អ៊ុន សិទ្ធា មានឈុតក្ដៅសាច់ជាមួយ ឌុច លីដា ក្នុងរឿងថ្មី
- 2015-11-05 17:53:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ុន សិទ្ធា មានឈុតក្ដៅសាច់ជាមួយ ឌុច លីដា ក្នុងរឿងថ្មី
ចន្លោះមិនឃើញ
តារាសម្ដែង លោក អ៊ុន សិទ្ធា បានថ្លែងឲ្យ Sabay ដឹងថា នៅក្នុងរឿង “ប៉ុបពីទៅហូលីវូដ Poppy Goes to Hollywood” ដែលលោកទើបតែថតបញ្ចប់កាលពីពេលថ្មីៗនេះ លោកមានឈុតក្ដៅសាច់មួយជាមួយតួឯកស្រីកញ្ញា ឌុច លីដា។
ត្រង់ឈុតក្ដៅសាច់នេះ លោក អ៊ុន សិទ្ធា មិនបានប្រាប់លំអិតឡើយ ប៉ុន្តែលោកបានបង្ហើបត្រួសៗថា នៅក្នុងរឿង “ប៉ុបពីទៅហូលីវូដ” លោកតែងខ្លួនជាប្រុសផង ជាភេទទី៣ផង ។ ក្នុងតួអង្គជាមនុស្សប្រុស លោកមានឈ្មោះថា មុន្នី ហើយនៅពេលដែលដល់វគ្គ តែងខ្លួនជា ភេទទី៣ មានឈ្មោះថា "ប៉ុបពី" ។ តារាសម្ដែងរូបនេះបានបន្តឲ្យដឹងថា នៅត្រង់ប្លង់មួយ កញ្ញា ឌុច លីដា មិនបានដឹងថា លោកជាមនុស្សប្រុសទេ ព្រោះពេលនោះលោកបានតែងខ្លួនជាមនុស្សស្រីភេទទី៣។ ដូច្នេះ ឌុច លីដា បានឲ្យលោកគេងជាមួយ ដោយគិតថា ជាភេទទី៣។ គ្រានោះហើយដែលលោកមានអារម្មណផ្លូវភេទជាមួយតួឯកស្រី ដែលនាំឲ្យមានឈុតក្ដៅសាច់នោះ។
លោក អ៊ុន សិទ្ធា សូមមិនបង្ហាញលំអិតជាងនេះទៀតទេ ព្រោះខ្លាចប៉ះពាល់ដល់សាច់រឿងទាំងមួល ដោយលោកស្នើឲ្យទស្សនិកជនរង់ចាំទស្សនា ពេលដែលខ្សែភាពយន្តមួយនេះ ចាក់បញ្ចាំងចុះ។
តារារូបនេះលើកឡើងថា ដោយសារតែកន្លងមក លោកមិនធ្លាប់សម្ដែងរឿងជាភេទទី៣ ការសម្ដែងមានភាពលំបាកខ្លះៗ តែបែបនេះក្ដី ដោយមានការបង្ហាត់បង្ហាញពីក្រុមភេទទី៣ជាច្រើនចូលរួមសម្ដែងជាមួយ ការសម្ដែងរបស់លោកមិនចោទជាបញ្ហាឡើយ។ លោក សង្ឃឹមយ៉ាងមុតមាំថា ខ្សែភាពយន្តមួយនេះ នឹងទទួលបានគាំទ្រច្រើនជាក់ជាមិនខាន ត្បិតអីរឿងមួយនេះ អ្នកដឹកនាំបានសម្រិតសម្រាំងជាខ្លាំង ហើយតារាសម្ដែងក៏សុទ្ធតែ តារាល្បីៗស្រាប់។
រឿង “ប៉ុបពីទៅហូលីវូដ” គឺជាខ្សែភាពយន្តខ្នាតធំ និយាយពីមនុស្សភេទទី ៣ មួយក្រុម ត្រូវបានសង្គមរើសអើង ដោយក្នុងរឿងទាំងមូល មានឈុតឆាកកំប្លែង លាយមនោសញ្ចេតនា ស្នេហា ជាដើម។ តារាសម្ដែងនៅក្នុងរឿងមានដូចជា ឌុច លីដា អ៊ុន សិទ្ធា ប៉ុបពី ប៉ីប៉ីឌី នាយ សានម៉ៅ លោក ភីម៉ៃ និងតារាកិត្តិយស ជាច្រើននាក់ទៀត។ អ៊ុន សិទ្ធា ប៉ុបពី ប៉ីប៉ីឌី នាយ សានម៉ៅ លោក ភីម៉ៃ ត្រូវសម្ដែងជាភេទទី ៣ ។
រឿងមួយនេះផលិតឡើងក្រោមការសហការគ្នា រវាងក្រុមហ៊ុន ៣ មាន ផលិតកម្ម 802AD ផលិតកម្ម Rock និងក្រុមហ៊ុន Sabay Digital Corporation ។ ក្រោយពីថតចប់ រឿងមួយនេះគ្រោងចាក់បញ្ចាំងនៅដើមឆ្នាំ ២០១៦ នៅតាមរោងភាពយន្តទំនើបនានា ក្នុងរាជធានីភ្នំពេញ៕
អត្ថបទ៖ ខុត សីហា