តារា​សម្ដែង​នៅ​ក្នុង​រឿង​នេះ មាន នី មុន្នីនាថ ​កញ្ញា យ៉ាដាវ អ្នក​នាង ឆ័យលី ដាឡែន  ថន លក្ខិណា  នាង​ខ្ញុង ចាន់​តារាទី លោក ថៃ ប៊ុនាង លោក ហម ឈរ៉ា លោក សាយ សៀរ៉ា និង សិល្បករ​សិល្បៈ​ការិនី ជា​ច្រើន​ទៀត។ អ្នក​ស្រី ថុង ស៊ីវទៀង​ បាន​បន្ត​ឲ្យ​ដឹង​ថា រឿង​ "វិស្សមកាល​មរណៈ" គ្រោង​ចេញ​ថត​ចាប់​ពី​ថ្ងៃ​ស្អែក​នេះ​តទៅ ហើយ​ទី​តាំង​ដែល​ត្រូវ​ថត មាន​នៅ កោះដាច់ ភ្នំ​ជើង​ព្រៃ និង ទីតាំង​ជា​ច្រើន​​ផ្សេង​ទៀត​ក្បែរៗ​រាជធានី​ភ្នំពេញ​នេះ។ ចំពោះ​ប្លង់​នៅ​លើ​កប៉ាល់​​ដែល​ជា​ប្លង់​ធំ​ត្រូវ​ថត​ច្រើន​ថ្ងៃ​នោះ  គឺ​ស្ថិត​នៅ​ក្នុង​ទឹក​ដី កោះដាច់ ខេត្តកណ្ដាល ដោយ​ក្នុង​​ដែរ​នោះ​​អ្នក​ស្រី បាន​រៀប​ចំ​តុបតែង​លំអ កប៉ាល់​យ៉ាង​ស្រស់​ស្អាត ដើម្បី​ឲ្យ​ស៊ី​​ទៅ​នឹង​សាច់​រឿង។

តាម​ការ​លើក​ឡើង​របស់ ចាងហ្វាង​ផលិតកម្ម​រូប​​ខាង​លើ កប៉ាល់​​នោះ​គឺ​ជា​កម្មសិទ្ធិ​របស់​អ្នក​ស្រី​ផ្ទាល់​តែ​ម្ដង ដែល​មាន​តម្លៃ​រហូត​ដល់​ទៅ ជាង​២០ម៉ឺន​ដុល្លារ​ឯណោះ។ ខ្សែភាពយន្ត​ គ្រោង​ចំណាយ ជាង៣ ម៉ឺន​ដុល្លារ ។ ក្រោយ​ពី​ថត​ចប់​ខ្សែភាពយន្ត​ខ្នាត​ធំ​មួយ​នេះ គ្រោង​ចាក់​បញ្ចាំង​នៅ តាម​រោង​ភាពយន្ត​ទាំង​អស់​ក្នុង ប្រទេស​កម្ពុជា។

 

រឿងរឿង "វិស្សមកាល​​មរណៈ គឺ​ជា​ខ្សែភាពយន្ត​ទី២​ហើយ​របស់​ផលិតកម្ម "ចក្រ​វាឡពេជ្រ​ភាពយន្ត" បន្ទាប់​ពី​ផលិតកម្ម​មួយ​នេះ ងាក​មក​ថត​ខ្សែភាពយន្ត​ឡើង​វិញ ក្រោយ​ពី​បាន​ផ្អាក ជា​ច្រើន​ឆ្នាំ​មក។ ស្នាដៃ​ទី១​របស់​ផលិតកម្ម​​នេះ​មាន​ចំណង​ជើង​​ថា រឿង "ស្ទឹង​ស្នេហា" ដោយ​បាន​ថត​ចប់​ជិត​១ឆ្នាំ​មក​ហើយ​គ្រោង​ចាក់​នៅ​លើ ស្ថានីយ​ទូរទស្សន៍ My TV ឆាប់​ខាង​មុខ​នេះ។ អ្នក​ស្រី ថុង ស៊ីវទៀង បាន​សម្ដែង សុទិដ្ឋិនិយម​ថា រឿង​ "វិស្សមកាល​​មរណៈ"នេះ នឹង​ទទួល​បាន​ការ​គាំទ្រ​​ខ្លាំង​ជាក់​ជា​មិន​ខាង ត្បិតអី​តារា​សម្ដែង ​ក៏​ដូច​​ជា​អ្នក​ដឹក​នាំ​សម្ដែង​នៅ​ក្នុង​រឿង​នេះ អ្នក​ស្រី​បាន​ជ្រើសរើស​សុទ្ធតែ​ជា អ្នក​ដែល​មាន​សមត្ថភាព​ខ្លាំង​ទាំង​អស់៕

 

 

អត្ថបទ៖ ខុត សីហា ​​