Oh My Ghost! រឿង​ខ្មោច​កំប្លែង ផ្ទុះ​​សំណើច​សើច​​​​ពី​ដើម​ដល់​ចប់​​​

  • 2015-11-19 20:23:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​យន្ត​​​​ថៃ​បែប​កំប្លែង​​លាយ​រន្ធត់​ "Oh My Ghost" បាន​មក​ដល់​រោងភាពយន្ត Platinum ផ្សារទំនើប​សូរិយា​ហើយ​ ដែល​នឹង​​ចាក់​បញ្ចាំង​នា​ថ្ងៃ​ទី២៣ វិច្ឆិកា​ ឆ្នាំ​​២០១៥​ ខាង​មុខ​ត​ទៅ។

 

"Oh My Ghost​" ​ចូល​រួម​សម្ដែង​ដោយ​តារា​​កំប្លែង​ថៃ​​​​ក្រមិចក្រមើម​ Kohtee ដោយ​សាច់​រឿង​ផ្ដើម​ចេញ​ពី​រឿង​ហេតុ​​ដែល​បាន​កើត​ឡើង​ក្នុង​​​វិទ្យាល័យ​មួយ។

 

អតីត​អ្នក​គ្រូ​បង្រៀន​​ម្នាក់​ឈ្មោះ​ចន្ធូ​​ ត្រូវ​បាន​​គេ​សម្លាប់​​ក្នុង​អាគារ​ចាស់​អាថ៌កំបាំង​មួយ​​​ក្នុង​បរិវេណ​សាលា​​ក្បែរ​អាគារ​សិក្សា​របស់​សិស្ស។ គ្មាន​នរណា​ម្នាក់​ហ៊ាន​ចូល​ទៅ​ក្នុង​អាគារ​នោះ​ឡើយ​ដោយ​ខ្លាច​ព្រលឹង​ខ្មោច​អ្នក​គ្រូ​ចន្ធូ​​​ចេញ​មក​លង​នៅ​ពេល​យប់។

 

  ទោះ​ជា​យ៉ាង​ណា​អតីត​​​សិស្ស​​​ធ្លាប់​រៀន​នៅ​វិទ្យាល័យ​នោះ​ ដែល​បច្ចុប្បន្ន​ជា​​ក្រុម​ខ្ទើយ​លំដាប់​កំពូល​ត្រូវ​បាន​សិស្ស​ប្អូន​រៀន​នៅ​វិទ្យាល័យ​​ពឹង​ពាក់​​​​​ឲ្យ​មក​ជួយ​ស្វែង​រក​ការ​ពិត​ជុំ​វិញ​ការ​ស្លាប់​របស់​អ្នក​គ្រូ​ចន្ធូ។ ក្នុង​នាម​​ជា​រៀម​ច្បង​នៅ​វិទ្យាល័យ​ និង​ជា​ក្រុម​ខ្ទើយ​ដែល​មាន​ សមាជិក ឈ្មោះ ​អ្នក​នាង ​Pancake អ្នក​នាង​តែវ និង​កូន​ប្រុស​ឈ្មោះ​អា​ដំឡូង​មក​ផង​ ជា​មួយ​សមាជិក​ខ្ទើយ​ផ្សេង​ទៀត​ បាន​ទៅ​បំពេញ​បេសកកម្ម​តាម​សំណើ​សិស្ស​ប្អូន​នៅ​វិទ្យាល័យ​​ ដោយ​ចូល​ទៅ​ក្បែរ​អាគារ​ចាស់​អាថ៌កំបាំង​នោះ។

  ក្នុង​ការ​បេសកកម្ម​រក​ឲ្យ​ឃើញ​​ការ​ពិត​នៃ​ការ​​ស្លាប់​​របស់​អ្នក​គ្រូ​ចន្ធូ ទាំង​ក្រុម​ខ្ទើយ​​សិស្ស​ច្បង​​ និង​សិស្ស​ប្អូន​រួម​ទាំង​បុគ្គលិក​​​នៅ​សាលា ​​​ក៏​ត្រូវ​ខ្មោច​អ្នក​គ្រូ​ចន្ធូ​លង​ប៉ះ​សក់​​ផង​ ឈ្លោះ​​​គ្នា​​​ផង ដែល​បង្ក​ជា​បរិយាកាស​កំប្លែង​បន្ត​​ជា​​ហូរ​ហែ...។

 

ចង់​ដឹង​ថា​ចុង​បញ្ចប់​នៃ​សាច់​រឿង​ខ្មោច​​​​តែ​កំប្លែង​​នឹង​ទៅ​ជា​យ៉ាង​ណា សូម​​​ទស្សនា​​នៅ ​Platinum Cineplex សូរិយា​ទាំង​អស់​គ្នា​ចាប់​ពី​ថ្ងៃ​ទី​២៣ វិច្ឆិកា​តទៅ។

 

ក្នុង​កម្មវិធី​សម្ពោធ​រឿង​ម្សិល​មិញ​នេះ​ មាន​អ្នក​ចូល​​រួម​ទស្សនា​ជា​ច្រើន​ និង​មាន​ការ​សម្តែង​​ពី​ក្រុម​រាំ​ និង​ច្រៀង ការ​ចាប់​​រង្វាន់​ បង្ក​ជា​បរិយាកាស​​រីក​រាយ​មុន​​នឹង​ចាក់​​បញ្ចាំង​ភាព​យន្ត​កំប្លែង "Oh My Ghost" ផង​ដែរ៕

 

  អត្ថបទ៖ មាន រតនា​​​​​​​​​​​

អត្ថបទពេញនិយម
អត្ថបទថ្មី