យ៉ាដាវ មាន​ជាង១០ក្បាច់ ត្រៀម​រឿង​ថ្មី

  • 2015-11-06 14:51:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង ​កញ្ញា អេន យ៉ាដាវ បាន​និយាយ​ប្រាប់ Sabay ថា នាង​ទើប​តែ​ហាត់​ក្បាច់​គុន​ខ្មែរ​ចេះ​ជាង​១០​ក្បាច់ ដើម្បី​ត្រៀម​ថត​ខ្សែភាពយន្ត​ថ្មី​មួយ។

 

 

ខ្សែភាពយន្ត​ដែល យ៉ាដាវ ត្រៀម​ថត​នោះ​មាន​ចំណង​ជើង​​ថា "វិស្សមកាល​មរណៈ" ដែល​​ជា​វណ្ណកម្ម​របស់​ផលិតកម្ម​ចក្រវាឡពេជ្រ​ភាពយន្ត ។ ខ្សែភាពយន្ត ​មួយ​នេះ និយាយ​ពី​​ការ​ស្រាវ​ជ្រាវ​របស់​សិស្ស​មួយ​ក្រុម បាន​ជួប​ឧបទ្ទវហេតុ​ជា​ច្រើន លើ​កិច្ចការ​ស្រាវជ្រាវ​របស់​ខ្លួន ដោយ​នៅ​ក្នុង​នោះ មាន​ឈុត​ឆាក​គ្រប់​រសជាតិ រួម​មាន​ស្នេហា សើច​សប្បាយ កម្សត់ និង  ភ័យរន្ធត់​ជា​ដើម ។ ក្បាច់​គុន​ខ្មែរ​ជា​ច្រើន​​ប្រភេទ ត្រូវ​បាន​បញ្ចូល​​ក្នុង​រឿង​នេះផង​ដែរ។

 

យ៉ាដាវ មិន​បាន​ចាំ​ឈ្មោះ​ក្បាច់​គុនដែល​នាង ហាត់​ទាំង​អស់​ឡើយ​តែ​នាង​​បាន​ហាត់​រៀន​​​ខ្លះៗ តែ​នាង​​បាន​រៀប​រាប់​​ឲ្យ​ដឹង​ថា  មាន​ក្បាច់ ហនុមាន​​ជ្រែក​ពពក, ហនុមាន​លេង​កន្ទុយ, ហនុមាន​គ្រង​ព្រះ​ខណ្ឌ​ជា​ដើម។

 

យ៉ាដាវ បាន​បន្ត​ឲ្យ​ដឹង​ថា ខ្សែភាពយន្ត​មួយ​នេះ​ នាង​សម្ដែង​តួអង្គ​ស៊ើបអង្កេត​សិច​ស៊ី​ម្នាក់ ហើយ​ចេះ​វ៉ៃទាត់​ធាក់  ជា​មួយ​គ្នា​នោះ តារា​​សម្ដែង​ជា​ច្រើន​ទៀត​ក៏​សុទ្ធតែ​ចេះ​វ៉ៃ​ដូច​គ្នា​ដែរ។

 

 

រឿង "វិស្សមកាល​មរណៈ" តារា​សម្ដែង​មាន​ដូច​ជា នី មុន្នីនាថ កញ្ញា យ៉ាដាវ អ្នក​នាង ឆ័យលី ដាឡែន  ថន លក្ខិណា  នាង​ខ្ញុង ចាន់​តារាទី លោក ថៃ ប៊ុនាង លោក ហម ឈរ៉ា លោក សាយ សៀរ៉ា និង សិល្បករ​សិល្ប​ការិនី​ជា​ច្រើន​ទៀត។

 

 

តារា​សម្ដែង​ម្នាក់​នេះ​ថ្លែង​ថា ដោយសារ​​តែ​តារា​សម្ដែង​​មួយ​ចំនួន​ធំ​នៅ​ក្នុង​រឿង​នេះ មិន​ចេះ​ក្បាច់​គុនម្ចាស់​ផលិតកម្ម​ បាន​ជួល​គ្រូ​បង្ហាត់​ក្បាច់​គុន​ខ្មែរ  ឲ្យ​មក​​ជួយ​បង្ហាត់។ កន្លង​មក យ៉ាដាវ មិន​​ធ្លាប់​ហាត់​ក្បាច់​គុន​នេះ​ឡើយ​ទេ នាង​ថា ទម្រាំ​ចេះ​ក្បាច់​គុន​ជាង១០ក្បាច់​នេះ ឈឺ​​ចុកចាប់​ស្ទើរ​ពេញ​រាង​កាយ តែ​បែប​នេះ​ក្ដី​នាង​ត្រូវ​​ខំប្រឹង​មិន​ឲ្យ​អ្នក​ដឹក​នាំ​រឿង ខក​បំណង​ឡើយ។

 

ទោះបី​បាន​អះអាង​ថា បាន​ចេះ​ក្បាច់​គុនរហូត​ដល់​ទៅ​ជាង​១០ក្បាច់​បែប​នេះ​ក្ដី ប៉ុន្តែ​តារា​ស្រី​ម្នាក់​នេះ​ទទួល​ស្គាល់​ថា ខ្លួន​វ៉ៃ​មិន​ទាន់​បាន​ល្អ​នៅ​ឡើយ ហើយ​បច្ចុប្បន្ន​នេះ កំពុង​តែ​ហាត់​សម​ថែម​ទៀត ដើម្បី​ឲ្យ​សម្ដែង​ទៅ​បាន​ល្អ៕

 

អត្ថបទ៖ ខុត សីហា