ភឿន ស្រីពៅ កំពុង​ស្មូត​ឲ្យ​និស្សិត​អាមេរិក​ស្ដាប់​រាប់ពាន់​នាក់

  • 2015-11-13 13:12:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ពិធី​ការិនី​កម្មវិធី​ព្រះ​ពុទ្ធសាសនា​របស់ទូរទស្សន៍ CTN និង My TV កញ្ញា ភឿន ស្រីពៅ បាន​ប្រាប់ ​ថា បច្ចុប្បន្ន​នាង​កំពុង​តែ​បំពេញ​បេសកកម្ម​​​ស្មូត​ឲ្យ សាកលវិទ្យាល័យ​ជា​ច្រើន​នៅ សហរដ្ឋអាមេរិក ដោយ​ការ​ស្មូត​ម្ដងៗ​មាន​និស្សិត​ចូល​រួម​ស្ដាប់ រហូត​ដល់​ទៅ​រាប់ពាន់​នាក់​ឯណោះ។

 

 

ឆ្លើយ​ឆ្លង​ជា​មួយ Sabay តាម​រយៈ​បណ្ដាញ​​ទំនាក់ទំនង​សង្គម កញ្ញា ភឿន ស្រីពៅ បាន​ប្រាប់​ថា នាង​បាន​​​មក​សហរដ្ឋអាមេរិក កាល​ពី​ដើម​ខែ វិច្ឆិកា​នេះ ក្រោម​​ការ​ធានា​ពី​សាកលវិទ្យាល័យ​ University of California, Berkeley ។ រយៈពេល​នៃ​ដំណើរ​មក​ផ្សព្វផ្សាយ​​​ធម៌​​ស្មូត​របស់​ព្រះពុទ្ធសាសនា​នេះ មាន​​រយៈ​ពេល២សប្ដាហ ហើយ​នៅ​ថ្ងៃ១៧ ខែ វិច្ឆិកា ខាង​មុខ​នេះ នាង​នឹង​ត្រឡប់​មក​ស្រុក​កំណើត​វិញ។

 

អតីត​ពិធី​ការិនី​ដែល​ល្បី​ខាង​ស្មូត​​មាន​សំឡេង​ពីរោះ​ម្នាក់​នេះ​ បាន​​​ឲ្យ​ដឹង​​បន្ថែម​ទៀត​ថា ជាង​១សប្ដាហ៍​ដែល​នាង​បាន​មក​ស្មូត​ មាន​ការ​ចូលរួម​​ស្ដាប់​ជា​​ច្រើន​ពី​សិស្ស​​និស្សិត  ដែល​ការ​ស្មូត​ម្ដងៗ​មាន​អ្នក​ចូល​រួម​រាប់ពាន់​នាក់​​ឯណោះ ។ ការ​ស្មូត ស្រីពៅ បាន​ធ្វើ​ឡើង ជា​ភាសា​ខ្មែរ​នឹង​​មាន​ការ​បក​ប្រែ​ជា​ភាសា​អង់គ្លេស។ គ្រប់​ខ្លឹមសារ​នៃ​​ធម៌​ស្មូត គឺ​ក្នុង​ន័យ​អប់រំ​ផ្លូវ​ចិត្ត ដែល​អាច​ផ្ដល់​សន្តិភាព​ផ្លូវ​ចិត្ត នឹង​សេចក្ដី​សង្ឃឹម​ជា​ដើម ដល់​មនុស្ស​គ្រប់​រូប។

 

កញ្ញា ភឿន ស្រីពៅ បាន​លើក​​ឡើង​ថា  សកម្មភាព​ចេញ​​ផ្សាយ​នៅ​លើ​ពិភពលោក​នេះ គឺ​ជា​​បំណង​ប្រាថ្នា​របស់​នាង​ធំ​បំផុត ក្នុង​នាម​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា ហើយ​នាង​ប្ដេជ្ញា​ចិត្ត​ថា នឹង​ខំប្រឹង​បន្ថែម​ទៀត ដើម្បី​ឲ្យ​ការងារ​នេះ ដំណើរ​ការ​បាន​ល្អ។

 

 

នេះ​មិន​មែន​ជា​លើក​ទី១​ទេ ដែល​ស្រីពៅ បាន​មក​ស្មូត​នៅ​សហរដ្ឋអាមេរិក តាម​ការ​រៀប​រាប់ គឺ​ជា​លើក​ទី៧​ហើយ។  ជា​មួយ​គ្នា​នេះ​ដែរ អូស្ត្រាលី ឥណ្ឌា នេប៉ាល់ តៃវ៉ាន់ ថៃ ជា​ដើម ក៏​នាង​ធ្លាប់​បាន​ទៅ​ជា​ច្រើន​​លើក​មក​ហើយ។

 

កញ្ញា ភឿន ស្រីពៅ បច្ចុប្បន្ន​មាន​វ័យ២៥ឆ្នាំ  នាង​បាន​​ឈប់​​​ពី​កម្មវិធី​ព្រះ​ពុទ្ធសាសនា​របស់ CTN និង My TV ជិត១ឆ្នាំ​​មក​ហើយ ។ ក្រៅ​ពី​ការ​ស្មូត​នាង គឺ​ជា​ម្ចាស់​​ហាង​លក់ សម្ភារៈ​បុណ្យ​ទាន​ល្បី​ឈ្មោះ​មួយ​ដែល​មាន​យីហោ “ស្រីពៅ​ស្មូត”  ៕

 

 

 

 

អត្ថបទ៖ ខុត សីហា

អត្ថបទពេញនិយម
អត្ថបទថ្មី