យុវជន U17 ថ្មីរបស់បឹកកេតអង្គរ២៨នាក់ចាប់ផ្ដើមហ្វឹកហាត់ ត្រៀមជម្រុះបន្ត
- 2015-11-10 22:25:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវជន U17 ថ្មីរបស់បឹកកេតអង្គរ២៨នាក់ចាប់ផ្ដើមហ្វឹកហាត់ ត្រៀមជម្រុះបន្ត
ចន្លោះមិនឃើញ
យុវជនក្រោមអាយុ១៧ឆ្នាំ (U17) ចំនួន២៨នាក់ដែលក្លិបបឹងកេតអង្គរបានធ្វើតេស្ដ២ដងរួចមកហើយនោះ នឹងចាប់យុទ្ធនាការហ្វឹកហាត់លើទីលានស្មៅសិប្បនិមិត្ត BTB បឹងត្របែក ចាប់ពីថ្ងៃនេះតទៅ ដោយក្នុងមួយថ្ងៃហាត់២ម៉ោង ពីម៉ោង៣:០០នាទីដល់ម៉ោង៥:០០នាទីល្ងាច។
លោក មាស កក្កដា ដែលជាអ្នកបង្វឹកក្រុមយុវជនទាំងអស់ខាងលើ បានបញ្ជាក់ប្រាប់ថាចំនួន២៨នាក់នេះនឹងអាចជម្រុះបន្តទៀតទៅថ្ងៃមុខ ដោយហាត់ជុំគ្នារយៈពេល២ទៅ៣សប្ដាហ៍សិន រួចមកនឹងធ្វើការប្រកួតជាមួយក្រុមផ្សេង (មិនទាន់ច្បាស់ថាក្រុមណា) ដើម្បីមើលជើងឱ្យច្បាស់ កាត់សេចក្ដីថាកីឡាករណាមិនមានសមត្ថភាពគ្រប់គ្រាន់និងត្រូវដកចេញ។
អតីតគ្រូបង្គោលក្រុមអាកាសចរណ៍ស៊ីវិលរូបនេះ បានបន្ថែមទៀតថា៖ “អាកប្បកិរិយា អត្តចរិតនិងកាយវិការជារឿងសំខាន់ក្នុងវិស័យបាល់ទាត់។ បើកីឡាករណាមានសមត្ថភាពហើយ តែចរិតមិនល្អ នោះយើងក៏មិនអាចយកគេបានដែរ។ រយៈពេលហ្វឹកហាត់នេះ ជាឱកាសល្អហើយសម្រាប់យុវជនទាំងអស់”។
នេះជាជំហានថ្មីមួយ សម្រាប់ក្រុមបឹងកេតអង្ករក្នុងការបណ្ដុះឈុតយុវជនរបស់ខ្លួន ខណៈដែលក្លិបផ្សេងទៀតដូចជាភ្នំពេញក្រោន ស្វាយរៀងអីជាដើមនោះ ក៏បានបង្កើតឈុតយុវជននេះរួចជាស្រេចហើយដែរ។ មួយវិញទៀត ខាងសហព័ន្ធបាល់ទាត់ក៏មានគម្រោងបង្កើតលីកលំដាប់ទី២ ដើម្បីឱ្យក្រុមយុវជនបានបង្ហាញសមត្ថភាពដណ្ដើមយកពានក្នុងឆ្នាំ២០១៦ខាងមុខនេះដែរ៕
អត្ថបទ៖ មុន្នី រម្យ រូបភាព៖ FB ក្លិបបឹងកេតអង្គរ