យាយ ណាង ប្រាប់ប្រវត្តិជូរចត់ជាមួយផ្ទះជួល
- 2015-11-04 16:47:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យាយ ណាង ប្រាប់ប្រវត្តិជូរចត់ជាមួយផ្ទះជួល
ចន្លោះមិនឃើញ
តារាកំប្លែងជើងចាស់ លោក ណយ សំណាង ហៅយាយ ណាង បានប្រាប់ Sabay ថា លោកយាយធ្លាប់ជួបរឿងជូរចត់ម្ដងជាពីរដងជាមួយនឹងផ្ទះជួល ក្នុងនោះធ្លាប់ធ្លាក់ពីលើកាំជណ្ដើរ ៣-៤លើកមកហើយកាលដែលលោកយាយស្នាក់នៅផ្ទះជួលជាន់ទី១ជិតផ្សារទូលទំពូង។
មូលហេតុដែលនាំឲ្យ ខ្លួនធ្លាក់ពីលើកាំជណ្ដើរច្រើនដល់ទៅ ៣-៤លើកនេះ ក៏ព្រោះផ្ទះលោកយាយជួលស្នាក់នៅនោះ ផ្លូវឡើងងងឹត ហើយខ្ពស់ គួបផ្សំនឹងខ្លួនឯងចាស់ទ្រុឌទ្រោម ពពីងពពើម សុខភាពមិនសូវបានផងនោះ ទើបឧស្សាហ៍ធ្លាក់បែបនេះតែម្ដង។ " កាលនៅផ្ទះជិតផ្សារទូលទំពូងហ្នឹង វាខ្ពស់ហើយ យើងមកពីលេងកំប្លែងយប់ ផ្លូវងងឹត សុខភាពខ្សោយផង ធ្លាក់៣-៤លើកមកហើយ" យាយ ណាងថ្លែង។
ពេលដែលធ្លាក់ម្ដងៗ លោកយាយប្រាប់ថា បានចៅ ឬអ្នកជិតខាងជួយ តែក៏មិនមែនរាល់លើកសុទ្ធតែមានអ្នកជួយនោះទេ ពោលគឺមានពេលខ្លះ ក៏មិនមានអ្នកដឹង និងជួយដែរ។ អីចឹងយាយ ត្រូវសម្ងំមួយសន្ទុះ ទម្រាំបានស្រួលខ្លួនវិញ ទើបប្រឹងក្រោកឡើងវិញមកដោយខ្លួនឯង។
បច្ចុប្បន្ន អ្នកស្រី បានប្ដូរផ្ទះជួលជាន់ទី១ នៅជិតផ្សារទូលទំពូងកាលពីប៉ុន្មានខែមុខនេះ បន្ទាប់ពីរស់នៅទីនោះបាន ជាង៣ឆ្នាំ។ តារាកំប្លែងជើងចាស់ម្នាក់នេះ បានមកជួលផ្ទះមួយកន្លែងនៅជិតវត្ត សន្សំកុសល ដោយក្នុងមួយខែតម្លៃ ១៨០ ដុល្លារ រស់នៅ២គ្រួសារ ក្នុងនោះលោកយាយ ត្រូវចេញ៨០ ដុល្លារក្នុងមួយខែ និង ថ្លៃទឹកភ្លើងថែមទៀត។
តារាវ័យ៧១ឆ្នាំនេះ បានលើកឡើងឲ្យដឹងថា បច្ចុប្បន្នលោកយាយមានជំងឺបេះដូង និង ចុករោយ តាមសន្លាក់ដៃជើង ដែលជំងឺនេះបានកើតជាច្រើនឆ្នាំមកហើយ។ ពេលរំភើប ឬ ភ័យរន្ធត់ខ្លាំងពេល តែងតែ រកកលចង់ថប់ដង្ហើម និងស្ទើរតែគាំងបេះដូងម្ដងៗ។
ដោយសារតែមានជំងឺច្រើនមុខពេក ការសម្ដែងសិល្បៈបានធ្លាក់ចុះនារយៈចុងក្រោយ ត្បិតអីកម្មវិធីមួយចំនួន ដែលត្រូវទៅសម្ដែងឆ្ងាយ ឬថតច្រើនម៉ោង អ្នកស្រី មិនហ៊ានទទួលឡើយ ព្រោះមិនមានកម្លាំងដូចមុន។ អ្នកស្រីថា បច្ចុប្បន្ននេះបានកូនប្រុស (វណ្ណា ស័ក្ត) ជាអ្នករកចិញ្ចឹម ចំណែកលោកយាយ មានត្រឹមតែទៅសម្ដែង កំប្លែងម្ដងម្កាលនៅស្ថានីយទូរទស្សន៍បាយ័ន និងនៅ តាមភោជនីយដ្ឋាន "បុប្ផារាត្រី" ដោយ១យប់បានតែជាង១០ ដុល្លារប៉ុណ្ណោះ ។
បច្ចុប្បន្នតារាកំប្លែងដែលប្រឡូកសិល្បៈស្ទើរតែ១ជីវិតរបស់ខ្លួន ហើយមិនទាន់មានជម្រកដែលជាកម្មសិទ្ធិផ្ទាល់ខ្លួននេះ ក្រៅពីប្រឹងរកប្រាក់ដើម្បីក្រពះ នឹង ថ្លៃថ្នាំព្យាបាលខ្លួនឯង លោកយាយត្រូវធានារ៉ាប់រងចិញ្ចឹម ចៅរហូតដល់ទៅ៧នាក់ឯណោះ៕
អត្ថបទ៖ ខុត សីហា